ដានីយ៉ែល 2:24-49

ដានីយ៉ែល 2:24-49 គខប

បន្ទាប់​មក លោក​ដានី‌យ៉ែល​ទៅ​ជួប​លោក​អើយ៉ុក ដែល​ទទួល​បញ្ជា​ពី​ស្ដេច​ក្នុង​ការ​ប្រហារ​ជីវិត​ពួក​អ្នក​ប្រាជ្ញ​នៅ​ស្រុក​បាប៊ី‌ឡូន។ លោក​ប្រាប់​គាត់​ថា៖ «សូម​កុំ​ប្រហារ​ជីវិត​អ្នក​ប្រាជ្ញ​របស់​ស្រុក​បាប៊ី‌ឡូន​ឡើយ តែ​សូម​នាំ​ខ្ញុំ​ចូល​ទៅ​គាល់​ព្រះ‌ករុណា​វិញ ខ្ញុំ​នឹង​កាត់​ស្រាយ​អត្ថ‌ន័យ​សុបិន​ថ្វាយ»។ លោក​អើយ៉ុក​ក៏​ប្រញាប់‌ប្រញាល់​នាំ​លោក​ដានី‌យ៉ែល​ទៅ​គាល់​ព្រះ‌មហា‌ក្សត្រ ហើយ​ទូល​ថា៖ «ទូលបង្គំ​រក​បាន​បុរស​ម្នាក់ ក្នុង​ចំណោម​ជន‌ជាតិ​យូដា​ដែល​ទ្រង់​ជន្លៀស​យក​មក គាត់​អាច​កាត់​ស្រាយ​អត្ថ‌ន័យ​នៃ​សុបិន​ថ្វាយ​ព្រះ‌ករុណា​បាន»។ ព្រះ‌រាជា​មាន​រាជ‌ឱង្ការ​មក​កាន់​លោក​ដានី‌យ៉ែល ហៅ​បេល‌ថិស្សា‌សារ​ថា៖ «តើ​លោក​ពិត​ជា​អាច​ធ្វើ​ឲ្យ​យើង​នឹក​ឃើញ​សុបិន​ដែល​យើង​បាន​និមិត្ត ព្រម​ទាំង​កាត់​ស្រាយ​អត្ថ‌ន័យ​បាន​មែន​ឬ?»។ លោក​ដានី‌យ៉ែល​ទូល​ព្រះ‌រាជា​វិញ​ថា៖ «អាថ៌‌កំបាំង​ដែល​ព្រះ‌ករុណា​ចង់​ដឹង​នោះ គ្មាន​អ្នក​ប្រាជ្ញ ហោរា គ្រូ​មន្ត‌អាគម ឬ​គ្រូ​ទាយ​ណា​អាច​ទូល​ថ្វាយ​ព្រះ‌ករុណា​បាន​ទេ។ ប៉ុន្តែ នៅ​ស្ថាន​បរម‌សុខ​មាន​ព្រះ​មួយ​អង្គ ដែល​សម្តែង​គម្រោង‌ការ​ដ៏​លាក់​កំបាំង​ផ្សេងៗ ហើយ​ព្រះអង្គ​ប្រោស​ប្រទាន​ឲ្យ​ព្រះ‌ករុណា នេប៊ូ‌ក្នេសា ជ្រាប​អំពី​ហេតុ‌ការណ៍​ដែល​នឹង​កើត​មាន​នៅ​អនាគត‌កាល។ សូម​ទ្រង់​ព្រះ‌សណ្ដាប់​អំពី​សុបិន និង​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ ដែល​ព្រះ‌ករុណា​បាន​ឃើញ​នៅ​ពេល​ផ្ទំ​ដូច​ត​ទៅ: បពិត្រ​ព្រះ‌រាជា ពេល​ទ្រង់​ផ្ទំ ព្រលឹង​របស់​ព្រះ‌រាជា​បាន​ឃើញ​ហេតុ‌ការណ៍​ដែល​នឹង​កើត​មាន​នៅ​ពេល​ខាង​មុខ។ ព្រះ​ដែល​សម្តែង​គម្រោង‌ការ​ដ៏​លាក់​កំបាំង សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​ព្រះ‌ករុណា​ជ្រាប​អំពី​ការ​ដែល​នឹង​កើត​មាន​នៅ​អនាគត។ ព្រះ‌ជាម្ចាស់​បាន​សម្តែង​ឲ្យ​ទូលបង្គំ​ស្គាល់​គម្រោង‌ការ​ដ៏​លាក់​កំបាំង​ដូច្នេះ មិន​មែន​មក​ពី​ទូលបង្គំ​មាន​ប្រាជ្ញា​លើស​មនុស្ស​ទាំង​អស់​ទេ គឺ​ព្រះអង្គ​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​ទូលបង្គំ​ពន្យល់​អត្ថ‌ន័យ​ថ្វាយ​ព្រះ‌ករុណា ហើយ​ឲ្យ​ព្រះ‌ករុណា​ជ្រាប​ពី​គំនិត ដែល​ស្ថិត​នៅ​ក្នុង​ព្រះ‌ហឫទ័យ​របស់​ព្រះ‌ករុណា​ផ្ទាល់។ បពិត្រ​ព្រះ‌រាជា ក្នុង​សុបិន​និមិត្ត ទ្រង់​ឃើញ​រូប​បដិមា​មួយ ដែល​មាន​ទំហំ​យ៉ាង​ធំ​ពន់​ពេក​ក្រៃ ហើយ​ថ្កុំ‌ថ្កើង​រុងរឿង​អស្ចារ្យ​ណាស់។ រូប​នោះ​ឈរ​នៅ​មុខ​ព្រះ‌ករុណា និង​មាន​សភាព​គួរ​ឲ្យ​ស្ញែង​ខ្លាច។ ក្បាល​របស់​រូប​នោះ​ធ្វើ​ពី​មាស​សុទ្ធ ទ្រូង និង​ដៃ​ធ្វើ​ពី​ប្រាក់ ពោះ និង​ភ្លៅ​ធ្វើ​ពី​លង្ហិន ជើង​ទាំង​ពីរ​ធ្វើ​ពី​ដែក ហើយ​ប្រអប់​ជើង​ទាំង​ពីរ​មាន​មួយ​ផ្នែក​ធ្វើ​ពី​ដែក និង​មួយ​ផ្នែក​ទៀត​ធ្វើ​ពី​ដី​ឥដ្ឋ។ ពេល​ព្រះ‌ករុណា​កំពុង​តែ​ទត​មើល​នោះ ស្រាប់​តែ​មាន​ថ្ម​មួយ​ដុំ​ធ្លាក់​ចុះ​មក​ដោយ​ឯក‌ឯង ហើយ​ទង្គិច​នឹង​ប្រអប់​ជើង​ដែល​ធ្វើ​ពី​ដែក និង​ដី​ឥដ្ឋ ធ្វើ​ឲ្យ​ប្រអប់​ជើង​របស់​រូប​បដិមា​បាក់​បែក​ខ្ទេច‌ខ្ទី​អស់។ ពេល​នោះ ដែក ដី​ឥដ្ឋ លង្ហិន ប្រាក់ និង​មាស ក៏​បាក់​បែក​ខ្ទេច‌ខ្ទី​ក្លាយ​ទៅ​ជា​ធូលី​ដែល​ត្រូវ​ខ្យល់​ផាត់​បាត់​ទៅ ដូច​សម្ដី​នៅ​ក្នុង​លាន​បោក​បែន​ស្រូវ​ដែរ គឺ​ឥត​ទុក​ស្នាម​អ្វី​សោះ​ឡើយ។ រីឯ​ដុំ​ថ្ម​ដែល​ទង្គិច​នឹង​រូប​បដិមា​នោះ បាន​ក្លាយ​ទៅ​ជា​ភ្នំ​មួយ​យ៉ាង​ធំ ពេញ​ផែនដី​ទាំង​មូល។ នេះ​ហើយ​សុបិន​របស់​ព្រះ‌ករុណា ដែល​យើង​ខ្ញុំ​សូម​កាត់​ស្រាយ​ថ្វាយ​ដូច​ត​ទៅ: បពិត្រ​ព្រះ‌រាជា ទ្រង់​ជា​ព្រះ‌មហា‌ក្សត្រ​លើ​ព្រះ‌មហា‌ក្សត្រ​នានា ដ្បិត​ព្រះ‌ជាម្ចាស់​នៃ​ស្ថាន​បរម‌សុខ​បាន​ប្រទាន​រាជ​សម្បត្តិ ឫទ្ធា‌នុភាព ចេស្ដា និង​សិរី‌រុងរឿង មក​ព្រះ‌ករុណា។ ព្រះអង្គ​បាន​ប្រទាន​មនុស្ស​លោក សត្វ​ព្រៃ និង​បក្សា‌បក្សី​នៅ​លើ​មេឃ មក​ក្នុង​ព្រះ‌ហស្ដ​ព្រះ‌ករុណា ឲ្យ​ព្រះ‌ករុណា​គ្រប់‌គ្រង​លើ​ទាំង​អស់ ទោះ​បី​នៅ​ទី​ណា​ក៏​ដោយ។ ព្រះ‌ករុណា​នេះ​ហើយ​ជា​ក្បាល​រូប​បដិមា​ធ្វើ​ពី​មាស។ បន្ទាប់​ពី​ព្រះ‌ករុណា​នឹង​មាន​រាជា‌ណាចក្រ​មួយ​ទៀត​កើត​ឡើង ប៉ុន្តែ ខ្សោយ​ជាង​រាជា‌ណាចក្រ​របស់​ព្រះ‌ករុណា។ ក្រោយ​មក មាន​រាជា‌ណាចក្រ​ទី​បី គឺ​លង្ហិន​គ្រប់‌គ្រង​លើ​ពិភព​លោក​ទាំង​មូល។ លុះ​ក្រោយ​មក​ទៀត មាន​រាជា‌ណាចក្រ​ទី​បួន​រឹង‌មាំ​ដូច​ដែក។ ដែក​កម្ទេច ហើយ​បំបាក់​អ្វីៗ​ទាំង​អស់​យ៉ាង​ណា រាជា‌ណាចក្រ​នោះ​នឹង​កម្ទេច ហើយ​បំបែក​អ្វីៗ​ទាំង​អស់​យ៉ាង​នោះ​ដែរ។ ព្រះ‌ករុណា​បាន​ទត​ឃើញ​ប្រអប់​ជើង និង​ម្រាម​ជើង ដែល​មួយ​ផ្នែក​ធ្វើ​អំពី​ដី​ឥដ្ឋ​របស់​ជាង​ស្មូន និង​មួយ​ផ្នែក​ទៀត​ធ្វើ​អំពី​ដែក គឺ​សំដៅ​ទៅ​លើ​រាជា‌ណាចក្រ​នោះ​ដែល​នឹង​ត្រូវ​បែង​ចែក​ជា​ពីរ ប៉ុន្តែ រាជា‌ណាចក្រ​នោះ​មាន​មួយ​ផ្នែក​រឹង‌មាំ​ដូច​ដែក ដ្បិត​ព្រះ‌ករុណា​បាន​ឃើញ​ដែក​ជាប់​ជា​មួយ​ដី​ឥដ្ឋ។ ម្រាម​ជើង​របស់​រូប​បដិមា​មាន​មួយ​ផ្នែក​ធ្វើ​ពី​ដែក និង​មួយ​ផ្នែក​ទៀត​ធ្វើ​ពី​ដី​ឥដ្ឋ បាន​សេចក្ដី​ថា រាជា‌ណាចក្រ​នោះ​នឹង​មាន​ឫទ្ធិ​អំណាច​មួយ​ផ្នែក ហើយ​ក៏​ខ្សោយ​មួយ​ផ្នែក​ដែរ។ ព្រះ‌ករុណា​ទត​ឃើញ​ដែក​ជាប់​ជា​មួយ​ដី​ឥដ្ឋ ព្រោះ​រាជា‌ណាចក្រ​នោះ​ត‌ភ្ជាប់​គ្នា ដោយ‌សារ​ចំណង​ស្ពាន‌មេត្រី​របស់​មនុស្ស តែ​គេ​មិន​រលាយ​ចូល​គ្នា​ទេ គឺ​ដូច​ដែក និង​ដី​ឥដ្ឋ ពុំ​អាច​រលាយ​ចូល​គ្នា​បាន​ឡើយ។ ក្នុង​រជ្ជកាល​របស់​ស្ដេច​ទាំង​នោះ ព្រះ‌ជាម្ចាស់​នៃ​ស្ថាន​បរម‌សុខ​នឹង​ធ្វើ​ឲ្យ​រាជា‌ណាចក្រ​មួយ​ទៀត​កើត​ឡើង ដែល​មិន​រលាយ ហើយ​ក៏​មិន​ធ្លាក់​ទៅ​ក្រោម​អំណាច​គ្រប់‌គ្រង​របស់​ប្រជា‌ជាតិ​ណា​មួយ​ឡើយ។ រាជា‌ណាចក្រ​មួយ​នេះ​នឹង​កម្ទេច​រាជា‌ណាចក្រ​ឯ​ទៀតៗ​ទាំង​ប៉ុន្មាន ដែល​មាន​ពី​មុន​ឲ្យ​វិនាស​សូន្យ ហើយ​រាជា‌ណាចក្រ​នេះ​នឹង​នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ ដូច​ព្រះ‌ករុណា​បាន​ឃើញ​ថ្ម​ធ្លាក់​ចុះ​ពី​លើ​ភ្នំ ដោយ​ឯក‌ឯង កម្ទេច​ដែក​លង្ហិន​ដី​ឥដ្ឋ និង​មាស​ដែរ។ ព្រះ‌ជាម្ចាស់​ដ៏​ឧត្ដម​បាន​បង្ហាញ​ឲ្យ​ព្រះ‌ករុណា​ជ្រាប​អំពី​ហេតុ‌ការណ៍ ដែល​នឹង​កើត​មាន​នៅ​ពេល​ខាង​មុខ។ សុបិន​របស់​ព្រះ‌ករុណា​ជា​ការ​ពិត និង​មាន​អត្ថ‌ន័យ​គួរ​ឲ្យ​ជឿ​ទុក​ចិត្ត»។ ពេល​នោះ ព្រះចៅ​នេប៊ូ‌ក្នេសា​ក្រាប​ចុះ ឱន​ព្រះ‌ភ័ក្ត្រ​ដល់​ដី ថ្វាយ‌បង្គំ​លោក​ដានី‌យ៉ែល ហើយ​បញ្ជា​ឲ្យ​គេ​ធ្វើ​យញ្ញ‌បូជា និង​ដុត​គ្រឿង​ក្រអូប ដើម្បី​គោរព​លោក។ ព្រះ‌រាជា​មាន​រាជ‌ឱង្ការ​មក​លោក​ដានី‌យ៉ែល​ថា៖ «ព្រះ​របស់​អស់​លោក​ពិត​ជា​ព្រះ​លើ​ព្រះ​នានា និង​ជា​ព្រះ‌អម្ចាស់​លើ​ព្រះ‌អម្ចាស់​នានា​មែន! មាន​តែ​ព្រះអង្គ​ទេ​ដែល​សម្តែង​គម្រោង‌ការ​ដ៏​លាក់​កំបាំង​ទាំង‌ឡាយ ហេតុ​នេះ​ហើយ​បាន​ជា​លោក​រក​ឃើញ​គម្រោង‌ការ​ដ៏​លាក់​កំបាំង​នេះ»។ បន្ទាប់​មក ព្រះ‌រាជា​បាន​លើក​តម្កើង​លោក​ដានី‌យ៉ែល ព្រម​ទាំង​ប្រទាន​រង្វាន់​ដ៏​មាន​តម្លៃ​យ៉ាង​ច្រើន​ដល់​លោក។ ស្ដេច​ក៏​ប្រទាន​ឲ្យ​លោក​ត្រួត‌ត្រា​លើ​អាណា‌ខេត្ត​បាប៊ី‌ឡូន​ទាំង​មូល និង​ឲ្យ​លោក​ធ្វើ​ជា​ប្រមុខ​លើ​ពួក​អ្នក​ប្រាជ្ញ​ទាំង​អស់​នៅ​ស្រុក​បាប៊ី‌ឡូន។ លោក​ដានី‌យ៉ែល​ទូល‌អង្វរ​ស្ដេច សូម​ទ្រង់​ប្រទាន​ឲ្យ​លោក​សាដ្រាក់ លោក​មែសាក់ និង​លោក​អបេឌ-‌នេកោ គ្រប់‌គ្រង​លើ​អាណា‌ខេត្ត​បាប៊ី‌ឡូន ហើយ​ខ្លួន​លោក​ផ្ទាល់​នៅ​បម្រើ​ព្រះ‌មហា‌ក្សត្រ​ក្នុង​ព្រះ‌បរម​រាជ​វាំង។