ដានីយ៉ែល 6:19-24

ដានីយ៉ែល 6:19-24 គខប

ព្រះ‌រាជា​ក្រោក​ឡើង​តាំង​ពី​ព្រលឹម​ស្រាងៗ ហើយ​ប្រញាប់‌ប្រញាល់​យាង​ឆ្ពោះ​ទៅ​រូង​តោ។ ទ្រង់​ចូល​ទៅ​ជិត​រូង ទាំង​ស្រែក​ហៅ​លោក​ដានី‌យ៉ែល ដោយ​បន្លឺ​ព្រះ‌សូរសៀង​យ៉ាង​ក្ដុក‌ក្ដួល​ថា៖ «លោក​ដានី‌យ៉ែល​ជា​អ្នក​បម្រើ​របស់​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​គង់​នៅ​អើយ តើ​ព្រះ​របស់​លោក ដែល​លោក​គោរព​បម្រើ​ដោយ​ចិត្ត​ព្យាយាម​នោះ បាន​រំដោះ​លោក​ឲ្យ​រួច​ពី​តោ​ឬ​ទេ?»។ លោក​ដានី‌យ៉ែល​ទូល​ទៅ​ស្ដេច​វិញ​ថា៖ «បពិត្រ​ព្រះ‌រាជា សូម​ទ្រង់​មាន​ព្រះ‌ជន្ម​គង់​នៅ​រហូត​ត​ទៅ! ព្រះ​របស់​ទូលបង្គំ​ចាត់​ទេវតា​របស់​ព្រះអង្គ​មក​បិទ​មាត់​តោ ដូច្នេះ វា​មិន​បាន​ធ្វើ​បាប​ទូលបង្គំ​ឡើយ ដ្បិត​ព្រះ‌ជាម្ចាស់​ជ្រាប​ថា ទូលបង្គំ​គ្មាន​ទោសពៃរ៍​អ្វី​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះអង្គ​ទេ ហើយ​ទូលបង្គំ​ក៏​ពុំ​បាន​ប្រព្រឹត្ត​អ្វី​ខុស​ចំពោះ​ព្រះ‌ករុណា​ដែរ»។ ពេល​នោះ ព្រះ‌មហា‌ក្សត្រ​មាន​ព្រះ‌ហឫទ័យ​រីក‌រាយ​ក្រៃ‌លែង ទ្រង់​បញ្ជា​ឲ្យ​គេ​យក​លោក​ដានី‌យ៉ែល​ចេញ​ពី​រូង​មក​វិញ គេ​ក៏​យក​លោក​ចេញ​មក​ឃើញ​ថា លោក​គ្មាន​របួស​អ្វី​សោះ ដ្បិត​លោក​មាន​ជំនឿ​លើ​ព្រះ​របស់​លោក។ បន្ទាប់​មក ព្រះ‌មហា‌ក្សត្រ​បញ្ជា​ឲ្យ​គេ​នាំ​ពួក​នាម៉ឺន​មន្ត្រី ដែល​បាន​ចោទ​ប្រកាន់​លោក​ដានី‌យ៉ែល​យក​ទៅ​បោះ​នៅ​ក្នុង​រូង​តោ​ទាំង​ប្រពន្ធ ទាំង​កូន។ មុន​ពេល​អ្នក​ទាំង​នោះ​ធ្លាក់​ទៅ​ដល់​បាត​រូង តោ​បាន​លោត​មក​ត្របាក់​ស៊ី​ពួក​គេ​ខ្ទេច‌ខ្ទី​អស់។