នៅកណ្ដាលអធ្រាត្រ ព្រះអម្ចាស់បានប្រហារកូនច្បងទាំងអស់ នៅស្រុកអេស៊ីប គឺចាប់តាំងពីបុត្រច្បងរបស់ព្រះចៅផារ៉ោនដែលគ្រងរាជ្យ រហូតដល់កូនច្បងរបស់អ្នកជាប់គុក ព្រមទាំងកូនដំបូងទាំងប៉ុន្មានរបស់ហ្វូងសត្វដែរ។ នៅយប់នោះ ព្រះចៅផារ៉ោន នាម៉ឺនសព្វមុខមន្ត្រីទាំងអស់ និងជនជាតិអេស៊ីបទាំងអស់ ក្រោកឡើងគ្រប់ៗគ្នា ហើយមានឮសម្រែកទ្រហោយំយ៉ាងខ្លាំង ក្នុងស្រុកអេស៊ីបទាំងមូល ដ្បិតគ្មានផ្ទះណាមួយដែលគ្មានមនុស្សស្លាប់ទេ។ ព្រះចៅផារ៉ោនហៅលោកម៉ូសេ និងលោកអើរ៉ុនមកទាំងយប់ ហើយមានរាជឱង្ការទៅកាន់លោកទាំងពីរថា៖ «ចូរនាំពួកអ៊ីស្រាអែលចេញពីស្រុកយើងជាប្រញាប់ទៅ! ចូរនាំគ្នាទៅបម្រើព្រះអម្ចាស់ ដូចអ្នករាល់គ្នាបានសុំនោះទៅ! ចូរនាំហ្វូងចៀម និងហ្វូងគោទៅជាមួយ តាមសំណូមពររបស់អ្នករាល់គ្នាចុះ! បន្ទាប់មក ចូរឲ្យពរយើងផង!»។ ដោយជនជាតិអេស៊ីបស្មានថា គេមុខជាស្លាប់ទាំងអស់ គេក៏បង្ខំជនជាតិអ៊ីស្រាអែលឲ្យចាកចេញពីស្រុករបស់ខ្លួនជាបន្ទាន់។ ហេតុនេះហើយបានជាជនជាតិអ៊ីស្រាអែលយកម្សៅដែលមិនទាន់ដោរ និងយកផើងសម្រាប់លាយម្សៅរុំនឹងអាវធំ ហើយលីចេញទៅ។ ជនជាតិអ៊ីស្រាអែលធ្វើតាមពាក្យដែលលោកម៉ូសេបានប្រាប់ពួកគេ គឺពួកគេសុំរបស់របរដែលធ្វើពីមាស និងប្រាក់ ព្រមទាំងសុំសម្លៀកបំពាក់ ពីជនជាតិអេស៊ីប។ ព្រះអម្ចាស់បានធ្វើឲ្យជនជាតិអេស៊ីបអនុគ្រោះដល់ប្រជាជនអ៊ីស្រាអែល ដោយប្រគល់នូវអ្វីៗដែលពួកគេសុំ។ ដូច្នេះ ជនជាតិអ៊ីស្រាអែលបានរឹបអូសយកទ្រព្យសម្បត្តិពីជនជាតិអេស៊ីប។ ជនជាតិអ៊ីស្រាអែលធ្វើដំណើរពីក្រុងរ៉ាមសេសទៅក្រុងសិកូត។ ពួកគេមានចំនួនប្រមាណប្រាំមួយសែននាក់ ដោយមិនរាប់ក្មេងៗទេ។ មានប្រជាជនដទៃទៀតជាច្រើនចេញដំណើរទៅជាមួយពួកគេដែរ ព្រមទាំងមានហ្វូងចៀម និងហ្វូងគោ យ៉ាងច្រើនសន្ធឹកសន្ធាប់ទៀតផង។
អាន និក្ខមនំ 12
ស្ដាប់នូវ និក្ខមនំ 12
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: និក្ខមនំ 12:29-38
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ