ទុតិយកថា 28:15-45

ទុតិយកថា 28:15-45 គខប

«ប្រសិន​បើ​អ្នក​មិន​ស្ដាប់​ព្រះ‌សូរសៀង​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​អ្នក ប្រសិន​បើ​អ្នក​មិន​កាន់ ឬ​ប្រតិបត្តិ​តាម​បទ‌បញ្ជា និង​ច្បាប់​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​ប្រគល់​ឲ្យ​អ្នក​នៅ​ថ្ងៃ​នេះ​ទេ នោះ​អ្នក​នឹង​ទទួល​បណ្ដាសា​ដូច​ត​ទៅ: អ្នក​នឹង​ត្រូវ​បណ្ដាសា​នៅ​តាម​ទីក្រុង ហើយ​អ្នក​នឹង​ត្រូវ​បណ្ដាសា​នៅ​តាម​ស្រុក​ស្រែ។ អ្នក​នឹង​ត្រូវ​បណ្ដាសា ដោយ​គ្មាន​ផ្លែ​ឈើ​នៅ​ក្នុង​ល្អី គ្មាន​ស្រូវ​នៅ​ក្នុង​ជង្រុក។ អ្នក​នឹង​ត្រូវ​បណ្ដាសា​ដោយ​គ្មាន​កូន​ចៅ ដី​របស់​អ្នក​មិន​បង្កើត​ភោគ‌ផល ហ្វូង​គោ និង​ហ្វូង​ចៀម​របស់​អ្នក ក៏​មិន​កើន​ចំនួន​ដែរ។ អ្នក​នឹង​ទទួល​បណ្ដាសា​ក្នុង​គ្រប់​កិច្ចការ​ដែល​អ្នក​ធ្វើ។ ព្រះ‌អម្ចាស់​នឹង​ធ្វើ​ឲ្យ​អ្នក​ជួប​ប្រទះ​ទុក្ខ​វេទនា ភាព​អាសន្ន និង​ភយន្ត‌រាយ ហើយ​អ្វីៗ​ដែល​អ្នក​ធ្វើ​នឹង​ត្រូវ​ខូច​បង់ រហូត​ទាល់​តែ​អ្នក​វិនាស​សូន្យ ព្រោះ​តែ​អំពើ​អាក្រក់​ដែល​អ្នក​ប្រព្រឹត្ត ដោយ​បោះ​បង់​ចោល​ព្រះអង្គ។ ព្រះ‌អម្ចាស់​នឹង​ធ្វើ​ឲ្យ​អាសន្ន‌រោគ​កើត​មាន​ចំពោះ​អ្នក រហូត​ដល់​អ្នក​វិនាស​សូន្យ​បាត់​ពី​ទឹក​ដី​ដែល​អ្នក​ចូល​ទៅ​កាន់​កាប់។ ព្រះ‌អម្ចាស់​នឹង​ប្រហារ​អ្នក​ដោយ​ជំងឺ​រាត​ត្បាត ជំងឺ​គ្រុន​ក្ដៅ គ្រុន​រលាក គ្រុន​សន្ធំ ព្រម​ទាំង​មាន​កើត​ការ​រាំង​ស្ងួត ស្រូវ​របស់​អ្នក​នឹង​ស្កក ហើយ​មាន​ក្រា​ស៊ី។ ទុក្ខ​វេទនា​ទាំង​នេះ​នឹង​កើត​មាន​ដល់​អ្នក រហូត​ទាល់​តែ​អ្នក​វិនាស។ មេឃ​ដែល​នៅ​ពី​លើ​អ្នក​នឹង​ក្ដៅ​ដូច​ជា​លង្ហិន ហើយ​ដី​ដែល​នៅ​ពី​ក្រោម​អ្នក​នឹង​រឹង​ដូច​ដែក។ ព្រះ‌អម្ចាស់​នឹង​ធ្វើ​ឲ្យ​ធូលី​ដី ព្រម​ទាំង​ផេះ​ធ្លាក់​ពី​លើ​មេឃ មក​លើ​ស្រុក​របស់​អ្នក​ជំនួស​ភ្លៀង រហូត​ទាល់​តែ​អ្នក​វិនាស។ ព្រះ‌អម្ចាស់​នឹង​ធ្វើ​ឲ្យ​អ្នក​បាក់​ទ័ព រត់​នៅ​មុខ​ខ្មាំង​សត្រូវ។ អ្នក​ចេញ​ទៅ​វាយ​ពួក​គេ ដោយ​ដើរ​តាម​ផ្លូវ​តែ​មួយ តែ​អ្នក​នឹង​រត់​នៅ​មុខ​ពួក​គេ តាម​ផ្លូវ​ប្រាំ‌ពីរ។ នគរ​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី​ឮ​ដំណឹង​នេះ គេ​នឹង​នាំ​គ្នា​ព្រឺ​ខ្លាច។ សាក‌សព​របស់​អ្នក​នឹង​ក្លាយ​ទៅ​ជា​ចំណី​របស់​ត្មាត និង​សត្វ​ព្រៃ ហើយ​គ្មាន​នរណា​មក​ដេញ​ពួក​វា​ឡើយ។ ព្រះ‌អម្ចាស់​នឹង​ប្រហារ​អ្នក​ដោយ​គ្រោះ​កាច ដូច​ព្រះអង្គ​ធ្លាប់​ប្រហារ​ជន‌ជាតិ​អេស៊ីប​ដែរ។ ព្រះអង្គ​នឹង​ប្រហារ​អ្នក​ដោយ​រោគ​ឫស‌ដូង‌បាត កើត​បូស កើត​រមាស់ ដែល​ពុំ​អាច​មើល​ជា​ឡើយ។ ព្រះ‌អម្ចាស់​ប្រហារ​អ្នក​ឲ្យ​វង្វេង​ស្មារតី វិកល‌ចរិត និង​មើល​អ្វី​លែង​ឃើញ។ អ្នក​នឹង​ដើរ​រាវ​នៅ​ពេល​ថ្ងៃ​ត្រង់ ដូច​មនុស្ស​ខ្វាក់​ដើរ​ស្ទាបៗ ក្នុង​ភាព​អន្ធការ។ អ្នក​ពុំ​អាច​សម្រេច​តាម​គម្រោង‌ការ​ដែល​អ្នក​រៀបចំ​ឡើយ។ រៀង​រាល់​ថ្ងៃ អ្នក​នឹង​ត្រូវ​គេ​ជិះ‌ជាន់ រឹប​អូស​យក​ទ្រព្យ​សម្បត្តិ ហើយ​គ្មាន​នរណា​មក​ជួយ​អ្នក​ទេ។ ពេល​អ្នក​មាន​គូ​ដណ្ដឹង បុរស​ម្នាក់​ទៀត​នឹង​រំលោភ​នាង។ ពេល​អ្នក​សង់​ផ្ទះ អ្នក​នឹង​មិន​បាន​រស់​នៅ​ក្នុង​ផ្ទះ​នោះ​ទេ ពេល​អ្នក​ដាំ​ទំពាំង‌បាយជូរ អ្នក​នឹង​មិន​បាន​បរិភោគ‌ផល​ឡើយ។ គេ​នឹង​សម្លាប់​គោ​របស់​អ្នក នៅ​ចំពោះ​មុខ​អ្នក តែ​អ្នក​មិន​បាន​សាច់​បរិភោគ​ឡើយ។ គេ​រឹប​អូស​យក​លា​របស់​អ្នក នៅ​ចំពោះ​មុខ​អ្នក ហើយ​វា​នឹង​មិន​វិល​មក​វិញ​ទេ។ គេ​នឹង​ប្រគល់​ហ្វូង​ចៀម​របស់​អ្នក​ទៅ​ឲ្យ​ខ្មាំង​សត្រូវ​របស់​អ្នក ហើយ​គ្មាន​នរណា​មក​ជួយ​អ្នក​ឡើយ។ គេ​នឹង​លក់​កូន​ប្រុស​កូន​ស្រី​របស់​អ្នក​ទៅ​ឲ្យ​សាសន៍​ដទៃ នៅ​ចំពោះ​មុខ​អ្នក រៀង​រាល់​ថ្ងៃ អ្នក​ទន្ទឹង​រង់‌ចាំ​ពួក​គេ​វិល​ត្រឡប់​មក​វិញ រហូត​ដល់​ផ្សា​ភ្នែក តែ​ពុំ​បាន​សម្រេច​ដូច​ប្រាថ្នា​ឡើយ។ ជាតិ​សាសន៍​ដែល​អ្នក​ពុំ​ស្គាល់​នឹង​បរិភោគ​ដំណាំ ដែល​ដុះ​ចេញ​ពី​ដី​របស់​អ្នក គឺ​ភោគ‌ផល​ទាំង​ប៉ុន្មាន​ដែល​អ្នក​ប្រឹង‌ប្រែង​ធ្វើ។ រៀង​រាល់​ថ្ងៃ អ្នក​នឹង​ត្រូវ​គេ​ជិះ‌ជាន់​សង្កត់‌សង្កិន។ ហេតុ‌ការណ៍​ដែល​អ្នក​ឃើញ​ផ្ទាល់​នឹង​ភ្នែក មុខ​ជា​ធ្វើ​ឲ្យ​អ្នក​វង្វេង​ស្មារតី។ ព្រះ‌អម្ចាស់​នឹង​ប្រហារ​អ្នក​ឲ្យ​កើត​ដំបៅ​រីក​នៅ​ក្បាល​ជង្គង់ និង​នៅ​ជើង​ដែល​អ្នក​ពុំ​អាច​មើល​ជា​បាន​ឡើយ។ ព្រះអង្គ​នឹង​ប្រហារ​អ្នក​ចាប់​ពី​ក្បាល​រហូត​ដល់​ចុង​ជើង។ ព្រះ‌អម្ចាស់​នឹង​ឲ្យ​គេ​កៀរ​អ្នក ព្រម​ទាំង​ស្ដេច​ដែល​អ្នក​នឹង​ជ្រើស​រើស​ឲ្យ​សោយ​រាជ្យ​លើ​អ្នក ធ្វើ​ដំណើរ​ទៅ​កាន់​ស្រុក​មួយ​ដែល​អ្នក និង​ដូនតា​របស់​អ្នក​ពុំ​ស្គាល់។ នៅ​ទី​នោះ អ្នក​នឹង​គោរព​បម្រើ​ព្រះ​ដទៃ ជា​ព្រះ​ដែល​គេ​ធ្វើ​ពី​ឈើ និង​ពី​ថ្ម។ ជាតិ​សាសន៍​ទាំង​ប៉ុន្មាន ដែល​ព្រះ‌អម្ចាស់​នាំ​អ្នក​ទៅ​នៅ​ស្រុក​គេ​នោះ នឹង​នាំ​គ្នា​ភ្ញាក់​ផ្អើល ហើយ​យក​រឿង​របស់​អ្នក​ទៅ​និទាន​ប្រាប់​គ្នា ព្រម​ទាំង​ប្រមាថ​មាក់‌ងាយ​អ្នក​រាល់​គ្នា​ទៀត​ផង។ អ្នក​នឹង​យក​គ្រាប់​ពូជ​ជា​ច្រើន​ទៅ​ព្រោះ​នៅ​ក្នុង​ស្រែ​ចម្ការ​របស់​អ្នក តែ​អ្នក​ច្រូត​ផល​បាន​តិច ព្រោះ​មាន​កណ្ដូប​ស៊ី។ អ្នក​ដាំ​ទំពាំង‌បាយជូរ ហើយ​មើល​ថែ​ទាំ តែ​អ្នក​នឹង​ពុំ​បាន​បេះ​ផ្លែ ឬ​បរិភោគ​ស្រា​ទំពាំង‌បាយជូរ​ឡើយ ដ្បិត​មាន​ដង្កូវ​ស៊ី​ទំពាំង‌បាយជូរ​នោះ​អស់។ អ្នក​ដាំ​អូលីវ​ពាស‌ពេញ​ស្រុក តែ​អ្នក​នឹង​ពុំ​បាន​គាប​ផ្លែ​យក​ប្រេង​ទេ ដ្បិត​ផ្លែ​អូលីវ​របស់​អ្នក​នឹង​ជ្រុះ​អស់។ អ្នក​មាន​កូន​ប្រុស​កូន​ស្រី តែ​ពួក​គេ​នឹង​មិន​នៅ​ជា​មួយ​អ្នក​ឡើយ ព្រោះ​ពួក​គេ​នឹង​ត្រូវ​ខ្មាំង​ចាប់​ទៅ​ជា​ឈ្លើយ។ ដើម​ឈើ និង​ដំណាំ​ទាំង​ប៉ុន្មាន​របស់​អ្នក​មុខ​ជា​ត្រូវ​ចង្រិត​ស៊ី​បង្ហិន។ ជន​បរទេស​ដែល​រស់​នៅ​ជា​មួយ​អ្នក​នឹង​មាន​អំណាច​កាន់​តែ​ខ្លាំង​ឡើងៗ​លើ​អ្នក ហើយ​អ្នក​ចុះ​ឱន​ថយ​កាន់​តែ​ខ្សោយ​ទៅៗ។ គេ​នឹង​ឲ្យ​ទ្រព្យ​អ្នក​ខ្ចី គឺ​មិន​មែន​អ្នក​ទេ​ដែល​ឲ្យ​គេ​ខ្ចី។ គេ​នឹង​ថ្កុំ‌ថ្កើង​បំផុត រីឯ​អ្នក​វិញ​អ្នក​អន់​ជាង​គេ​បំផុត។ បណ្ដាសា​ទាំង​នេះ​នឹង​កើត​មាន​ដល់​អ្នក ហើយ​ស្ថិត​នៅ​ជាប់​ជា​មួយ​អ្នក​ជានិច្ច រហូត​ទាល់​តែ​អ្នក​វិនាស ព្រោះ​អ្នក​ពុំ​បាន​ស្ដាប់​តាម​ព្រះ‌សូរសៀង​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក អ្នក​ពុំ​បាន​កាន់​តាម​បទ‌បញ្ជា និង​ក្រឹត្យ​ច្បាប់​ដែល​ព្រះអង្គ​ប្រទាន​មក​អ្នក​ឡើយ។