«នៅខែចេត្រ ចូរប្រារព្ធពិធីបុណ្យចម្លង* ថ្វាយព្រះអម្ចាស់ ជាព្រះរបស់អ្នក ដ្បិតនៅយប់ខែចេត្រនេះហើយ ដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក បាននាំអ្នកចាកចេញពីស្រុកអេស៊ីប។ ចូរយកចៀម និងគោ ធ្វើយញ្ញបូជាថ្វាយព្រះអម្ចាស់ ជាព្រះរបស់អ្នក ក្នុងឱកាសបុណ្យចម្លង នៅកន្លែងដែលព្រះអង្គនឹងជ្រើសរើសទុកជាព្រះដំណាក់ សម្រាប់សម្តែងព្រះនាមរបស់ព្រះអង្គ។ ក្នុងអំឡុងពេលបុណ្យនេះមិនត្រូវបរិភោគនំប៉័ងដែលមានដាក់មេឡើយ គឺត្រូវបរិភោគនំប៉័ងឥតមេចំនួនប្រាំពីរថ្ងៃ ជានំប៉័ងនៃទុក្ខលំបាក រំឭកពីគ្រាដែលអ្នកចាកចេញពីស្រុកអេស៊ីបយ៉ាងប្រញាប់ប្រញាល់។ ធ្វើដូច្នេះ អ្នកនឹងចងចាំអស់មួយជីវិត អំពីគ្រាដែលអ្នកចាកចេញពីស្រុកអេស៊ីប។ ក្នុងអំឡុងពេលប្រាំពីរថ្ងៃនោះ ក្នុងផ្ទះរបស់អ្នក និងនៅលើទឹកដីទាំងមូលរបស់អ្នក មិនត្រូវឲ្យមានមេដំបែឡើយ រីឯសាច់របស់សត្វដែលអ្នកសម្លាប់ធ្វើយញ្ញបូជានៅល្ងាចទីមួយ ក៏មិនត្រូវទុកមួយយប់រហូតដល់ព្រឹកដែរ។ អ្នកមិនអាចថ្វាយយញ្ញបូជានៃពិធីបុណ្យចម្លងនេះ នៅត្រង់កន្លែងណាមួយ ក្នុងស្រុកដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រទានមកអ្នកនោះឡើយ គឺត្រូវថ្វាយយញ្ញបូជានៃពិធីបុណ្យចម្លងនេះ នៅកន្លែងដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក នឹងជ្រើសរើសទុកជាព្រះដំណាក់ សម្រាប់ព្រះនាមរបស់ព្រះអង្គ។ ចូរថ្វាយយញ្ញបូជានៅពេលល្ងាច ជាពេលថ្ងៃលិច គឺចំនឹងពេលដែលអ្នកចាកចេញពីស្រុកអេស៊ីប។ ចូរចម្អិនសាច់ដែលអ្នកថ្វាយជាយញ្ញបូជា ហើយបរិភោគនៅកន្លែងដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក ជ្រើសរើស។ លុះព្រលឹមឡើង អ្នកអាចវិលត្រឡប់ទៅលំនៅដ្ឋានរបស់អ្នកវិញ។ អ្នកត្រូវបរិភោគនំប៉័ងឥតមេចំនួនប្រាំមួយថ្ងៃ។ នៅថ្ងៃទីប្រាំពីរជាថ្ងៃបុណ្យធំ សម្រាប់លើកតម្កើងព្រះអម្ចាស់ ជាព្រះរបស់អ្នក គឺមិនត្រូវធ្វើកិច្ចការអ្វីនៅថ្ងៃនោះឡើយ»។
អាន ទុតិយកថា 16
ស្ដាប់នូវ ទុតិយកថា 16
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ទុតិយកថា 16:1-8
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ