ក្នុងជីវិតដ៏ឥតន័យរបស់ខ្ញុំនេះ ខ្ញុំបានសង្កេតឃើញហេតុការណ៍គ្រប់យ៉ាង។ ខ្ញុំឃើញមនុស្សសុចរិតបាត់បង់ជីវិត ព្រោះតែអំពើសុចរិត ហើយមនុស្សទុច្ចរិតមានអាយុវែងដោយសារអំពើទុច្ចរិតរបស់ខ្លួន។ កុំសុចរិតជ្រុលពេក ហើយក៏កុំបង្ហាញថាខ្លួនមានប្រាជ្ញាជ្រុលពេកដែរ ក្រែងនាំឲ្យខ្លួនវិនាស។ កុំបណ្ដោយខ្លួនឲ្យអាក្រក់ហួសហេតុ ហើយក៏កុំលេលាឲ្យសោះ ក្រែងនាំឲ្យខ្លួនអាយុខ្លី។ ត្រូវតែទទួលយកយោបល់ទាំងពីរនេះ ដ្បិតអ្នកដែលកោតខ្លាចព្រះជាម្ចាស់ នៅពេលស្ថានភាពទាំងពីរកើតមាន គេតែងតែមានច្រកចេញជានិច្ច។ ប្រាជ្ញារមែងធ្វើឲ្យអ្នកប្រាជ្ញមានកម្លាំង ជាងអភិបាលដប់នាក់នៅក្នុងក្រុងមួយទៅទៀត។ នៅលើផែនដីនេះ គ្មានមនុស្សណាម្នាក់សុចរិតធ្វើតែអំពើល្អ ហើយមិនប្រព្រឹត្តអំពើបាបនោះឡើយ។ ហេតុនេះ កុំយកចិត្តទុកដាក់ស្ដាប់ពាក្យសម្ដីទាំងប៉ុន្មាន ដែលមនុស្សម្នានិយាយឡើយ បើមិនដូច្នោះទេ ក្រែងលោអ្នកឮខ្ញុំបម្រើរបស់អ្នកនិយាយអាក្រក់ពីអ្នក។ អ្នកដឹងខ្លួនស្រាប់ហើយថា អ្នកក៏ធ្លាប់និយាយអាក្រក់ពីអ្នកដទៃ ជាច្រើនលើកច្រើនសាដែរ។ ខ្ញុំពិនិត្យពិច័យមើលហេតុការណ៍ទាំងនេះដោយប្រើប្រាជ្ញា ហើយខ្ញុំគិតថា ខ្ញុំនឹងមានប្រាជ្ញា តែប្រាជ្ញាស្ថិតនៅឆ្ងាយពីខ្ញុំនៅឡើយ។ អ្វីៗដែលមានសព្វថ្ងៃហាក់ដូចជានៅឆ្ងាយ ហើយជ្រៅបំផុត គ្មាននរណាអាចយល់បានទេ។ ខ្ញុំយកចិត្តទុកដាក់ស្វែងយល់ ខិតខំពិចារណា ព្រមទាំងស្វែងរកប្រាជ្ញា និងវិចារណញ្ញាណ។ ខ្ញុំក៏យល់ថាអំពើអាក្រក់ជាការឆោតល្ងង់ ហើយភាពល្ងីល្ងើជាការលេលាបំផុត។ ខ្ញុំបានឃើញទៀតថា ស្ត្រីៗជាអន្ទាក់ដែលនាំឲ្យខ្លោចផ្សាជាងសេចក្ដីស្លាប់ទៅទៀត។ សេចក្ដីស្រឡាញ់របស់នាងប្រៀបដូចជាសំណាញ់ ហើយដៃរបស់នាងប្រៀបដូចជាចំណង។ អ្នកដែលគាប់ព្រះហឫទ័យព្រះជាម្ចាស់រមែងគេចផុតពីនាង រីឯអ្នកមានបាបតែងតែធ្លាក់ក្នុងកណ្ដាប់ដៃរបស់នាង។ សាស្ដាមានរាជឱង្ការទៀតថា៖ ខ្ញុំយល់ឃើញដូចតទៅ: ខ្ញុំបានសង្កេតមើលហេតុការណ៍ទាំងនេះម្ដងមួយៗ ដើម្បីស្វែងរកហេតុផល ក៏ប៉ុន្តែ ខ្ញុំរកមិនទាន់ឃើញទេ ហើយខ្ញុំចេះតែស្វែងរកបន្តទៀត។ ក្នុងចំណោមបុរសមួយពាន់នាក់ ខ្ញុំរកបានម្នាក់ដែលគួរគោរព ប៉ុន្តែ ក្នុងចំណោមស្ត្រីទាំងអស់ សូម្បីតែម្នាក់ក៏ខ្ញុំរកពុំបានដែរ។ ខ្ញុំគ្រាន់តែយល់ឃើញថា ព្រះជាម្ចាស់បង្កើតមនុស្សមកឲ្យបានទៀងត្រង់ តែមនុស្សធ្វើឲ្យខ្លួនឯងក្លាយជាស្មុគស្មាញយ៉ាងច្រើនទៅវិញ។
អាន សាស្ដា 7
ស្ដាប់នូវ សាស្ដា 7
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: សាស្ដា 7:15-29
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ