ក៏ប៉ុន្តែ អ្នករាល់គ្នាពុំព្រមឡើងទៅស្រុកនោះទេ អ្នករាល់គ្នាបះបោរប្រឆាំងនឹងបញ្ជារបស់ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា អ្នករាល់គ្នារអ៊ូរទាំក្នុងតង់ត៍របស់អ្នករាល់គ្នា ដោយពោលថា “ព្រះអម្ចាស់ស្អប់ពួកយើងហើយ បានជាព្រះអង្គនាំពួកយើងចេញពីស្រុកអេស៊ីប ដើម្បីប្រគល់ពួកយើងទៅក្នុងកណ្ដាប់ដៃរបស់ជនជាតិអាម៉ូរី និងកម្ទេចពួកយើង។ តើឲ្យយើងខ្ញុំឡើងទៅណា? ពួកយើងគ្មានទឹកចិត្តនឹងឡើងទៅស្រុកនោះទេ ដ្បិតបងប្អូនរបស់យើងខ្ញុំរាយការណ៍ប្រាប់ពួកយើង ថាប្រជាជននៅស្រុកនោះខ្លាំងពូកែ ហើយមានមាឌធំជាងពួកយើង។ រីឯក្រុងរបស់ពួកគេជាក្រុងធំៗ និងមានកំពែងខ្ពស់កប់ពពក។ ពួកយើងក៏បានឃើញកូនចៅអណាក់ នៅស្រុកនោះដែរ”។ ខ្ញុំបានប្រាប់អ្នករាល់គ្នាថា: “កុំភ័យតក់ស្លុត ហើយកុំខ្លាចពួកគេឡើយ។ ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា យាងនៅមុខអ្នករាល់គ្នា ព្រះអង្គនឹងប្រយុទ្ធដើម្បីអ្នករាល់គ្នា ដូចព្រះអង្គបានប្រយុទ្ធឲ្យអ្នករាល់គ្នាឃើញ នៅស្រុកអេស៊ីបដែរ។ ក្រោយមក នៅវាលរហោស្ថាន តាមផ្លូវដែលអ្នករាល់គ្នាធ្វើដំណើររហូតមកដល់កន្លែងនេះ អ្នកឃើញស្រាប់ហើយថា ព្រះអម្ចាស់ ជាព្រះរបស់អ្នក បីអ្នក ដូចឪពុកបីកូន។ ប៉ុន្តែ នៅគ្រានោះ អ្នករាល់គ្នាពុំបានទុកចិត្តលើព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នាទេ ថ្វីដ្បិតតែព្រះអង្គយាងនៅមុខអ្នករាល់គ្នា ដើម្បីរកកន្លែងឲ្យអ្នករាល់គ្នាបោះជំរំ។ ព្រះអង្គនាំមុខអ្នករាល់គ្នាក្នុងដុំភ្លើង ដើម្បីបំភ្លឺផ្លូវដែលអ្នករាល់គ្នាត្រូវដើរនៅពេលយប់ ហើយព្រះអង្គនាំមុខអ្នករាល់គ្នាក្នុងដុំពពក* នៅពេលថ្ងៃ”។ ពេលឮពាក្យអ្នករាល់គ្នារអ៊ូរទាំ ព្រះអម្ចាស់ទ្រង់ព្រះពិរោធ ហើយមានព្រះបន្ទូលយ៉ាងម៉ឺងម៉ាត់ថា: “ក្នុងចំណោមមនុស្សដ៏អាក្រក់នៅជំនាន់នេះ គ្មាននរណាម្នាក់អាចឃើញស្រុកដ៏ល្អ ដែលយើងបានសន្យាយ៉ាងម៉ឺងម៉ាត់ថា នឹងប្រគល់ឲ្យបុព្វបុរសរបស់អ្នករាល់គ្នាឡើយ លើកលែងតែកាលែប ជាកូនរបស់យេភូនេ។ កាលែបនឹងឃើញស្រុក ហើយយើងប្រគល់ស្រុកដែលគាត់បានដើរកាត់នោះឲ្យគាត់ និងកូនចៅរបស់គាត់ ដ្បិតគាត់បានដើរតាមព្រះអម្ចាស់ ឥតល្អៀងត្រង់ណាឡើយ”។ ព្រោះតែអ្នករាល់គ្នា ព្រះអម្ចាស់ក៏ទ្រង់ព្រះពិរោធនឹងខ្ញុំ ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា “សូម្បីតែអ្នកក៏មិនចូលទៅស្រុកនោះដែរ។ សហការីរបស់អ្នក គឺយ៉ូស្វេ ជាកូនរបស់នូន នឹងចូលទៅក្នុងស្រុក។ ដូច្នេះ ចូរពង្រឹងកម្លាំងរបស់គាត់ ព្រោះគាត់នឹងនាំជនជាតិអ៊ីស្រាអែលចូលទៅកាន់កាប់ស្រុក ដែលជាចំណែកមត៌ករបស់ពួកគេ។ រីឯកូនតូចៗរបស់អ្នករាល់គ្នា ដែលអ្នករាល់គ្នាពោលថា ពួកគេមុខជាធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ខ្មាំង កូនរបស់អ្នករាល់គ្នាដែលសព្វថ្ងៃពុំទាន់ស្គាល់ការអាក្រក់ ឬល្អនៅឡើយ គឺពួកគេហើយដែលចូលទៅក្នុងស្រុកនោះ យើងនឹងប្រគល់ស្រុកឲ្យពួកគេ ហើយពួកគេនឹងកាន់កាប់ទឹកដីនោះ។ ចំណែកឯអ្នករាល់គ្នាវិញ ចូរចេញដំណើរត្រឡប់ទៅវាលរហោស្ថាន តម្រង់ឆ្ពោះទៅកាន់សមុទ្រកក់វិញ”។
អាន ទុតិយកថា 1
ស្ដាប់នូវ ទុតិយកថា 1
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ទុតិយកថា 1:26-40
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ