ប្រជាជនទាំងមូលបានឮស្នូរផ្គរលាន់ និងសំឡេងត្រែ ព្រមទាំងឃើញផ្លេកបន្ទោរ និងផ្សែងហុយឡើងពីភ្នំ។ ពួកគេភ័យញ័ររន្ធត់ ហើយឈរពីចម្ងាយ។ ពួកគេពោលទៅកាន់លោកម៉ូសេថា៖ «សូមលោកមានប្រសាសន៍មកយើងខ្ញុំផ្ទាល់ចុះ យើងខ្ញុំនឹងស្ដាប់លោក។ ប៉ុន្តែ សូមកុំឲ្យព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់យើងខ្ញុំឡើយ ក្រែងលោយើងខ្ញុំត្រូវស្លាប់»។ លោកម៉ូសេឆ្លើយទៅពួកគេវិញថា៖ «កុំខ្លាចអ្វីឡើយ! ព្រះជាម្ចាស់យាងមកដូច្នេះ ដើម្បីល្បងលអ្នករាល់គ្នា និងឲ្យអ្នករាល់គ្នាគោរពកោតខ្លាចព្រះអង្គ កុំឲ្យអ្នករាល់គ្នាប្រព្រឹត្តអំពើបាប»។ ប្រជាជនឈរពីចម្ងាយ រីឯលោកម៉ូសេវិញ លោកចូលទៅជិតដុំពពកដ៏ក្រាស់ ជាកន្លែងដែលព្រះជាម្ចាស់គង់នៅ។ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរប្រាប់កូនចៅអ៊ីស្រាអែលដូចតទៅ: អ្នករាល់គ្នាបានឃើញផ្ទាល់នឹងភ្នែកថា យើងនិយាយជាមួយអ្នករាល់គ្នាពីលើមេឃមក។ អ្នករាល់គ្នាមិនត្រូវយកមាស ឬប្រាក់ មកធ្វើជារូបព្រះសម្រាប់ថ្វាយបង្គំ ដូចថ្វាយបង្គំយើងឡើយ។ ចូរសង់អាសនៈមួយអំពីដីសម្រាប់យើង។ ចូរយកចៀម និងគោ មកថ្វាយជាតង្វាយដុតទាំងមូល និងយញ្ញបូជាមេត្រីភាព* នៅលើអាសនៈនោះ។ យើងនឹងមកឲ្យពរអ្នកគ្រប់ទីកន្លែង ដែលយើងបង្ហាញឲ្យអ្នកស្គាល់នាមយើង។ ប្រសិនបើអ្នកសង់អាសនៈអំពីថ្ម នោះមិនត្រូវប្រើថ្មដាប់ឡើយ ដ្បិតពេលអ្នកប្រើពន្លាកដាប់ អ្នកនឹងធ្វើឲ្យថ្មទាំងនោះទៅជារបស់មិនវិសុទ្ធ។ មិនត្រូវសង់អាសនៈដែលមានកាំជណ្ដើរឡើយ ដើម្បីកុំឲ្យគេឃើញកេរខ្មាសរបស់អ្នក នៅពេលឡើងកាំជណ្ដើរនោះ»។
អាន និក្ខមនំ 20
ស្ដាប់នូវ និក្ខមនំ 20
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: និក្ខមនំ 20:18-26
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ