ទុតិយកថា 10:12-22

ទុតិយកថា 10:12-22 គខប

ឥឡូវ​នេះ អ៊ីស្រា‌អែល​អើយ ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​អ្នក​គោរព​កោតខ្លាច​ព្រះអង្គ ដើរ​តាម​មាគ៌ា​ទាំង​ប៉ុន្មាន​របស់​ព្រះអង្គ ហើយ​ឲ្យ​អ្នក​ស្រឡាញ់ និង​គោរព​បម្រើ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក យ៉ាង​អស់​ពី​ចិត្ត និង​អស់​ពី​គំនិត។ ព្រះ‌អម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​អ្នក​កាន់​តាម​បទ‌បញ្ជា និង​ច្បាប់​ផ្សេងៗ​របស់​ព្រះអង្គ ដែល​ខ្ញុំ​ប្រគល់​ឲ្យ​អ្នក​នៅ​ថ្ងៃ​នេះ ដើម្បី​អ្នក​មាន​សុភមង្គល។ ផ្ទៃ​មេឃ អាកាស‌វេហាស៍​ដ៏​ខ្ពស់​បំផុត និង​ផែនដី ព្រម​ទាំង​អ្វីៗ​នៅ​ទី​នោះ សុទ្ធ​តែ​ជា​កម្មសិទ្ធិ​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក។ ក្នុង​ចំណោម​ជាតិ​សាសន៍​ទាំង​ប៉ុន្មាន ព្រះ‌អម្ចាស់​ជំពាក់​ព្រះ‌ហឫទ័យ និង​ស្រឡាញ់​តែ​បុព្វបុរស​របស់​អ្នក​ប៉ុណ្ណោះ។ ក្រោយ​មក ព្រះអង្គ​ក៏​បាន​ជ្រើស​រើស​អ្នក​រាល់​គ្នា ដែល​ជា​ពូជ‌ពង្ស​របស់​ពួក​លោក​ដែរ ដូច​អ្នក​រាល់​គ្នា​ឃើញ​នៅ​ថ្ងៃ​នេះ​ស្រាប់​ហើយ។ ចូរ​ថ្វាយ​ចិត្ត​គំនិត​ទៅ​ព្រះអង្គ ហើយ​កុំ​មាន​ចិត្ត​រឹង‌រូស​ឲ្យ​សោះ ដ្បិត​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ទ្រង់​ជា​ព្រះ​លើ​ព្រះ​នានា ជា​ព្រះ‌អម្ចាស់​លើ​ព្រះ‌អម្ចាស់​នានា។ ព្រះអង្គ​ជា​ព្រះ​ដ៏​ឧត្ដម ប្រកប​ដោយ​ព្រះ‌ចេស្ដា និង​គួរ​ឲ្យ​ស្ញែង​ខ្លាច។ ព្រះអង្គ​មិន​រើស​មុខ​នរណា​ឡើយ ហើយ​ក៏​មិន​ទទួល​សំណែន​ពី​នរណា​ដែរ។ ព្រះអង្គ​រក​យុត្តិធម៌​ឲ្យ​ក្មេង​កំព្រា និង​ស្ត្រី​មេម៉ាយ ព្រះអង្គ​ស្រឡាញ់​ជន​បរទេស ព្រម​ទាំង​ប្រគល់​អាហារ និង​សម្លៀក‌បំពាក់​ឲ្យ​ពួក​គេ។ អ្នក​រាល់​គ្នា​ត្រូវ​ស្រឡាញ់​ជន​បរទេស ដែល​រស់​នៅ​ជា​មួយ​អ្នក​រាល់​គ្នា ដ្បិត​អ្នក​រាល់​គ្នា​ក៏​ធ្លាប់​ជា​ជន​បរទេស​នៅ​ស្រុក​អេស៊ីប​ដែរ។ «ចូរ​គោរព​កោតខ្លាច​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ត្រូវ​គោរព​បម្រើ​ព្រះអង្គ ជំពាក់​ចិត្ត​លើ​ព្រះអង្គ ហើយ​ស្បថ​ក្នុង​នាម​ព្រះអង្គ​តែ​ប៉ុណ្ណោះ។ ចូរ​លើក​តម្កើង​តែ​ព្រះអង្គ​ប៉ុណ្ណោះ ព្រះអង្គ​ជា​ព្រះ​របស់​អ្នក គឺ​ព្រះអង្គ​ហើយ​ដែល​បាន​ធ្វើ​ការ​អស្ចារ្យ​ដ៏​ធំៗ​គួរ​ស្ញែង​ខ្លាច នៅ​ក្នុង​ចំណោម​អ្នក ដូច​អ្នក​បាន​ឃើញ​ស្រាប់។ កាល​បុព្វបុរស​របស់​អ្នក​ចុះ​ទៅ​នៅ​ស្រុក​អេស៊ីប ពួក​គេ​មាន​គ្នា​តែ​ចិត‌សិប​នាក់​ប៉ុណ្ណោះ។ ឥឡូវ​នេះ ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក បាន​ធ្វើ​ឲ្យ​អ្នក​មាន​ចំនួន​ច្រើន​ដូច​ផ្កាយ​នៅ​លើ​មេឃ»។