នៅឆ្នាំទីពីរនៃរជ្ជកាលព្រះចៅនេប៊ូក្នេសា ទ្រង់បានយល់សុបិននិមិត្ត ដែលធ្វើឲ្យទ្រង់ខ្វល់ព្រះហឫទ័យ មិនអាចផ្ទំលក់ទៀតបានឡើយ។ ព្រះមហាក្សត្របានកោះហៅពួកគ្រូមន្តអាគម ហោរា គ្រូធ្មប់ និងគ្រូទាយមក ដើម្បីកាត់ស្រាយសុបិនថ្វាយព្រះរាជា គេក៏នាំគ្នាចូលមកគាល់ស្ដេច។ ព្រះមហាក្សត្រមានរាជឱង្ការថា៖ «យើងបានសុបិននិមិត្ត ហើយខ្វល់ខ្វាយក្នុងចិត្តណាស់ ព្រោះយើងចង់ដឹងថាបានសុបិនឃើញអ្វី»។ ពួកគ្រូទាយទូលស្ដេចវិញជាភាសាអារ៉ាមថា៖ «បពិត្រព្រះរាជា សូមទ្រង់មានព្រះជន្មគង់នៅជាយូរអង្វែងតរៀងទៅ! សូមព្រះករុណាមានរាជឱង្ការឲ្យយើងខ្ញុំដឹងផងថា ព្រះករុណាទ្រង់សុបិនយ៉ាងណា យើងខ្ញុំនឹងកាត់ស្រាយអត្ថន័យថ្វាយ»។ ព្រះមហាក្សត្រមានរាជឱង្ការទៅកាន់គ្រូទាយទាំងនោះវិញថា៖ «យើងបានសម្រេចចិត្តដូចតទៅ: ប្រសិនបើអ្នករាល់គ្នាមិនប្រាប់ឲ្យយើងដឹងអំពីសុបិន ព្រមទាំងកាត់ស្រាយអត្ថន័យទេនោះ យើងនឹងកាប់ចិញ្ច្រាំអ្នករាល់គ្នា ហើយដុតផ្ទះអ្នករាល់គ្នាឲ្យទៅជាផេះទៀតផង។ ផ្ទុយទៅវិញ ប្រសិនបើអ្នករាល់គ្នាប្រាប់ឲ្យយើងដឹងអំពីសុបិន ព្រមទាំងកាត់ស្រាយន័យ យើងនឹងឲ្យរង្វាន់ដ៏មានតម្លៃ និងយសស័ក្ដិដ៏ខ្ពង់ខ្ពស់ដល់អ្នករាល់គ្នាទៀតផង។ ដូច្នេះ អ្នករាល់គ្នាត្រូវតែប្រាប់ឲ្យយើងដឹងអំពីសុបិន និងអត្ថន័យរបស់វា»។ ពួកគេទូលព្រះមហាក្សត្រសាជាថ្មីថា៖ «សូមព្រះករុណាប្រាប់យើងខ្ញុំឲ្យដឹងពីសុបិននោះមក យើងខ្ញុំនឹងកាត់ស្រាយអត្ថន័យថ្វាយ»។ ព្រះមហាក្សត្រមានរាជឱង្ការទៅពួកគេវិញថា៖ «យើងដឹងច្បាស់ណាស់ថា អ្នករាល់គ្នាចង់ពន្យារពេល ព្រោះតែយើងបានសម្រេចដូច្នេះ គឺប្រសិនបើអ្នករាល់គ្នាមិនប្រាប់ឲ្យយើងដឹងអំពីសុបិននេះទេ យើងនឹងធ្វើទោសអ្នករាល់គ្នាមិនខាន។ អ្នករាល់គ្នាបានឃុបឃិតគ្នា ប្រឌិតរឿងក្លែងក្លាយបញ្ឆោតយើង ដើម្បីឲ្យបានចំណេញពេល។ ឥឡូវនេះ ត្រូវប្រាប់ឲ្យយើងដឹងអំពីសុបិនមក នោះយើងនឹងឃើញថា អ្នករាល់គ្នាពិតជាអាចបកស្រាយអត្ថន័យប្រាប់យើងមែន!»។ គ្រូទាយទាំងនោះទូលព្រះមហាក្សត្រថា៖ «បពិត្រព្រះរាជា នៅលើផែនដី ពុំមាននរណាម្នាក់អាចធ្វើតាមបញ្ជារបស់ព្រះករុណាបានឡើយ។ គ្មានស្ដេចណាមួយ ទោះបីជាស្ដេចដ៏ធំឧត្ដុង្គឧត្ដម និងមានឫទ្ធិអំណាចយ៉ាងណាក្ដី ធ្លាប់បង្ខំគ្រូមន្តអាគម ហោរា និងគ្រូទាយឲ្យធ្វើការអ្វីដូចព្រះករុណាបានបង្គាប់នេះទេ។ ព្រះករុណាបញ្ជាដូច្នេះហួសពីសមត្ថភាពដែលមនុស្សអាចធ្វើបាន ក្រៅពីព្រះដែលមិនស្ថិតនៅក្នុងចំណោមសត្វលោកនេះ គ្មាននរណាម្នាក់អាចធ្វើតាមបញ្ជារបស់ព្រះករុណាបានទេ»។ ពេលឮដូច្នេះ ព្រះរាជាក្រេវក្រោធយ៉ាងខ្លាំងឥតឧបមា ទ្រង់ក៏ចេញបញ្ជាឲ្យគេប្រហារជីវិតអ្នកប្រាជ្ញទាំងប៉ុន្មាននៅស្រុកបាប៊ីឡូន។ គេបានប្រកាសផ្សាយរាជបញ្ជា ហើយពួកអ្នកប្រាជ្ញត្រូវគេនាំយកទៅ បម្រុងនឹងប្រហារជីវិត។ គេក៏រកចាប់លោកដានីយ៉ែល និងមិត្តភក្ដិរបស់លោកយកទៅសម្លាប់ដែរ។ លោកអើយ៉ុក ជាមេបញ្ជាការកងរក្សាព្រះមហាក្សត្រ ទទួលបន្ទុកចាប់អ្នកប្រាជ្ញស្រុកបាប៊ីឡូនយកទៅប្រហារជីវិត។ ពេលនោះ លោកដានីយ៉ែលបានសាកសួរដោយប្រុងប្រយ័ត្ន និងវាងវៃថា៖ «ហេតុដូចម្ដេចបានជាព្រះមហាក្សត្រចេញបញ្ជាតឹងរ៉ឹងបែបនេះ?»។ លោកអើយ៉ុកក៏រៀបរាប់រឿងហេតុប្រាប់លោកដានីយ៉ែល។ លោកដានីយ៉ែលទៅគាល់ព្រះរាជា ទូលសូមពន្យារពេល ដើម្បីទុកឲ្យលោកពន្យល់អត្ថន័យនៃសុបិនថ្វាយ។ បន្ទាប់មក លោកទៅផ្ទះវិញ ជម្រាបលោកហាណានា លោកមីសាអែល និងលោកអសារាជាមិត្តភក្ដិឲ្យបានជ្រាបពីហេតុការណ៍នេះ ហើយបបួលគ្នាទូលអង្វរព្រះជាម្ចាស់នៃស្ថានបរមសុខ សូមទ្រង់អាណិតមេត្តាបំភ្លឺលោកឲ្យយល់អាថ៌កំបាំងនេះ កុំឲ្យគេប្រហារជីវិតលោក និងមិត្តភក្ដិ ព្រមទាំងអ្នកប្រាជ្ញឯទៀតៗនៅស្រុកបាប៊ីឡូនឡើយ។ ពេលនោះ ព្រះជាម្ចាស់បានបំភ្លឺលោកដានីយ៉ែលឲ្យដឹងការអាថ៌កំបាំងនេះ តាមរយៈនិមិត្តហេតុដ៏អស្ចារ្យនៅពេលយប់។ លោកដានីយ៉ែលក៏លើកតម្កើងព្រះជាម្ចាស់នៃស្ថានបរមសុខ*។ លោកពោលថា៖ «សូមលើកតម្កើងព្រះនាមព្រះជាម្ចាស់ អស់កល្បជាអង្វែងតរៀងទៅ! ព្រះអង្គប្រកបដោយព្រះប្រាជ្ញាញាណ និងព្រះចេស្ដា ព្រះអង្គធ្វើឲ្យពេលវេលា និងរដូវកាលផ្លាស់ប្ដូរជាបន្តបន្ទាប់គ្នា ព្រះអង្គទម្លាក់ស្ដេចនានាពីរាជបល្ល័ង្ក ព្រះអង្គលើកស្ដេចនានាឲ្យឡើងគ្រងរាជ្យ ព្រះអង្គប្រទានប្រាជ្ញាដល់ពួកអ្នកប្រាជ្ញ និងប្រទានចំណេះដល់អ្នកដែលចេះពិចារណា ព្រះអង្គសម្តែងឲ្យស្គាល់អ្វីៗ ដែលមានអត្ថន័យជ្រៅជ្រះ និងលាក់កំបាំង ព្រះអង្គឈ្វេងយល់អ្វីៗដែលស្ថិតនៅក្នុងភាពងងឹត ដ្បិតមានពន្លឺស្ថិតនៅជាមួយព្រះអង្គ។ បពិត្រព្រះនៃបុព្វបុរសរបស់ទូលបង្គំ ទូលបង្គំសូមសរសើរ និងលើកតម្កើងព្រះអង្គ ព្រោះព្រះអង្គប្រទានប្រាជ្ញា និងកម្លាំងមកទូលបង្គំ។ ព្រះអង្គបានសម្តែងឲ្យទូលបង្គំស្គាល់នូវអ្វីៗ ដែលយើងខ្ញុំទូលសូមព្រះអង្គ ហើយព្រះអង្គក៏បានសម្តែងឲ្យយើងដឹង អំពីហេតុការណ៍ដែលនឹងកើតមានដល់ ព្រះរាជាដែរ»។
អាន ដានីយ៉ែល 2
ស្ដាប់នូវ ដានីយ៉ែល 2
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ដានីយ៉ែល 2:1-23
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ