នៅឆ្នាំទីប្រាំពីរ ថ្ងៃទីដប់នៃខែទីប្រាំ មានអ្នកខ្លះក្នុងចំណោមព្រឹទ្ធាចារ្យរបស់ជនជាតិអ៊ីស្រាអែល នាំគ្នាមកសួរព្រះអម្ចាស់ ពួកគេអង្គុយនៅមុខខ្ញុំ។ ពេលនោះ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅ៖ «កូនមនុស្សអើយ ចូរប្រាប់ព្រឹទ្ធាចារ្យរបស់ជនជាតិអ៊ីស្រាអែលថា ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ: “តើអ្នករាល់គ្នាមកនេះ ដើម្បីរកយើងទស្សន៍ទាយឲ្យឬ? អ្នករាល់គ្នានឹកស្មានថា យើងនឹងផ្ដល់ចម្លើយឲ្យអ្នករាល់គ្នាឬ? យើងជាព្រះដែលមានជីវិតគង់នៅ យើងនឹងមិនផ្ដល់ចម្លើយឲ្យអ្នករាល់គ្នាជាដាច់ខាត” - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។ កូនមនុស្សអើយ ចូរវិនិច្ឆ័យពួកគេ ចូរវិនិច្ឆ័យពួកគេទៅ! ចូរប្រាប់ពួកគេឲ្យដឹងនូវអំពើគួរស្អប់ខ្ពើម ដែលដូនតារបស់ពួកគេបានប្រព្រឹត្ត។ ចូរប្រាប់ពួកគេថា ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ: នៅថ្ងៃយើងជ្រើសរើសជនជាតិអ៊ីស្រាអែល យើងបានលើកដៃសច្ចាចំពោះពូជពង្សរបស់លោកយ៉ាកុប ព្រមទាំងសម្តែងឲ្យពួកគេស្គាល់យើងនៅស្រុកអេស៊ីប។ យើងបានលើកដៃសច្ចាថា “យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា”។ នៅថ្ងៃនោះ យើងបានលើកដៃសច្ចាចំពោះពួកគេថា យើងនឹងនាំពួកគេចាកចេញពីស្រុកអេស៊ីប ឆ្ពោះទៅកាន់ស្រុកមួយ ដែលយើងជ្រើសរើសសម្រាប់ពួកគេ គឺជាស្រុកដ៏សម្បូណ៌សប្បាយ និងស្រុកដែលល្អស្អាតជាងគេទាំងអស់។ យើងបានប្រាប់ពួកគេថា “ម្នាក់ៗត្រូវបោះបង់ចោលព្រះដ៏គួរស្អប់ខ្ពើម ដែលទាក់ទាញចិត្តអ្នករាល់គ្នា។ មិនត្រូវឲ្យខ្លួនទៅជាសៅហ្មង ដោយថ្វាយបង្គំព្រះរបស់ស្រុកអេស៊ីបឡើយ។ យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា”។ ប៉ុន្តែ ពួកគេបះបោរប្រឆាំងនឹងយើង មិនព្រមស្ដាប់បង្គាប់យើងទេ គឺគ្មាននរណាម្នាក់លះបង់ចោលព្រះដ៏គួរស្អប់ខ្ពើម ដែលទាក់ទាញចិត្តពួកគេនោះឡើយ ហើយពួកគេក៏មិនព្រមបោះបង់ព្រះក្លែងក្លាយនៃស្រុកអេស៊ីបដែរ។ នៅស្រុកអេស៊ីបនោះ យើងមានបំណងដាក់ទោសពួកគេតាមកំហឹងរបស់យើង រហូតទាល់តែចប់ចុងចប់ដើម។ ប៉ុន្តែ យើងមិនបានបំផ្លាញពួកគេទេ ដើម្បីកុំឲ្យអាប់កេរ្តិ៍ឈ្មោះរបស់យើង នៅចំពោះមុខប្រជាជាតិទាំងឡាយ ដែលពួកគេរស់នៅជាមួយ។ យើងបានសម្តែងឲ្យជនជាតិអ៊ីស្រាអែលស្គាល់យើង នៅចំពោះមុខប្រជាជាតិទាំងនោះ ដោយនាំអ៊ីស្រាអែលចាកចេញពីស្រុកអេស៊ីប។ យើងនាំជនជាតិអ៊ីស្រាអែលចេញពីស្រុកអេស៊ីប ព្រមទាំងដឹកនាំពួកគេនៅវាលរហោស្ថានទៀតផង។ យើងបានប្រគល់ច្បាប់ឲ្យពួកគេ និងនាំពួកគេឲ្យស្គាល់វិន័យរបស់យើង។ អ្នកណាប្រតិបត្តិតាម អ្នកនោះនឹងមានជីវិត។ យើងក៏តាំងឲ្យមានថ្ងៃសប្ប័ទ*ទុកជាទីសម្គាល់សម្រាប់យើង និងពួកគេ ដើម្បីឲ្យពួកគេទទួលស្គាល់ថា យើងជាព្រះអម្ចាស់ដែលប្រោសពួកគេឲ្យវិសុទ្ធ*។ នៅវាលរហោស្ថាន ប្រជាជនអ៊ីស្រាអែលនាំគ្នាបះបោរប្រឆាំងនឹងយើង។ ពួកគេពុំបានប្រតិបត្តិតាមច្បាប់របស់យើង ហើយក៏បដិសេធធ្វើតាមវិន័យរបស់យើង ដែលផ្ដល់ជីវិតឲ្យអស់អ្នកដែលប្រតិបត្តិតាម។ ពួកគេចេះតែរំលោភលើថ្ងៃសប្ប័ទរបស់យើងជានិច្ច។ យើងមានបំណងដាក់ទោសពួកគេ ដោយប្រល័យជីវិតពួកគេឲ្យវិនាសសូន្យ នៅវាលរហោស្ថាន តាមកំហឹងរបស់យើង។ ក៏ប៉ុន្តែ យើងមិនបានបំផ្លាញពួកគេទេ ដើម្បីកុំឲ្យអាប់កេរ្តិ៍ឈ្មោះរបស់យើងនៅចំពោះមុខប្រជាជាតិទាំងឡាយ ដែលបានឃើញយើងនាំអ៊ីស្រាអែលចាកចេញពីស្រុកអេស៊ីប។ នៅវាលរហោស្ថាន យើងក៏លើកដៃសច្ចាចំពោះពួកគេថា យើងនឹងមិននាំពួកគេចូលទៅក្នុងស្រុកដែលយើងបានប្រគល់ឲ្យពួកគេនោះឡើយ គឺស្រុកដ៏សម្បូណ៌សប្បាយ និងស្រុកដែលល្អស្អាតជាងគេទាំងអស់។ យើងធ្វើដូច្នេះ មកពីពួកគេមើលងាយវិន័យរបស់យើង មិនធ្វើតាមច្បាប់របស់យើង ព្រមទាំងរំលោភលើថ្ងៃសប្ប័ទរបស់យើងទៀតផង ពួកគេជំពាក់ចិត្តនឹងព្រះក្លែងក្លាយរបស់ខ្លួនជានិច្ច។ ប៉ុន្តែ យើងមានចិត្តអាណិតមេត្តាពួកគេ យើងពុំបានកម្ទេច និងប្រល័យជីវិតពួកគេ ឲ្យវិនាសសូន្យនៅវាលរហោស្ថានទេ។ យើងបានប្រាប់កូនចៅរបស់ពួកគេ នៅវាលរហោស្ថានថា “កុំធ្វើតាមច្បាប់ និងគោរពតាមវិន័យរបស់ដូនតាអ្នករាល់គ្នា ហើយក៏មិនត្រូវបណ្តោយឲ្យខ្លួនសៅហ្មង ព្រោះតែព្រះក្លែងក្លាយរបស់ពួកគេដែរ។ យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ចូរធ្វើតាមច្បាប់ និងគោរពពាក្យបង្គាប់របស់យើង គឺត្រូវប្រតិបត្តិតាមជានិច្ច។ ចូរចាត់ទុកថ្ងៃសប្ប័ទ*របស់យើងជាថ្ងៃដ៏វិសុទ្ធ ដ្បិតថ្ងៃសប្ប័ទនេះជាទីសម្គាល់សម្រាប់យើង និងអ្នករាល់គ្នា ដើម្បីរំឭកឲ្យដឹងថា យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា”។ ប៉ុន្តែ អ្នកទាំងនោះបានបះបោរប្រឆាំងនឹងយើងដែរ។ ពួកគេពុំធ្វើតាមច្បាប់របស់យើងទេ ពួកគេក៏ពុំបានគោរព និងប្រតិបត្តិតាមវិន័យរបស់យើង ដើម្បីឲ្យមានជីវិតដែរ។ ពួកគេរំលោភលើថ្ងៃសប្ប័ទរបស់យើង។ យើងមានបំណងដាក់ទោសពួកគេនៅវាលរហោស្ថាន តាមកំហឹងរបស់យើងទាល់តែអស់ចិត្ត។ ផ្ទុយទៅវិញ យើងបានដូរគំនិត គឺយើងមិនដាក់ទោសពួកគេទេ ដើម្បីកុំឲ្យអាប់កេរ្តិ៍ឈ្មោះរបស់យើង នៅចំពោះមុខប្រជាជាតិទាំងឡាយដែលបានឃើញយើងនាំអ៊ីស្រាអែលចាកចេញពីស្រុកអេស៊ីប។ នៅក្នុងវាលរហោស្ថាននោះ យើងក៏បានលើកដៃសច្ចាថា យើងនឹងបំបែកពួកគេទៅក្នុងចំណោមប្រជាជាតិទាំងឡាយ ព្រមទាំងកម្ចាត់កម្ចាយពួកគេឲ្យទៅរស់នៅតាមស្រុកនានាទៀតផង ព្រោះពួកគេពុំបានធ្វើតាមបង្គាប់វិន័យរបស់យើង ហើយបោះបង់ចោលច្បាប់ និងរំលោភលើថ្ងៃសប្ប័ទរបស់យើង ព្រមទាំងជំពាក់ចិត្តនឹងព្រះក្លែងក្លាយរបស់ដូនតាខ្លួន។ ហេតុនេះ យើងក៏ប្រគល់ច្បាប់មិនល្អដល់ពួកគេ ហើយឲ្យពួកគេធ្វើតាមវិន័យ ដែលពុំផ្ដល់ឲ្យពួកគេមានជីវិត។ យើងធ្វើឲ្យពួកគេទៅជាសៅហ្មង ដោយសារតង្វាយរបស់ខ្លួន គឺនៅពេលគេយកកូនច្បងរបស់ខ្លួនទៅដុតជាយញ្ញបូជា។ យើងចង់ឲ្យពួកគេវិនាសហិនហោច ដើម្បីឲ្យពួកគេទទួលស្គាល់ ថាយើងពិតជាព្រះអម្ចាស់មែន។ ហេតុនេះ កូនមនុស្សអើយ ចូរប្រាប់ជនជាតិអ៊ីស្រាអែលថា “ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ: ដូនតារបស់អ្នករាល់គ្នាចេះតែនាំគ្នាប្រមាថយើង ដោយក្បត់ចិត្តយើង។ យើងនាំពួកគេចូលទៅក្នុងទឹកដី ដែលយើងបានលើកដៃសច្ចាថា ប្រគល់ឲ្យពួកគេ។ ប៉ុន្តែ ពួកគេបែរជាផ្ដោតចិត្តទៅរកទួលខ្ពស់ៗ ព្រមទាំងដើមឈើទាំងប៉ុន្មានដែលមានស្លឹកពាសពេញ។ ពួកគេនាំគ្នាធ្វើយញ្ញបូជានៅទីនោះ ព្រមទាំងច្រួចស្រាបណ្ដាលឲ្យយើងខឹង។ ពួកគេសែនសំណែនដ៏មានក្លិនឈ្ងុយឈ្ងប់ និងច្រួចស្រាសែនព្រះក្លែងក្លាយ។ យើងបានសួរពួកគេថា តើទួលខ្ពស់ៗជាអ្វី បានជាអ្នករាល់គ្នាធ្វើដំណើរកាត់ពីឆ្ងាយទៅរកកន្លែងនោះ?”។ គេដាក់ឈ្មោះកន្លែងនោះថា “ទីសក្ការៈនៅតាមទួលខ្ពស់ៗ” រហូតមកទល់សព្វថ្ងៃ។ ចូរថ្លែងប្រាប់ជនជាតិអ៊ីស្រាអែលថា ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ: ហេតុអ្វីបានជាអ្នករាល់គ្នាធ្វើឲ្យខ្លួនសៅហ្មង ដោយប្រព្រឹត្តអំពើផិតក្បត់ជាមួយព្រះដ៏គួរស្អប់ខ្ពើម ដូចដូនតារបស់អ្នករាល់គ្នាយ៉ាងនេះ? អ្នករាល់គ្នាធ្វើឲ្យខ្លួនសៅហ្មង ដោយគោរពព្រះក្លែងក្លាយរបស់អ្នករាល់គ្នារហូតមកទល់សព្វថ្ងៃ។ អ្នករាល់គ្នាយកសំណែន និងយកកូនរបស់ខ្លួនទៅដុតជាយញ្ញបូជាសែនព្រះទាំងនោះ។ អ៊ីស្រាអែលអើយ តើអ្នករាល់គ្នាស្មានថា យើងផ្ដល់ចម្លើយឲ្យអ្នករាល់គ្នាឬ? ទេយើងមិនផ្ដល់ចម្លើយឲ្យអ្នករាល់គ្នាឡើយ។ យើងជាព្រះដែលមានជីវិតគង់នៅ! - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។
អាន អេសេគាល 20
ស្ដាប់នូវ អេសេគាល 20
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: អេសេគាល 20:1-31
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ