ព្រះរាជាក្រោកឡើងតាំងពីព្រលឹមស្រាងៗ ហើយប្រញាប់ប្រញាល់យាងឆ្ពោះទៅរូងតោ។ ទ្រង់ចូលទៅជិតរូង ទាំងស្រែកហៅលោកដានីយ៉ែល ដោយបន្លឺព្រះសូរសៀងយ៉ាងក្ដុកក្ដួលថា៖ «លោកដានីយ៉ែលជាអ្នកបម្រើរបស់ព្រះដ៏មានព្រះជន្មគង់នៅអើយ តើព្រះរបស់លោក ដែលលោកគោរពបម្រើដោយចិត្តព្យាយាមនោះ បានរំដោះលោកឲ្យរួចពីតោឬទេ?»។ លោកដានីយ៉ែលទូលទៅស្ដេចវិញថា៖ «បពិត្រព្រះរាជា សូមទ្រង់មានព្រះជន្មគង់នៅរហូតតទៅ! ព្រះរបស់ទូលបង្គំចាត់ទេវតារបស់ព្រះអង្គមកបិទមាត់តោ ដូច្នេះ វាមិនបានធ្វើបាបទូលបង្គំឡើយ ដ្បិតព្រះជាម្ចាស់ជ្រាបថា ទូលបង្គំគ្មានទោសពៃរ៍អ្វីនៅចំពោះព្រះភ័ក្ត្រព្រះអង្គទេ ហើយទូលបង្គំក៏ពុំបានប្រព្រឹត្តអ្វីខុសចំពោះព្រះករុណាដែរ»។ ពេលនោះ ព្រះមហាក្សត្រមានព្រះហឫទ័យរីករាយក្រៃលែង ទ្រង់បញ្ជាឲ្យគេយកលោកដានីយ៉ែលចេញពីរូងមកវិញ គេក៏យកលោកចេញមកឃើញថា លោកគ្មានរបួសអ្វីសោះ ដ្បិតលោកមានជំនឿលើព្រះរបស់លោក។ បន្ទាប់មក ព្រះមហាក្សត្របញ្ជាឲ្យគេនាំពួកនាម៉ឺនមន្ត្រី ដែលបានចោទប្រកាន់លោកដានីយ៉ែលយកទៅបោះនៅក្នុងរូងតោទាំងប្រពន្ធ ទាំងកូន។ មុនពេលអ្នកទាំងនោះធ្លាក់ទៅដល់បាតរូង តោបានលោតមកត្របាក់ស៊ីពួកគេខ្ទេចខ្ទីអស់។ ព្រះបាទដារីយូសចេញរាជសារមួយប្រកាសប្រាប់ប្រជាជន ប្រជាជាតិ និងមនុស្សគ្រប់ភាសា ដែលរស់នៅលើផែនដីទាំងមូលថា៖ «សូមឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្ដីសុខយ៉ាងបរិបូណ៌! យើងសុំចេញបញ្ជាដូចតទៅ គឺមនុស្សទាំងឡាយដែលរស់នៅទួទាំងរាជាណាចក្ររបស់យើង ត្រូវតែគោរពកោតខ្លាចព្រះរបស់លោកដានីយ៉ែល ដ្បិតព្រះអង្គជាព្រះដែលមានព្រះជន្មគង់នៅ ហើយព្រះអង្គនៅស្ថិតស្ថេរអស់កល្បជានិច្ច។ ព្រះរាជ្យរបស់ព្រះអង្គមិនសាបសូន្យឡើយ ព្រះអង្គគ្រងរាជ្យរហូតតរៀងទៅ។ ព្រះអង្គសង្គ្រោះ និងរំដោះមនុស្សលោក ព្រះអង្គសម្តែងទីសម្គាល់ និងឫទ្ធិបាដិហារិយ៍ នៅលើមេឃ និងនៅលើផែនដី គឺព្រះអង្គនេះហើយដែលបានសង្គ្រោះ លោកដានីយ៉ែលឲ្យរួចពីក្រញាំតោ»។ លោកដានីយ៉ែលបានចម្រុងចម្រើនរុងរឿងឡើង ក្នុងរជ្ជកាលព្រះចៅដារីយូស និងក្នុងរជ្ជកាលព្រះចៅស៊ីរូស ជាជនជាតិពែរ្ស។
អាន ដានីយ៉ែល 6
ស្ដាប់នូវ ដានីយ៉ែល 6
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ដានីយ៉ែល 6:19-28
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ