ដានីយ៉ែល 6:11-14
ដានីយ៉ែល 6:11-14 គខប
ពេលនោះ ពួកនាម៉ឺនមន្ត្រីក៏លើកគ្នាចូលមក ឃើញលោកដានីយ៉ែលកំពុងតែទូលអង្វរព្រះរបស់លោក។ ពួកគេនាំគ្នាចូលទៅគាល់ស្ដេច ទូលអំពីរាជបំរាមនោះថា៖ «បពិត្រព្រះរាជា! តើទ្រង់បានឡាយព្រះហស្ដលេខាលើបំរាមថា ក្នុងរយៈពេលសាមសិបថ្ងៃ បើអ្នកណាទូលអង្វរព្រះ ឬមនុស្ស ក្រៅពីព្រះករុណា អ្នកនោះនឹងត្រូវបោះទៅក្នុងរូងតោមែនឬ?»។ ព្រះមហាក្សត្រឆ្លើយថា៖ «ត្រូវហើយ! យើងបានសម្រេចដូច្នេះមែន គឺស្របតាមច្បាប់របស់ជនជាតិមេឌី និងពែរ្ស ដែលមិនអាចប្រែក្រឡាស់បានឡើយ»។ ពួកគេក៏ទូលព្រះរាជាថា៖ «បពិត្រព្រះរាជា លោកដានីយ៉ែលជាអ្នកដែលគេជន្លៀសមកពីស្រុកយូដា ពុំបានអើពើនឹងព្រះករុណា ហើយក៏មិនគោរពតាមបំរាមដែលទ្រង់បានឡាយព្រះហស្ដដែរ! គឺលោកនៅតែអធិស្ឋានមួយថ្ងៃបីដង»។ កាលស្ដេចព្រះសណ្ដាប់ដូច្នេះហើយ ទ្រង់ព្រួយព្រះហឫទ័យជាខ្លាំង។ ព្រះរាជាចង់ដោះលែងលោកដានីយ៉ែលណាស់ គឺតាំងពីពេលនោះរហូតដល់ល្ងាច ទ្រង់រិះរកមធ្យោបាយដោះលែងលោកដានីយ៉ែល។

