អ្នករាល់គ្នានឹកស្មានថាខ្លួនអាចគោរពថ្វាយបង្គំព្រះដែលធ្វើពីឈើ និងពីថ្ម ដូចប្រជាជាតិ និងជាតិសាសន៍នៅតាមស្រុកនានានោះឬ? ទេ ធ្វើដូច្នេះ មិនបានជាដាច់ខាត! យើងជាព្រះដែលមានជីវិតគង់នៅ -នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់ - យើងនឹងគ្រងរាជ្យលើអ្នករាល់គ្នា យើងនឹងដាក់ទោសអ្នករាល់គ្នា ដោយឫទ្ធិបារមីដ៏ខ្លាំងក្លារបស់យើង។ យើងនឹងនាំអ្នករាល់គ្នាចេញពីក្នុងចំណោមជាតិសាសន៍ទាំងឡាយ យើងនឹងប្រមូលអ្នករាល់គ្នា ពីស្រុកដែលយើងកម្ចាត់កម្ចាយអ្នករាល់គ្នាឲ្យទៅនោះ ហើយយើងនឹងដាក់ទោសអ្នករាល់គ្នាដោយឫទ្ធិបារមីដ៏ខ្លាំងក្លារបស់យើង។ យើងនឹងនាំអ្នករាល់គ្នាទៅវាលរហោស្ថានដាច់ឡែកពីជាតិសាសន៍នានា នៅទីនោះ យើងនឹងវិនិច្ឆ័យទោសអ្នករាល់គ្នា មុខទល់នឹងមុខ។ យើងនឹងវិនិច្ឆ័យទោសអ្នករាល់គ្នា ដូចយើងធ្លាប់វិនិច្ឆ័យទោសដូនតារបស់អ្នករាល់គ្នានៅវាលរហោស្ថានស្រុកអេស៊ីបដែរ - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។ យើងនឹងដាក់អ្នករាល់គ្នានៅក្រោមអំណាចរបស់យើង ហើយបង្ខំអ្នករាល់គ្នាឲ្យគោរពតាមសម្ពន្ធមេត្រី។ យើងនឹងដកជនបះបោរ ព្រមទាំងអស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិតប្រឆាំងនឹងយើង ចេញពីចំណោមអ្នករាល់គ្នា។ យើងនឹងយកពួកគេចេញពីស្រុកដែលពួកគេទៅរស់នៅតែពួកគេ មិនវិលត្រឡប់ទៅកាន់ទឹកដីអ៊ីស្រាអែលវិញឡើយ។ ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់មែន»។ រីឯអ្នករាល់គ្នាវិញ ជនជាតិអ៊ីស្រាអែលអើយ ព្រះជាអម្ចាស់មានព្រះបន្ទូលថា: «ទៅ! នាំគ្នាថ្វាយបង្គំព្រះក្លែងក្លាយរបស់អ្នករាល់គ្នារៀងៗខ្លួនទៅ! នៅពេលក្រោយ អ្នករាល់គ្នាត្រូវតែស្ដាប់បង្គាប់យើង អ្នករាល់គ្នានឹងលែងប្រមាថនាមរបស់យើង ដោយការសែនព្រេនព្រះក្លែងក្លាយទៀតហើយ ដ្បិតជនជាតិអ៊ីស្រាអែលទាំងមូលដែលរស់នៅក្នុងស្រុក នឹងគោរពបម្រើយើងនៅលើភ្នំដ៏វិសុទ្ធរបស់យើង គឺភ្នំដ៏ខ្ពស់នៅស្រុកអ៊ីស្រាអែល - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។ យើងពេញចិត្តនឹងទទួលអ្នករាល់គ្នានៅលើភ្នំនោះ ព្រមទាំងទទួលតង្វាយផលដំបូង និងអ្វីៗផ្សេងទៀតដែលអ្នករាល់គ្នាញែកទុកសម្រាប់យើង។ កាលយើងនាំអ្នករាល់គ្នាចេញពីចំណោមជាតិសាសន៍ទាំងឡាយ កាលយើងប្រមូលអ្នករាល់គ្នាចេញពីស្រុក ដែលយើងបំបែកអ្នករាល់គ្នាឲ្យទៅនៅនោះមកវិញ យើងពេញចិត្តនឹងទទួលអ្នករាល់គ្នា ព្រមទាំងទទួលយញ្ញបូជាដ៏មានក្លិនឈ្ងុយឈ្ងប់។ ពេលនោះ យើងនឹងសម្តែងឲ្យប្រជាជាតិនានាឃើញថា យើងជាព្រះដ៏វិសុទ្ធ ដោយយើងប្រណីសន្ដោសអ្នករាល់គ្នា។ ពេលយើងនាំអ្នករាល់គ្នាវិលត្រឡប់ទៅកាន់ទឹកដីអ៊ីស្រាអែលវិញ គឺទឹកដីដែលយើងបានលើកដៃសច្ចាថា ប្រគល់ឲ្យដូនតារបស់អ្នករាល់គ្នា នោះអ្នករាល់គ្នានឹងទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់មែន។ នៅទីនោះ អ្នករាល់គ្នានឹងនឹកឃើញអំពីកិរិយាមារយាទ និងអំពើទាំងប៉ុន្មានដែលអ្នករាល់គ្នាបានធ្វើឲ្យខ្លួនសៅហ្មង អ្នករាល់គ្នានឹកខ្មាសខ្លួនឯង ព្រោះតែអំពើទុច្ចរិតដែលអ្នករាល់គ្នាបានប្រព្រឹត្ត។ ជនជាតិអ៊ីស្រាអែលអើយ យើងនឹងប្រព្រឹត្តចំពោះអ្នករាល់គ្នា ដោយយល់ដល់នាមយើងផ្ទាល់ គឺយើងមិនប្រព្រឹត្តតាមអំពើទុច្ចរិត និងអំពើអាក្រក់របស់អ្នករាល់គ្នាទេ ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់មែន» -នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅ៖ «កូនមនុស្សអើយ ចូរបែរមុខទៅខាងត្បូង ហើយប្រកាសប្រឆាំងនឹងស្រុកខាងត្បូងទៅ! ចូរថ្លែងពាក្យក្នុងនាមយើងប្រឆាំងនឹងព្រៃនៅស្រុកខាងត្បូង! ត្រូវប្រាប់ព្រៃនៅស្រុកខាងត្បូងថា: ចូរស្ដាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់! ព្រះជាអម្ចាស់មានព្រះបន្ទូលថា “យើងនឹងបង្កាត់ភ្លើងនៅក្នុងអ្នក ភ្លើងនេះឆាបឆេះដើមឈើស្រស់ និងដើមឈើងាប់ទាំងប៉ុន្មាន។ ភ្លើងនេះមិនរលត់ឡើយ មនុស្សទាំងអស់នឹងត្រូវរលាកភ្លើង តាំងពីអ្នកស្រុកខាងត្បូងរហូតដល់អ្នកស្រុកខាងជើង។ មនុស្សលោកទាំងអស់នឹងឃើញថា គឺយើងជាព្រះអម្ចាស់ដែលបានបង្កាត់ភ្លើងនេះ ហើយវានឹងមិនរលត់ឡើយ”»។ ខ្ញុំទូលព្រះអង្គថា៖ «បពិត្រព្រះជាអម្ចាស់ អ្នកទាំងនោះតែងតែពោលថា ទូលបង្គំជាអ្នកនិយាយពាក្យប្រស្នា»។
អាន អេសេគាល 20
ស្ដាប់នូវ អេសេគាល 20
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: អេសេគាល 20:32-49
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ