ទុតិយកថា 27
27
ជនជាតិអ៊ីស្រាអែលធ្វើពិធីរំឭកអំពីសម្ពន្ធមេត្រី
ថ្មនៅភ្នំអេបាល
1លោកម៉ូសេ និងក្រុមព្រឹទ្ធាចារ្យនៃជនជាតិអ៊ីស្រាអែល បានបង្គាប់ប្រជាជនដូចតទៅ៖ «ចូរប្រតិបត្តិតាមបទបញ្ជាទាំងប៉ុន្មាន ដែលខ្ញុំបង្គាប់អ្នករាល់គ្នានៅថ្ងៃនេះ។ 2#យស. ៨.៣០-៣២នៅថ្ងៃដែលអ្នករាល់គ្នាឆ្លងទន្លេយ័រដាន់ ចូលទៅក្នុងស្រុកដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រទានឲ្យ ចូរបញ្ឈរថ្មធំៗ ហើយលាបកំបោរពណ៌ស។ 3ចូរចារឹកក្រឹត្យវិន័យ*ដែលខ្ញុំប្រគល់ឲ្យលើថ្មទាំងនោះ នៅពេលអ្នកឆ្លងទៅដល់ស្រុកដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រទានឲ្យ ស្របតាមព្រះបន្ទូលរបស់ព្រះអម្ចាស់ ជាព្រះនៃបុព្វបុរសរបស់អ្នក គឺស្រុកដ៏សម្បូណ៌សប្បាយ។ 4ពេលណាអ្នកឆ្លងទន្លេយ័រដាន់ហើយ ចូរបញ្ឈរថ្មដែលខ្ញុំបង្គាប់ឲ្យបញ្ឈរនោះ នៅលើភ្នំអេបាល ហើយលាបកំបោរពណ៌សផង។ 5#នក. ២០.២៥បន្ទាប់មក ចូរយកថ្មដែលមិនទាន់មាននរណាយកពន្លាកដាប់នៅឡើយ មកសង់អាសនៈ*មួយថ្វាយព្រះអម្ចាស់ជាព្រះរបស់អ្នក 6គឺត្រូវយកថ្មដែលមិនទាន់ដាប់ សង់អាសនៈរបស់ព្រះអម្ចាស់ ជាព្រះរបស់អ្នក រួចយកតង្វាយដុត*ទាំងមូលមកថ្វាយព្រះអង្គ នៅលើអាសនៈនោះ។ 7ចូរថ្វាយយញ្ញបូជាមេត្រីភាព ហើយជប់លៀងយ៉ាងសប្បាយនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ជាព្រះរបស់អ្នក។ 8ចូរចារឹកក្រឹត្យវិន័យទាំងនេះនៅលើថ្មឲ្យច្បាស់ៗ»។#២៧.៨ ខ ២-៨ សូមអាន យស ៨.៣០-៣២។
9បន្ទាប់មក លោកម៉ូសេ និងបូជាចារ្យ*លេវី ថ្លែងទៅកាន់ប្រជាជនអ៊ីស្រាអែលទាំងមូលដូចតទៅ៖ «អ៊ីស្រាអែលអើយ ចូរស្ងៀមស្ងាត់ ហើយស្ដាប់ចុះ! ថ្ងៃនេះ អ្នកក្លាយទៅជាប្រជារាស្ត្ររបស់ព្រះអម្ចាស់ ជាព្រះរបស់អ្នក។ 10ដូច្នេះ ចូរស្ដាប់បង្គាប់ព្រះអម្ចាស់ ជាព្រះរបស់អ្នក ហើយប្រតិបត្តិតាមបទបញ្ជា និងច្បាប់របស់ព្រះអង្គ ដែលខ្ញុំប្រគល់ឲ្យនៅថ្ងៃនេះ»។
11ថ្ងៃដដែលនោះ លោកម៉ូសេបង្គាប់ប្រជាជនដូចតទៅ៖ 12#ទក. ១១.២៩; យស. ៨.៣៣-៣៥«កាលណាអ្នករាល់គ្នាឆ្លងទន្លេយ័រដាន់ហើយ កុលសម្ព័ន្ធស៊ីម្មាន លេវី យូដា អ៊ីសាខារ យ៉ូសែប និងបេនយ៉ាមីន ត្រូវឈរនៅលើភ្នំការិស៊ីម ដើម្បីប្រកាសអំពីព្រះពរប្រាប់ប្រជាជន។ 13រីឯកុលសម្ព័ន្ធរូបេន កាដ អេស៊ើរ សាប់យូឡូន ដាន់ និងណែបថាលី ត្រូវឈរនៅលើភ្នំអេបាល ដើម្បីប្រកាសអំពីបណ្ដាសា»។
បណ្ដាសាទាំងដប់ពីរ
14«ពួកលេវីត្រូវប្រកាសប្រាប់ប្រជាជនអ៊ីស្រាអែលទាំងមូលយ៉ាងខ្លាំងៗថា:
15 #
នក. ២០.៤, ៣៤.១៧; លវ. ១៩.៤, ២៦.១; ទក. ៤.១៥-១៨, ៥.៨ “អ្នកណាឆ្លាក់រូបបដិមា ឬសិតធ្វើរូបព្រះក្លែងក្លាយ ដែលព្រះអម្ចាស់ស្អប់ខ្ពើម ហើយយករូបដែលជាស្នាដៃរបស់មនុស្សទៅតម្កល់ទុកនៅកន្លែងមួយ ដើម្បីថ្វាយបង្គំដោយលួចលាក់ អ្នកនោះមុខជាត្រូវបណ្ដាសាពុំខាន!”។ ប្រជាជនទាំងអស់ត្រូវឆ្លើយព្រមគ្នាថា “អាម៉ែន!”។
16 #
នក. ២០.១២; ទក. ៥.១៦ “អ្នកណាប្រមាថមើលងាយមាតាបិតា អ្នកនោះមុខជាត្រូវបណ្ដាសាពុំខាន!”។ ប្រជាជនទាំងអស់ត្រូវឆ្លើយព្រមគ្នាថា “អាម៉ែន!”។
17 #
ទក. ១៩.១៤
“អ្នកណាបង្ខិតបង្គោលរបងចូលទៅក្នុងដីធ្លីបងប្អូនរបស់ខ្លួន អ្នកនោះមុខជាត្រូវបណ្ដាសាពុំខាន!”។ ប្រជាជនទាំងអស់ត្រូវឆ្លើយព្រមគ្នាថា “អាម៉ែន!”។
18 #
លវ. ១៩.១៤
“អ្នកណាធ្វើឲ្យមនុស្សខ្វាក់ដើរខុសផ្លូវ អ្នកនោះមុខជាត្រូវបណ្ដាសាពុំខាន!”។ ប្រជាជនទាំងអស់ត្រូវឆ្លើយព្រមគ្នាថា “អាម៉ែន!”។
19 #
នក. ២២.២១, ២៣.៩; លវ. ១៩.៣៣-៣៤; ទក. ២៤.១៧-១៨ “អ្នកណារំលោភលើសិទ្ធិជនបរទេស ក្មេងកំព្រា និងស្ត្រីមេម៉ាយ អ្នកនោះមុខជាត្រូវបណ្ដាសាពុំខាន!”។ ប្រជាជនទាំងអស់ត្រូវឆ្លើយព្រមគ្នាថា “អាម៉ែន!”។
20 #
លវ. ១៨.៨, ២០.១១; ទក. ២២.៣០ “អ្នកណារួមដំណេកជាមួយប្រពន្ធចុងឪពុករបស់ខ្លួន អ្នកនោះមុខជាត្រូវបណ្ដាសាពុំខាន! ព្រោះគេបង្អាប់កិត្តិយសរបស់ឪពុកខ្លួន”។ ប្រជាជនទាំងអស់ត្រូវឆ្លើយព្រមគ្នាថា “អាម៉ែន!”។
21 #
នក. ២២.១៩; លវ. ១៨.២៣, ២០.១៥ “អ្នកណារួមដំណេកជាមួយសត្វធាតុ អ្នកនោះមុខជាត្រូវបណ្ដាសាពុំខាន!”។ ប្រជាជនទាំងអស់ត្រូវឆ្លើយព្រមគ្នាថា “អាម៉ែន!”។
22 #
លវ. ១៨.៩, ២០.១៧ “អ្នកណារួមដំណេកជាមួយបងប្អូនស្រីរបស់ខ្លួន ទោះបីជាបងប្អូនឪពុកមួយ ឬម្ដាយមួយក្ដី អ្នកនោះមុខជាត្រូវបណ្ដាសាពុំខាន!”។ ប្រជាជនទាំងអស់ត្រូវឆ្លើយព្រមគ្នាថា “អាម៉ែន!”។
23 #
លវ. ១៨.១៧, ២០.១៤ “អ្នកណារួមដំណេកជាមួយម្ដាយក្មេករបស់ខ្លួន អ្នកនោះមុខជាត្រូវបណ្ដាសាពុំខាន!”។ ប្រជាជនទាំងអស់ត្រូវឆ្លើយព្រមគ្នាថា “អាម៉ែន!”។
24“អ្នកណាលួចប្រហារជីវិតអ្នកដទៃ អ្នកនោះមុខជាត្រូវបណ្ដាសាពុំខាន!”។ ប្រជាជនទាំងអស់ត្រូវឆ្លើយព្រមគ្នាថា “អាម៉ែន!”។
25“អ្នកណាទទួលសំណូក ដើម្បីប្រហារជីវិតជនស្លូតត្រង់ អ្នកនោះមុខជាត្រូវបណ្ដាសាពុំខាន!”។ ប្រជាជនទាំងអស់ត្រូវឆ្លើយព្រមគ្នាថា “អាម៉ែន!”។ 26#កាឡ. ៣.១០“អ្នកណាមិនគោរពសេចក្ដីដែលមានចែងទុកក្នុងក្រឹត្យវិន័យនេះ ហើយមិនប្រតិបត្តិតាមទេ អ្នកនោះមុខជាត្រូវបណ្ដាសាពុំខាន!”។ ប្រជាជនទាំងអស់ត្រូវឆ្លើយព្រមគ្នាថា “អាម៉ែន!”»។
ទើបបានជ្រើសរើសហើយ៖
ទុតិយកថា 27: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.