គឺព្រះអង្គហើយដែលបានប្រទានឲ្យអ្នកខ្លះមានមុខងារជាសាវ័ក* ឲ្យអ្នកខ្លះថ្លែងព្រះបន្ទូល អ្នកខ្លះផ្សាយដំណឹងល្អ* អ្នកខ្លះជាគង្វាល និងអ្នកខ្លះទៀតជាអ្នកបង្រៀន ដើម្បីរៀបចំប្រជាជនដ៏វិសុទ្ធឲ្យបំពេញមុខងារបម្រើ និងកសាងព្រះកាយរបស់ព្រះគ្រិស្តឡើង រហូតដល់យើងទាំងអស់រួមគ្នា មានជំនឿតែមួយ មានគំនិតតែមួយ ក្នុងការស្គាល់ព្រះបុត្រារបស់ព្រះជាម្ចាស់ និងទៅជាមនុស្សពេញវ័យ ឡើងដល់កម្ពស់របស់ព្រះគ្រិស្តដែលបំពេញអ្វីៗទាំងអស់។ ដូច្នេះ យើងមិនមែនជាកូនក្មេងដែលរេរា ត្រូវខ្យល់នៃគោលលទ្ធិនានាផាត់ចុះផាត់ឡើងនោះទៀតឡើយ ហើយក៏លែងចាញ់បោក ឬចាញ់កលល្បិចមនុស្សដែលពូកែនាំឲ្យវង្វេងនោះទៀតដែរ។ ផ្ទុយទៅវិញ បើយើងប្រព្រឹត្តតាមសេចក្ដីពិតដោយចិត្តស្រឡាញ់ យើងនឹងបានចម្រើនឡើងគ្រប់វិស័យទាំងអស់ ឆ្ពោះទៅកាន់ព្រះគ្រិស្តជាសិរសា គឺព្រះអង្គហើយ ដែលធ្វើឲ្យព្រះកាយទាំងមូលបានផ្គុំគ្នា និងភ្ជាប់គ្នាឡើងយ៉ាងមាំ ដោយសារសន្លាក់ឆ្អឹងទាំងប៉ុន្មានដែលបម្រើព្រះកាយ តាមកម្រិតសមត្ថភាពរបស់សរីរាង្គនីមួយៗ ដើម្បីឲ្យព្រះកាយនោះចម្រើន និងកសាងឡើង ក្នុងសេចក្ដីស្រឡាញ់។ ដូច្នេះ ខ្ញុំសូមជម្រាបបងប្អូន និងបញ្ជាក់ក្នុងព្រះនាមព្រះអម្ចាស់ថា សូមកុំរស់នៅដូចសាសន៍ដទៃ ដែលប្រព្រឹត្តតាមប្រាជ្ញាដ៏ឥតប្រយោជន៍របស់គេនោះទៀតឡើយ។ គំនិតអ្នកទាំងនោះងងឹតសូន្យសុង គេនៅឆ្ងាយពីព្រះជន្មរបស់ព្រះជាម្ចាស់ ព្រោះគេមិនស្គាល់ព្រះអង្គ ហើយមានចិត្តរឹងរូសទៀតផង។ ដោយពួកគេលែងដឹងខុសត្រូវ គេនាំគ្នាប្រាសចាកសីលធម៌ បណ្ដោយខ្លួនទៅប្រព្រឹត្តអំពើអបាយមុខគ្រប់យ៉ាង តាមតែចិត្តលោភលន់របស់គេ។ រីឯបងប្អូនវិញ បងប្អូនពុំបានទទួលការអប់រំអំពីព្រះគ្រិស្តរបៀបនេះទេ។ ប្រសិនបើបងប្អូនបានឮគេនិយាយអំពីព្រះយេស៊ូ ហើយប្រសិនបើបងប្អូនបានទទួលការអប់រំអំពីព្រះអង្គ ស្របតាមសេចក្ដីពិតដែលមកពីព្រះអង្គមែន បងប្អូនត្រូវតែលះបង់កិរិយាមារយាទ ដែលបងប្អូនធ្លាប់កាន់ពីដើម គឺត្រូវដោះជីវិតចាស់ដែលកំពុងតែវិនាស តាមការលោភលន់បញ្ឆោតចិត្តនេះចោលទៅ។ ត្រូវប្រែគំនិតប្រាជ្ញា និងវិញ្ញាណឲ្យបានថ្មីឡើង ហើយត្រូវពាក់ជីវិតថ្មីដ៏សុចរិត* និងវិសុទ្ធ* មកពីសេចក្ដីពិត ជាជីវិតដែលព្រះជាម្ចាស់បានបង្កើត ស្របតាមព្រះហឫទ័យរបស់ព្រះអង្គ។
អាន អេភេសូ 4
ស្ដាប់នូវ អេភេសូ 4
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: អេភេសូ 4:11-24
27 ថ្ងៃ។
ពីកម្ពស់ដ៏ស្រស់ស្អាតនៃអ្វីដែលព្រះចង់បានសម្រាប់កូនៗរបស់គាត់ សំបុត្រទៅកាន់អេភេសូរពន្យល់ពីរបៀបដើរក្នុងព្រះគុណ សន្តិភាព និងសេចក្តីស្រឡាញ់របស់ព្រះ។ ការធ្វើដំណើរប្រចាំថ្ងៃតាមរយៈអេភេសូរនៅពេលអ្នកស្តាប់ការសិក្សាអូឌីយ៉ូ ហើយអានខគម្ពីរដែលជ្រើសរើសចេញពីព្រះបន្ទូលរបស់ព្រះ។
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ