អេភេសូ 5:21-33

អេភេសូ 5:21-33 គខប

បងប្អូន​ដែល​កោត​ខ្លាច​ព្រះ‌គ្រិស្ត ត្រូវ​គោរព​ចុះ​ចូល​គ្នា​ទៅ​វិញ​ទៅ​មក។ បងប្អូន​ជា​ស្ត្រី​ដែល​មាន​ស្វាមី ត្រូវ​គោរព​ចុះ​ចូល​នឹង​ស្វាមី​រៀងៗ​ខ្លួន ដូច​ជា​គោរព​ចុះ​ចូល​នឹង​ព្រះ‌អម្ចាស់​ដែរ ដ្បិត​ស្វាមី​នាំ​មុខ ភរិយា ដូច​ព្រះ‌គ្រិស្ត​នាំ​មុខ​ក្រុម‌ជំនុំ* ហើយ​ជា​ព្រះ‌សង្គ្រោះ​របស់​ក្រុម‌ជំនុំ​ដែល​ជា​ព្រះ‌កាយ​ព្រះអង្គ។ ហេតុ​នេះ ក្រុម‌ជំនុំ​គោរព​ចុះ​ចូល​នឹង​ព្រះ‌គ្រិស្ត​យ៉ាង​ណា ភរិយា​ក៏​ត្រូវ​គោរព​ចុះ​ចូល​នឹង​ស្វាមី​រៀងៗ​ខ្លួន ក្នុង​គ្រប់​កិច្ចការ​ទាំង​អស់​យ៉ាង​នោះ​ដែរ។ ចំពោះ​បងប្អូន​ដែល​មាន​ប្រពន្ធ​វិញ ចូរ​ស្រឡាញ់​ភរិយា ដូច​ព្រះ‌គ្រិស្ត​បាន​ស្រឡាញ់​ក្រុម‌ជំនុំ​ដែរ ព្រះអង្គ​បូជា​ព្រះ‌ជន្ម​របស់​ព្រះអង្គ​ផ្ទាល់ សម្រាប់​ក្រុម‌ជំនុំ ដើម្បី​ប្រោស​ឲ្យ​ក្រុម‌ជំនុំ​បាន​ទៅ​ជា​វិសុទ្ធ ទាំង​ជម្រះ​ឲ្យ​ស្អាត​បរិសុទ្ធ ដោយ​លាង​ក្នុង​ទឹក និង​ដោយ‌សារ​ព្រះ‌បន្ទូល។ ព្រះអង្គ​សព្វ​ព្រះ‌ហឫទ័យ​នាំ​ក្រុម‌ជំនុំ​នេះ​មក​ថ្វាយ​ព្រះអង្គ​ផ្ទាល់ ជា​ក្រុម‌ជំនុំ​ដ៏​រុងរឿង ឥត​ស្លាក‌ស្នាម ឥត​ជ្រីវ‌ជ្រួញ និង​ឥត​ខ្ចោះ​ត្រង់​ណា​ឡើយ គឺ​ឲ្យ​ទៅ​ជា​វិសុទ្ធ* ឥត​សៅ‌ហ្មង។ ដូច្នេះ ស្វាមី​ត្រូវ​ស្រឡាញ់​ភរិយា​របស់ខ្លួនឲ្យ​បាន​ដូច​ស្រឡាញ់​រូប​កាយ​របស់​ខ្លួន​ដែរ។ អ្នក​ណា​ស្រឡាញ់​ភរិយា អ្នក​នោះ​ស្រឡាញ់​ខ្លួន​ឯង។ ពុំ​ដែល​មាន​នរណា​ម្នាក់​ស្អប់​រូប​កាយ​របស់​ខ្លួន​ឡើយ ផ្ទុយ​ទៅ​វិញ គេ​តែង​ចិញ្ចឹម​បី​បាច់​ថែ‌រក្សា​រូប​កាយ​នោះ ដូច​ព្រះ‌គ្រិស្ត​ចិញ្ចឹម​បី​បាច់​ថែ‌រក្សា​ក្រុម‌ជំនុំ ព្រោះ​យើង​ទាំង​អស់​គ្នា​ជា​សរីរាង្គ​នៃ​ព្រះ‌កាយ​របស់​ព្រះអង្គ។ ហេតុ​នេះ​ហើយ​បាន​ជា​បុរស​ត្រូវ​ចាក​ចេញ​ពី​ឪពុក​ម្ដាយ ទៅ​រួម​រស់​ជា​មួយ​ភរិយា​របស់​ខ្លួន ហើយ​អ្នក​ទាំង​ពីរ​នឹង​បាន​ទៅ​ជា​រូប​កាយ​តែ​មួយ ។ គម្រោង‌ការ​ដ៏​លាក់​កំបាំង​នេះ​មាន​អត្ថ‌ន័យ​ជ្រៅ​ណាស់ ខ្ញុំ​និយាយ​សេចក្ដី​នេះ​សំដៅ​លើ​ព្រះ‌គ្រិស្ត និង​ក្រុម‌ជំនុំ​តែ​ប៉ុណ្ណោះ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ បងប្អូន​ម្នាក់ៗ​ត្រូវ​ស្រឡាញ់​ភរិយា​រៀងៗ​ខ្លួន ដូច​ស្រឡាញ់​ខ្លួន​ឯង ហើយ​ភរិយា​ក៏​ត្រូវ​គោរព​ស្វាមី​របស់​ខ្លួន​ដែរ។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង អេភេសូ 5:21-33

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ