នៅគ្រាចុងក្រោយ មហាទេវតាមីកែល ដែលជាមេដ៏សំខាន់របស់ពពួកទេវតា ហើយជាអ្នកថែរក្សាប្រជាជនរបស់លោកនឹងក្រោកឈរឡើង។ គ្រានោះ នឹងមានទុក្ខលំបាកយ៉ាងខ្លាំង គឺតាំងពីពេលកើតមានប្រជាជាតិរហូតមកដល់ថ្ងៃនេះ មនុស្សលោកមិនដែលរងទុក្ខលំបាកដូច្នេះទេ។ ប៉ុន្តែ នៅគ្រានោះ ក្នុងចំណោមប្រជាជនរបស់លោក អស់អ្នកដែលមានឈ្មោះកត់ទុកក្នុងក្រាំងជីវិតនឹងត្រូវរួចខ្លួន។ មានមនុស្សជាច្រើនដែលស្ថិតនៅក្នុងផ្នូរនឹងរស់ឡើងវិញ អ្នកខ្លះនឹងទទួលជីវិតអស់កល្បជានិច្ច អ្នកខ្លះទៀតនឹងត្រូវអាម៉ាស់មុខ ព្រមទាំងរងទុក្ខទោសអស់កល្បជានិច្ចផង។ រីឯអស់អ្នកដែលមានប្រាជ្ញាវិញ នឹងភ្លឺដូចផ្ទៃមេឃ ហើយអស់អ្នកដែលជួយណែនាំមនុស្សម្នាជាច្រើនឲ្យប្រព្រឹត្តអំពើសុចរិត គេនឹងបានភ្លឺដូចផ្កាយ អស់កល្បជាអង្វែងតរៀងទៅ។ ចំពោះលោកវិញ លោកដានីយ៉ែលអើយ សូមលាក់សេចក្ដីដែលមានសរសេរទុកក្នុងសៀវភៅនេះឲ្យជិត រហូតដល់ពេលចុងក្រោយបំផុត។ មនុស្សជាច្រើននឹងស្វែងយល់ ហើយចំណេះរបស់គេនឹងបានចម្រើនឡើង»។ ពេលនោះ ខ្ញុំ ដានីយ៉ែល ក្រឡេកមើលទៅឃើញបុរសពីរនាក់ទៀតឈរនៅមាត់ទន្លេ ម្នាក់នៅត្រើយខាងអាយ ម្នាក់ទៀតនៅត្រើយខាងនាយ។ បុរសម្នាក់ពោលទៅកាន់ទេវតាមានសម្លៀកបំពាក់ធ្វើពីក្រណាត់ភ្លឺរលើប ដែលឈរនៅលើទឹកទន្លេនោះថា៖ «តើហេតុការណ៍ដ៏អស្ចារ្យនេះត្រូវចប់នៅពេលណា?»។ ទេវតាមានសម្លៀកបំពាក់ធ្វើពីក្រណាត់ភ្លឺរលើប ហើយឈរនៅលើទឹកទន្លេ លើកដៃទាំងពីរឆ្ពោះទៅលើមេឃ ហើយខ្ញុំឮលោកប្រកាសយ៉ាងឱឡារិក ក្នុងនាមព្រះជាម្ចាស់ ដែលមានព្រះជន្មគង់នៅអស់កល្បជានិច្ចថា៖ «ហេតុការណ៍ទាំងនេះនឹងកើតមានក្នុងអំឡុងពេលបីឆ្នាំកន្លះ ហើយនឹងត្រូវចប់នៅពេល ដែលប្រជារាស្ត្រដ៏វិសុទ្ធលែងមានកម្លាំងទ្រាំទ្រទៀតបាន»។ ខ្ញុំ ដានីយ៉ែល បានឮពាក្យទាំងនេះ តែពុំបានយល់អត្ថន័យទេ ខ្ញុំក៏សួរថា៖ «លោកម្ចាស់អើយ តើហេតុការណ៍ទាំងនេះនឹងត្រូវចប់ដូចម្ដេច?»។ លោកតបមកខ្ញុំវិញថា៖ «លោកដានីយ៉ែលអើយ កុំខ្វល់ខ្វាយធ្វើអ្វី។ សេចក្ដីទាំងនេះត្រូវតែលាក់ឲ្យជិត រហូតដល់ពេលចុងក្រោយបំផុត។ ដោយសារទុក្ខលំបាក មនុស្សជាច្រើននឹងបានស្អាតបរិសុទ្ធ និងសស្គុស។ មនុស្សអាក្រក់មិនយល់សេចក្ដីនេះទេ គេនៅតែប្រព្រឹត្តអំពើអាក្រក់តទៅទៀត រីឯមនុស្សមានប្រាជ្ញា ទើបយល់។ ចាប់ពីពេលដែលគេនឹងបញ្ឈប់ការថ្វាយយញ្ញបូជាប្រចាំថ្ងៃ រហូតដល់ពេលដែលគេនឹងយកវត្ថុដ៏ចង្រៃគួរឲ្យស្អប់ខ្ពើម មកតាំងនៅក្នុងទីសក្ការៈ មានរយៈពេលមួយពាន់ពីររយកៅសិបថ្ងៃ។ អ្នកណាកាន់ចិត្តរឹងប៉ឹងរហូតដល់មួយពាន់បីរយសាមសិបប្រាំថ្ងៃ អ្នកនោះមានសុភមង្គលហើយ!។ ចំពោះលោកវិញ សូមកាន់ចិត្តឲ្យបានរឹងប៉ឹង នោះលោកនឹងបានសម្រាក ហើយលោកនឹងក្រោកឡើងទទួលរង្វាន់ នៅគ្រាចុងក្រោយបំផុត»។
អាន ដានីយ៉ែល 12
ស្ដាប់នូវ ដានីយ៉ែល 12
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ដានីយ៉ែល 12:1-13
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ