ដានីយ៉ែល 5:22-28

ដានីយ៉ែល 5:22-28 គខប

បពិត្រ​ព្រះ‌ករុណា​បេលសា‌សារ​ជា​ព្រះ‌រាជ​បុត្រ ទោះ​បី​ព្រះ‌ករុណា​ជ្រាប​ហេតុ‌ការណ៍​ទាំង​នោះ​ក្ដី ក៏​ទ្រង់​ពុំ​បាន​បន្ទាប​ខ្លួន​ដែរ ព្រះ‌ករុណា​បាន​ប្រឆាំង​ព្រះ‌អម្ចាស់​នៃ​ស្ថាន​បរម‌សុខ ដោយ​បញ្ជា​ឲ្យ​គេ​យក​ពែង​ពី​ព្រះ‌វិហារ​របស់​ព្រះអង្គ មក​ចាក់​ស្រា​សម្រាប់​ព្រះ‌ករុណា សម្រាប់​នាម៉ឺន​មន្ត្រី សម្រាប់​ពួក​មហេសី និង​ពួក​ស្នំ។ បន្ទាប់​មក ព្រះ‌ករុណា​បាន​សរសើរ​តម្កើង​ព្រះ​ដែល​ធ្វើ​ពី​មាស ប្រាក់ លង្ហិន ដែក ឈើ និង​ថ្ម​ទៅ​វិញ ជា​ព្រះ​ដែល​មិន​ចេះ​មើល មិន​ចេះ​ស្ដាប់ ហើយ​មិន​ដឹង​អ្វី​ទាំង​អស់ គឺ​ព្រះ‌ករុណា​មិន​បាន​លើក​តម្កើង​ព្រះ​ដែល​ជា​ម្ចាស់​លើ​ព្រះ‌ជន្ម និង​ជា​ម្ចាស់​លើ​ដំណើរ​ជីវិត​របស់​ព្រះ‌ករុណា​ឡើយ។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌ជាម្ចាស់​ចាត់​ម្រាម​ដៃ​ឲ្យ​មក​សរសេរ​អក្សរ​នេះ គឺ “ម៉េណេ ម៉េណេ តេកែល និង​អ៊ូប៉ារ‌ស៊ីន”។ ពាក្យ​ទាំង​នេះ​មាន​ន័យ​ដូច​ត​ទៅ: “ម៉េណេ” (ប្រែ​ថា​រាប់) មាន​ន័យ​ថា​ព្រះ‌ជាម្ចាស់​បាន​រាប់​ចំនួន​ថ្ងៃ​នៃ​រាជ្យ​របស់​ព្រះ‌ករុណា ហើយ​ព្រះអង្គ​បាន​បញ្ចប់​រាជ្យ​នេះ​ហើយ។ “តេកែល” (ប្រែ​ថា​ថ្លឹង) មាន​ន័យ​ថា ព្រះ‌ជាម្ចាស់​បាន​ថ្លឹង​ព្រះ‌ករុណា​លើ​ជញ្ជីង​រួច​ហើយ ហើយ​ទ្រង់​ទត​ឃើញ​ថា ស្រាល​ពេក។ “ពេរេស” (ប្រែ​ថា​ចែក) មាន​ន័យ​ថា ព្រះ‌ជាម្ចាស់​នឹង​ចែក​រាជា‌ណាចក្រ​របស់​ព្រះ‌ករុណា​ជា​ពីរ គឺ​មួយ​ចំណែក​ឲ្យ​ជន‌ជាតិ​មេឌី និង​មួយ​ចំណែក​ទៀត​ឲ្យ​ជន‌ជាតិ​ពែរ្ស»។