ដានីយ៉ែល 6:19-24
ដានីយ៉ែល 6:19-24 គខប
ព្រះរាជាក្រោកឡើងតាំងពីព្រលឹមស្រាងៗ ហើយប្រញាប់ប្រញាល់យាងឆ្ពោះទៅរូងតោ។ ទ្រង់ចូលទៅជិតរូង ទាំងស្រែកហៅលោកដានីយ៉ែល ដោយបន្លឺព្រះសូរសៀងយ៉ាងក្ដុកក្ដួលថា៖ «លោកដានីយ៉ែលជាអ្នកបម្រើរបស់ព្រះដ៏មានព្រះជន្មគង់នៅអើយ តើព្រះរបស់លោក ដែលលោកគោរពបម្រើដោយចិត្តព្យាយាមនោះ បានរំដោះលោកឲ្យរួចពីតោឬទេ?»។ លោកដានីយ៉ែលទូលទៅស្ដេចវិញថា៖ «បពិត្រព្រះរាជា សូមទ្រង់មានព្រះជន្មគង់នៅរហូតតទៅ! ព្រះរបស់ទូលបង្គំចាត់ទេវតារបស់ព្រះអង្គមកបិទមាត់តោ ដូច្នេះ វាមិនបានធ្វើបាបទូលបង្គំឡើយ ដ្បិតព្រះជាម្ចាស់ជ្រាបថា ទូលបង្គំគ្មានទោសពៃរ៍អ្វីនៅចំពោះព្រះភ័ក្ត្រព្រះអង្គទេ ហើយទូលបង្គំក៏ពុំបានប្រព្រឹត្តអ្វីខុសចំពោះព្រះករុណាដែរ»។ ពេលនោះ ព្រះមហាក្សត្រមានព្រះហឫទ័យរីករាយក្រៃលែង ទ្រង់បញ្ជាឲ្យគេយកលោកដានីយ៉ែលចេញពីរូងមកវិញ គេក៏យកលោកចេញមកឃើញថា លោកគ្មានរបួសអ្វីសោះ ដ្បិតលោកមានជំនឿលើព្រះរបស់លោក។ បន្ទាប់មក ព្រះមហាក្សត្របញ្ជាឲ្យគេនាំពួកនាម៉ឺនមន្ត្រី ដែលបានចោទប្រកាន់លោកដានីយ៉ែលយកទៅបោះនៅក្នុងរូងតោទាំងប្រពន្ធ ទាំងកូន។ មុនពេលអ្នកទាំងនោះធ្លាក់ទៅដល់បាតរូង តោបានលោតមកត្របាក់ស៊ីពួកគេខ្ទេចខ្ទីអស់។

