នាងអេសធើរ ពាក្យលំនាំ
ពាក្យលំនាំ
កណ្ឌគម្ពីរអេសធើរ រៀបរាប់អំពីរបៀបដែលជនជាតិយូដារួចផុតពីការប្រល័យពូជសាសន៍។ ហេតុការណ៍នេះកើតមាននៅជំនាន់ដែលចក្រភពពែរ្សត្រួតត្រាលើមជ្ឈិមបូព៌ាប្រទេស គឺចាប់តាំងពីស្រុកឥណ្ឌារហូតដល់ស្រុកអេត្យូពី។ ជនជាតិយូដាមួយចំនួនធំដែលត្រូវគេកៀរទៅជាឈ្លើយសឹកនៅស្រុកបាប៊ីឡូន ពុំបានវិលត្រឡប់ទៅស្រុករបស់ខ្លួនវិញ ក្រោយពេលជនជាតិបាប៊ីឡូនបែកស្រុក (ឆ្នាំ៥៣៩ មុនគ.ស.) នោះឡើយ។ ជនជាតិយូដាទាំងនោះតែងជួបប្រទះនូវការប្រឆាំងពីសំណាក់ជាតិសាសន៍ផ្សេងៗ ដែលរស់នៅជាមួយពួកគេ ដ្បិតជនជាតិយូដាមានជំនឿសាសនា និងទំនៀមទម្លាប់ខុសប្លែកពីសាសន៍ដទៃ។ កណ្ឌគម្ពីរនេះរៀបរាប់ប្រាប់យើងអំពីវិវាទរវាងលោកហាម៉ាន ជាមហាមន្ត្រីរបស់ព្រះចៅអហាស៊ូរុស និងលោកម៉ាដេកាយ ជាជនជាតិយូដា ដែលបណ្ដាលឲ្យមានគម្រោងការប្រល័យពូជសាសន៍យូដាទាំងមូល។ ប៉ុន្តែ នាងអេសធើរ ជាក្មួយរបស់លោកម៉ាដេកាយ បានឡើងទៅជាមហាក្សត្រិយានី ហើយរំដោះជនជាតិយូដាឲ្យរួចផុតពីការប្រល័យពូជសាសន៍។ ថ្ងៃដែលគេគ្រោងទុកដើម្បីប្រល័យពូជសាសន៍យូដា បានក្លាយទៅជាថ្ងៃដែលជនជាតិយូដាប្រហារជីវិតខ្មាំងសត្រូវរបស់ខ្លួនទៅវិញ ហើយថ្ងៃនោះ ជាដើមកំណើតនៃពិធីបុណ្យមួយរបស់ជនជាតិយូដាឈ្មោះ «បុណ្យពួរីម»។
កណ្ឌគម្ពីរអេសធើរបង្ហាញឲ្យយើងឃើញនូវគំនិតជាតិនិយមរបស់ជនជាតិយូដា ដែលជំរុញឲ្យពួកគេមានបំណងសងសឹកខ្មាំងសត្រូវរបស់ខ្លួន។ គំនិតសងសឹកនេះជាប្រតិកម្មនឹងការប្រកាន់ពូជសាសន៍ ព្រមទាំងអំពើហិង្សារបស់សាសន៍ដទៃចំពោះជនជាតិយូដា។ គម្ពីរអេសធើរធ្វើឲ្យយើងចងចាំថា ការប្រកាន់ពូជសាសន៍ ការមិនព្រមទទួលអ្នកដទៃបង្កឲ្យមានតែអំពើហិង្សា ហើយអំពើហិង្សាបង្កឲ្យមានតែអំពើហិង្សារឹតតែខ្លាំងថែមទៀត។
នៅជំនាន់មួយដែលជនជាតិយូដាបាត់បង់បូរណភាពទឹកដី ហើយស្ថិតនៅក្រោមអំណាចត្រួតត្រារបស់សាសន៍ដទៃ ពួកគេលែងមានសង្ឃឹមថានឹងទទួលឯករាជជាតិទៀតហើយ។ រឿង «ព្រះនាងអេសធើរ» រំឭកពួកគេអំពីការរំដោះមួយដ៏ធំធេង ដែលផ្ដល់ឲ្យពួកគេមានសេចក្ដីសង្ឃឹមឡើងវិញ។
ទើបបានជ្រើសរើសហើយ៖
នាងអេសធើរ ពាក្យលំនាំ: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.