ព្រះជាម្ចាស់គាប់ព្រះហឫទ័យនឹងព្រះបាទដាវីឌ ព្រះបាទដាវីឌក៏បានទូលសូមអនុញ្ញាតពីព្រះអង្គ រកព្រះដំណាក់មួយថ្វាយព្រះរបស់លោកយ៉ាកុប តែព្រះបាទសាឡូម៉ូនឯណោះវិញទេ ដែលបានសង់ព្រះដំណាក់នោះ។ ព្រះដ៏ខ្ពង់ខ្ពស់បំផុត មិនគង់នៅក្នុងដំណាក់ដែលសង់ឡើងដោយដៃមនុស្សឡើយ ដូចព្យាការី*បានថ្លែងទុកមកស្រាប់ថា: “ផ្ទៃមេឃជាបល្ល័ង្ករបស់យើង ហើយផែនដីក៏ជាកំណល់ទ្រជើងយើងដែរ”។ ព្រះអម្ចាស់មានព្រះបន្ទូលថា: “តើអ្នករាល់គ្នានឹងសង់ដំណាក់បែបណា ឲ្យយើងបាន? តើកន្លែងដែលយើងនឹងសម្រាកនោះនៅឯណា? គឺយើងទេតើដែលបានបង្កើត អ្វីៗទាំងនោះមក!” ។ អស់លោកចិត្តរឹងរូសអើយ! អស់លោកមានចិត្តមានត្រចៀកដូចសាសន៍ដទៃ ចេះតែជំទាស់ប្រឆាំងនឹងព្រះវិញ្ញាណដ៏វិសុទ្ធជានិច្ច គឺមិនខុសពីបុព្វបុរសរបស់អស់លោកទេ! គ្មានព្យាការីណាម្នាក់ដែលបុព្វបុរសរបស់អស់លោកមិនបានបៀតបៀននោះឡើយ។ បុព្វបុរសរបស់អស់លោកបានសម្លាប់អស់អ្នក ដែលប្រកាសទុកជាមុនថាព្រះដ៏សុចរិតនឹងយាងមក។ ឥឡូវនេះ អស់លោកបានចាប់ព្រះអង្គនោះបញ្ជូនទៅឲ្យគេ ហើយអស់លោកធ្វើគុតព្រះអង្គថែមទៀតផង។ អស់លោកបានទទួលក្រឹត្យវិន័យ តាមរយៈទេវតា តែអស់លោកពុំបានប្រព្រឹត្តតាមសោះ!»។ កាលសមាជិកក្រុមប្រឹក្សាជាន់ខ្ពស់ឮដូច្នោះ គេក្រេវក្រោធជាខ្លាំង គេសង្កៀតធ្មេញដាក់លោកស្ទេផាន។ រីឯលោកស្ទេផានវិញ លោកបានពោរពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ* លោកសម្លឹងមើលទៅលើមេឃ ឃើញសិរីរុងរឿងរបស់ព្រះជាម្ចាស់ និងឃើញព្រះយេស៊ូឈរនៅខាងស្ដាំព្រះអង្គ។ លោកមានប្រសាសន៍ថា៖ «មើលហ្ន៎! ខ្ញុំឃើញផ្ទៃមេឃបើកចំហ និងឃើញបុត្រមនុស្ស*ឈរនៅខាងស្ដាំព្រះជាម្ចាស់»។ ពួកគេស្រែកឡើងយ៉ាងខ្លាំង ទាំងយកដៃខ្ទប់ត្រចៀក ហើយនាំគ្នាស្ទុះទៅសង្គ្រុបពីលើលោក។ គេបណ្ដេញលោកចេញពីទីក្រុង រួចយកដុំថ្មគប់សម្លាប់លោក។ ពួកអ្នកដែលជាសាក្សីបានយកសម្លៀកបំពាក់របស់ខ្លួនទៅទុក នៅក្បែរជើងយុវជនម្នាក់ឈ្មោះ សូល។ នៅពេលគេគប់ដុំថ្មសម្លាប់នោះ លោកស្ទេផានទូលអង្វរថា៖ «ព្រះអម្ចាស់យេស៊ូអើយ សូមទទួលវិញ្ញាណរបស់ទូលបង្គំផង!»។ បន្ទាប់មក លោកលុតជង្គង់ចុះ ហើយបន្លឺសំឡេងខ្លាំងៗថា៖ «ព្រះអម្ចាស់អើយ! សូមកុំប្រកាន់ទោសគេ ព្រោះតែអំពើបាបនេះធ្វើអ្វី»។ កាលបានទូលដូច្នោះហើយ លោកក៏ផុតដង្ហើមទៅ។
អាន កិច្ចការ 7
ស្ដាប់នូវ កិច្ចការ 7
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: កិច្ចការ 7:46-60
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ