ទុតិយកថា 8

8
ព្រះ‌អម្ចាស់​អប់រំ​អ៊ីស្រា‌អែល​នៅ​វាល​រហោ‌ស្ថាន
1«ចូរ​កាន់ និង​ប្រតិបត្តិ​តាម​បទ‌បញ្ជា​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា នៅ​ថ្ងៃ​នេះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​ជីវិត កើន​ចំនួន​ច្រើន​ឡើង ហើយ​កាន់​កាប់​ទឹក​ដី ដែល​ព្រះ‌អម្ចាស់​សន្យា​យ៉ាង​ម៉ឺង‌ម៉ាត់​ថា នឹង​ប្រគល់​ឲ្យ​បុព្វបុរស​របស់​អ្នក​រាល់​គ្នា។ 2ចូរ​នឹក​ចាំ​ថា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក បាន​ឲ្យ​អ្នក​ធ្វើ​ដំណើរ​កាត់​វាល​រហោ‌ស្ថាន​នេះ អស់​រយៈ​ពេល​សែ‌សិប​ឆ្នាំ ដើម្បី​ឲ្យ​អ្នក​ស្គាល់​ទុក្ខ​លំបាក។ ព្រះអង្គ​ល្បង‌ល​អ្នក ចង់​ដឹង​ថា តើ​អ្នក​មាន​ចិត្ត​ដូច​ម្ដេច ហើយ​អ្នក​កាន់​តាម​បទ‌បញ្ជា​របស់​ព្រះអង្គ ឬ​យ៉ាង​ណា។ 3 ព្រះអង្គ​បាន​ឲ្យ​អ្នក​ជួប​ទុក្ខ​លំបាក និង​ការ​អត់​ឃ្លាន ព្រះអង្គ​ប្រទាន​នំ​ម៉ាណា​ឲ្យ​អ្នក​បរិភោគ គឺ​ជា​អាហារ​ដែល​អ្នក និង​ដូនតា​របស់​អ្នក ពុំ​ធ្លាប់​ស្គាល់។ ធ្វើ​ដូច្នេះ ព្រះអង្គ​ប្រៀន‌ប្រដៅ​ឲ្យ​អ្នក​ដឹង​ថា មនុស្ស​មិន​មែន​រស់​ដោយ​អាហារ​ប៉ុណ្ណោះ​ទេ តែ​មនុស្ស​រស់​ដោយ‌សារ​ព្រះ‌បន្ទូល​ទាំង​ប៉ុន្មាន ដែល​ចេញ​មក​ពី​ព្រះ‌ឱស្ឋ​របស់​ព្រះ‌អម្ចាស់4ក្នុង​អំឡុង​ពេល​សែ‌សិប​ឆ្នាំ​នេះ សម្លៀក‌បំពាក់​របស់​អ្នក​មិន​ដែល​សឹក ហើយ​ជើង​របស់​អ្នក​ក៏​មិន​ដែល​ហើម​ដែរ។ 5ចូរ​ទទួល​ស្គាល់​ថា ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក បាន​អប់រំ​អ្នក​ដូច​ឪពុក​អប់រំ​កូន។ 6ចូរ​កាន់​តាម​បទ‌បញ្ជា​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​អ្នក ហើយ​ដើរ​តាម​មាគ៌ា​របស់​ព្រះអង្គ និង​គោរព​កោត​ខ្លាច​ព្រះអង្គ»។
ការ​ល្បួង​ផ្សេងៗ​នៅ​ក្នុង​ទឹក​ដី​សន្យា
7«ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក នឹង​នាំ​អ្នក​ចូល​ទៅ​ក្នុង​ស្រុក​ដ៏​ល្អ ជា​ស្រុក​សម្បូណ៌​ស្ទឹង អណ្ដូង និង​ប្រភព​ទឹក ដែល​ហូរ​ចេញ​មក​ស្រោច​ស្រព​តាម​វាល និង​តាម​ភ្នំ។ 8ស្រុក​នោះ​ក៏​សម្បូណ៌​ស្រូវ ពោត ទំពាំង‌បាយជូរ ឧទុម្ពរ និង​ទទឹម ព្រម​ទាំង​ដើម​អូលីវ និង​ទឹក​ឃ្មុំ។ 9នៅ​ស្រុក​នោះ អ្នក​នឹង​មាន​អាហារ​បរិបូណ៌ ឥត​ខ្វះ​ខាត​អ្វី​ឡើយ។ ស្រុក​នោះ​សម្បូណ៌​ដែក​នៅ​ក្នុង​ថ្ម ហើយ​មាន​រ៉ែ​ស្ពាន់​នៅ​តាម​ភ្នំ។ 10ពេល​អ្នក​មាន​អាហារ​បរិភោគ​គ្រប់​គ្រាន់​ហើយ ចូរ​អរ​ព្រះ‌គុណ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ដែល​បាន​ប្រទាន​ស្រុក​នេះ​ឲ្យ​អ្នក។
11 ចូរ​ប្រយ័ត្ន ក្រែង​អ្នក​ភ្លេច​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ហើយ​លែង​កាន់​តាម​បទ‌បញ្ជា វិន័យ និង​ច្បាប់​របស់​ព្រះអង្គ ដែល​ខ្ញុំ​ប្រគល់​ឲ្យ​អ្នក​នៅ​ថ្ងៃ​នេះ។ 12ពេល​អ្នក​មាន​អាហារ​បរិភោគ​គ្រប់​គ្រាន់ ពេល​អ្នក​សង់​ផ្ទះ​ស្អាតៗ​ធ្វើ​ជា​លំ‌នៅ‌ដ្ឋាន 13ពេល​អ្នក​មាន​ហ្វូង​គោ ហ្វូង​ចៀម មាស​ប្រាក់ និង​អ្វីៗ​ទាំង​អស់​យ៉ាង​ច្រើន 14ចូរ​ប្រយ័ត្ន​ក្រែង​លោ​អ្នក​មាន​ចិត្ត​អួត‌អាង ហើយ​ភ្លេច​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ដែល​បាន​នាំ​អ្នក​ចេញ​មក​ពី​ស្រុក​អេស៊ីប ជា​កន្លែង​ដែល​អ្នក​ធ្វើ​ជា​ទាសករ។ 15ព្រះអង្គ​បាន​ឲ្យ​អ្នក​ធ្វើ​ដំណើរ​ក្នុង​វាល​រហោ‌ស្ថាន​ដ៏​ធំ‌ធេង គួរ​ឲ្យ​ស្ញែង​ខ្លាច ជា​កន្លែង​សម្បូណ៌​ដោយ​ពស់​ភ្លើង និង​ខ្យា‌ដំរី ជា​វាល​ហួត‌ហែង គ្មាន​ទឹក​ទាល់​តែ​សោះ។ ព្រះអង្គ​ធ្វើ​ឲ្យ​មាន​ទឹក​ហូរ​ចេញ​ពី​ថ្ម​ដ៏​រឹង​បំផុត សម្រាប់​អ្នក។ 16ព្រះអង្គ​ប្រទាន​នំ​ម៉ាណា​ឲ្យ​អ្នក​បរិភោគ ជា​អាហារ​ដែល​ដូនតា​របស់​អ្នក​ពុំ​ធ្លាប់​ស្គាល់។ ព្រះអង្គ​ធ្វើ​ឲ្យ​អ្នក​ជួប​ទុក្ខ​លំបាក និង​ល្បង‌ល​អ្នក​ដូច្នេះ ដើម្បី​ប្រទាន​ពរ​អ្នក​នៅ​ពេល​ក្រោយ។
17មិន​ត្រូវ​គិត​ថា អ្នក​មាន​សម្បត្តិ ​ដោយ‌សារ​កម្លាំង និង​ស្នា‌ដៃ​របស់​អ្នក​ផ្ទាល់។ 18ចូរ​នឹក​ចាំ​ពី​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ដែល​ប្រទាន​ឲ្យ​អ្នក​មាន​កម្លាំង ប្រមូល​បាន​សម្បត្តិ ដើម្បី​បញ្ជាក់​សម្ពន្ធ‌មេត្រី* ដែល​ព្រះអង្គ​បាន​ចង​ជា​មួយ​បុព្វបុរស​របស់​អ្នក ដូច​ព្រះអង្គ​ធ្វើ​នៅ​ថ្ងៃ​នេះ​ស្រាប់។ 19ប្រសិន​បើ​អ្នក​បំភ្លេច​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ទៅ​ជំពាក់​ចិត្ត​នឹង​ព្រះ​ដទៃ ប្រសិន​បើ​អ្នក​គោរព​បម្រើ និង​ថ្វាយ‌បង្គំ​ព្រះ​ទាំង​នោះ ខ្ញុំ​សូម​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​នៅ​ថ្ងៃ​នេះ​ថា អ្នក​រាល់​គ្នា​មុខ​ជា​វិនាស​សូន្យ​ពុំ‌ខាន។ 20ពិត​មែន​ហើយ ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​ស្ដាប់​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​ទេ អ្នក​រាល់​គ្នា​នឹង​ត្រូវ​វិនាស​ដូច​ប្រជា‌ជាតិ​នានា ដែល​ព្រះអង្គ​បាន​ធ្វើ​ឲ្យ​វិនាស​សូន្យ បាត់​ពី​មុខ​អ្នក​រាល់​គ្នា​ដែរ»។

ទើបបានជ្រើសរើសហើយ៖

ទុតិយកថា 8: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ