អេសេគាល 18:1-20

អេសេគាល 18:1-20 គខប

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ចេះ​តែ​សូត្រ​សុភាសិត​នេះ នៅ​លើ​ទឹក​ដី​អ៊ីស្រា‌អែល​ថា “ឪពុក​បរិភោគ​ក្តឹប​ទំពាំង‌បាយជូរ ហើយ​កូន​បែរ​ជា​ឈឺ​ធ្មេញ” ដូច្នេះ? យើង​ជា​ព្រះ​ដែល​មាន​ជីវិត​គង់​នៅ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់ - អ្នក​រាល់​គ្នា​នឹង​លែង​សូត្រ​សុភាសិត​នេះ នៅ​ស្រុក​អ៊ីស្រា‌អែល​ទៀត​ហើយ! ដ្បិត​យើង​ជា​ម្ចាស់​លើ​ជីវិត​របស់​មនុស្ស​ទាំង​អស់ គឺ​ទាំង​ជីវិត​របស់​ឪពុក ទាំង​ជីវិត​របស់​កូន។ អ្នក​ណា​ប្រព្រឹត្ត​អំពើ​បាប អ្នក​នោះ​នឹង​បាត់​បង់​ជីវិត។ ឧបមា​ថា មាន​មនុស្ស​សុចរិត​ម្នាក់​ដែល​ប្រព្រឹត្ត​អំពើ​ត្រឹម​ត្រូវ និង​សុចរិត គឺ​គេ​មិន​ចូល​រួម​បរិភោគ​សំណែន​នៅ​លើ​ភ្នំ មិន​ជំពាក់​ចិត្ត​នឹង​ព្រះ​ក្លែងក្លាយ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល មិន​ប្រព្រឹត្ត​អំពើ​សៅ‌ហ្មង​ជា​មួយ​ប្រពន្ធ​គេ មិន​រួម​បវេណី​ជា​មួយ​ប្រពន្ធ​ក្នុង​ពេល​នាង​មាន​រដូវ មិន​ជិះ‌ជាន់ ឬ​លួច​ទ្រព្យ​សម្បត្តិ​អ្នក​ដទៃ ប្រគល់​របស់​បញ្ចាំ​ទៅ​ម្ចាស់​ដើម ចែក​អាហារ​ឲ្យ​អ្នក​ដែល​ឃ្លាន និង​ចែក​សម្លៀក‌បំពាក់​ដល់​អ្នក​ដែល​គ្មាន​អ្វី​បិទ‌បាំង​កាយ ឲ្យ​ប្រាក់​គេ​ខ្ចី ដោយ​ឥត​យក​ការ ឬ​ទារ​កម្រៃ​ហួស​ហេតុ មិន​ឃុប‌ឃិត​នឹង​អំពើ​អយុត្តិ‌ធម៌ ហើយ​វិនិច្ឆ័យ​គូ​បដិ‌បក្ស​យ៉ាង​ត្រឹម​ត្រូវ ប្រព្រឹត្ត​តាម​ច្បាប់ និង​វិន័យ​របស់​យើង ស្រប​តាម​សេចក្ដី​ពិត។ អ្នក​ប្រព្រឹត្ត​ដូច្នេះ​ពិត​ជា​មនុស្ស​សុចរិត ហើយ​គេ​នឹង​រស់​រាន​មាន​ជីវិត​ជាក់​ជា​មិន​ខាន - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។ ក៏​ប៉ុន្តែ ប្រសិន​បើ​មនុស្ស​សុចរិត​នោះ​មាន​កូន​ប្រុស​ម្នាក់​លួច​ប្លន់ កាប់​សម្លាប់ និង​ប្រព្រឹត្ត​អំពើ​អាក្រក់​បែប​នេះ គឺ​ប្រព្រឹត្ត​ផ្ទុយ​ពី​ឪពុក ដោយ​ចូល​រួម​បរិភោគ​សំណែន​នៅ​លើ​ភ្នំ ប្រព្រឹត្ត​អំពើ​សៅហ្មង​ជា​មួយ​ប្រពន្ធ​គេ ជិះ‌ជាន់​មនុស្ស​ក្រីក្រ​ទុគ៌ត លួច​ទ្រព្យ​សម្បត្តិ​គេ មិន​ប្រគល់​របស់​បញ្ចាំ​ទៅ​ម្ចាស់​ដើម ជំពាក់​ចិត្ត​នឹង​ព្រះ​ក្លែងក្លាយ ហើយ​ប្រព្រឹត្ត​អំពើ​គួរ​ស្អប់​ខ្ពើម​គ្រប់​យ៉ាង ឲ្យ​ប្រាក់​គេ​ខ្ចី ដើម្បី​យក​ការ និង​ទារ​កម្រៃ​ហួស​ហេតុ។ តើ​កូន​របៀប​នេះ​អាច​រស់​បាន​ឬ? ទេ កូន​នោះ​មិន​អាច​រស់​បាន​ឡើយ។ គេ​ត្រូវ​តែ​ស្លាប់ ព្រោះ​តែ​អំពើ​គួរ​ស្អប់​ខ្ពើម​ទាំង​នោះ គេ​ទទួល​ខុស​ត្រូវ​លើ​ការ​ស្លាប់​របស់​ខ្លួន។ ប្រសិន​បើ​មនុស្ស​អាក្រក់​នោះ​មាន​កូន​ប្រុស​ម្នាក់ កូន​ប្រុស​នោះ​ឃើញ​អំពើ​បាប​ទាំង​ប៉ុន្មាន​ដែល​ឪពុក​ប្រព្រឹត្ត​តែ​មិន​យក​តម្រាប់​តាម​ឪពុក គឺ​មិន​ចូល​រួម​បរិភោគ​សំណែន​នៅ​លើ​ភ្នំ មិន​ជំពាក់​ចិត្ត​នឹង​ព្រះ​ក្លែងក្លាយ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល មិន​ប្រព្រឹត្ត​អំពើ​សៅហ្មង​ជា​មួយ​ប្រពន្ធ​គេ មិន​ជិះ‌ជាន់​គេ មិន​រក​ស៊ី​បញ្ចាំ មិន​លួច​ទ្រព្យ​សម្បត្តិ​អ្នក​ដទៃ ចែក​អាហារ​ឲ្យ​អ្នក​ដែល​ឃ្លាន និង​ចែក​សម្លៀក‌បំពាក់​ដល់​អ្នក​ដែល​គ្មាន​អ្វី​បិទ‌បាំង​កាយ មិន​ឃុប‌ឃិត​នឹង​អំពើ​អយុត្តិ‌ធម៌ មិន​ចង​ការ​ប្រាក់ ឬ​ស្វែង​រក​កម្រៃ​ហួស​ហេតុ តែ​ប្រតិបត្តិ​តាម​វិន័យ និង​ប្រព្រឹត្ត​តាម​ច្បាប់​របស់​យើង។ អ្នក​នោះ​នឹង​មិន​ស្លាប់​ព្រោះ​តែ​កំហុស​របស់​ឪពុក​ឡើយ គឺ​គេ​នឹង​រស់​រាន​មាន​ជីវិត​ជាក់​ជា​មិន​ខាន។ ឪពុក​របស់​អ្នក​នោះ​ជា​មនុស្ស​ជិះ‌ជាន់ លួច​ទ្រព្យ​សម្បត្តិ​បងប្អូន ព្រម​ទាំង​ប្រព្រឹត្ត​អំពើ​មិន​គួរ​គប្បី ក្នុង​ចំណោម​ប្រជា‌ជន​របស់​ខ្លួន​ដូច្នេះ គឺ​ឪពុក​នោះ​ហើយ​ដែល​ត្រូវ​ស្លាប់ ព្រោះ​តែ​កំហុស​របស់​ខ្លួន​ផ្ទាល់។ អ្នក​រាល់​គ្នា​សួរ​ថា “ហេតុ​អ្វី​បាន​ជា​កូន​មិន​ទទួល​ទោស​ជំនួស​ឪពុក?” គឺ​មក​ពី​កូន​នោះ​ប្រព្រឹត្ត​តាម​សេចក្ដី​សុចរិត និង​យុត្តិធម៌ កូន​នោះ​គោរព និង​ប្រតិបត្តិ​តាម​ច្បាប់​ទាំង​ប៉ុន្មាន​របស់​យើង ដូច្នេះ គេ​ត្រូវ​រស់​រាន​មាន​ជីវិត។ អ្នក​ណា​ប្រព្រឹត្ត​អំពើ​បាប អ្នក​នោះ​ត្រូវ​ស្លាប់។ កូន​មិន​ត្រូវ​ទទួល​ទោស​ជំនួស​ឪពុក​ទេ ឪពុក​ក៏​មិន​ត្រូវ​ទទួល​ទោស​ជំនួស​កូន​ដែរ។ មនុស្ស​សុចរិត​នឹង​ទទួល​រង្វាន់​តាម​អំពើ​សុចរិត​ដែល​ខ្លួន​ប្រព្រឹត្ត រីឯ​មនុស្ស​ទុច្ចរិត​ក៏​នឹង​ទទួល​ទោស​តាម​អំពើ​ទុច្ចរិត​ដែល​ខ្លួន​ប្រព្រឹត្ត​ដែរ។