កិច្ចការ 7:20-60

កិច្ចការ 7:20-60 គខប

លោក​ម៉ូសេ​បាន​កើត​នៅ​ជំនាន់​នោះ ហើយ​លោក​ជា​ទារក​មួយ​ដ៏​ស្អាត ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌ជាម្ចាស់។ ឪពុក‌ម្ដាយ​បាន​ចិញ្ចឹម​លោក​នៅ​ក្នុង​ផ្ទះ​អស់​រយៈ​ពេល​បី​ខែ។ កាល​គេ​បំបរ‌បង់​លោក​ចោល បុត្រី​របស់​ស្ដេច​ផារ៉ោន​បាន​រើស​លោក​យក​មក​ចិញ្ចឹម​បី​បាច់​ថែ‌រក្សា ធ្វើ​ជា​កូន។ លោក​ម៉ូសេ​បាន​ទទួល​ការ​អប់រំ តាម​ចំណេះ​វិជ្ជា​ទាំង​ប៉ុន្មាន​របស់​ជន‌ជាតិ​អេស៊ីប លោក​មាន​សំនួន‌វោហារ​ពូកែ ហើយ​ប៉ិន‌ប្រសប់​ធ្វើ​កិច្ចការ​ផ្សេងៗ​ផង។ លុះ​ដល់​លោក​មាន​អាយុ​គម្រប់​សែ‌សិប​ឆ្នាំ លោក​ក៏​បាន​សម្រេច​ចិត្ត​ទៅ​សួរ​សុខ​ទុក្ខ​ជន‌ជាតិ​អ៊ីស្រា‌អែល ជា​បងប្អូន​រួម​ជាតិ​របស់​លោក។ លោក​បាន​ឃើញ​ជន​រួម​ជាតិ​របស់​លោក​ម្នាក់​ត្រូវ​គេ​ធ្វើ​បាប លោក​ក៏​ចេញ​មុខ​ការពារ ហើយ​សង‌សឹក​ជំនួស​អ្នក​ដែល​ត្រូវ​គេ​ធ្វើ​បាប ដោយ​វាយ​សម្លាប់​ជន‌ជាតិ​អេស៊ីប​នោះ​ទៅ។ លោក​នឹក​ស្មាន​ថា បងប្អូន​រួម​ជាតិ​របស់​លោក​មុខ​ជា​យល់​ថា ព្រះ‌ជាម្ចាស់​នឹង​សង្គ្រោះ​ពួក​គេ​តាម​រយៈ​លោក ប៉ុន្តែ ពួក​គេ​ពុំ​បាន​យល់​ដូច្នោះ​ឡើយ។ នៅ​ថ្ងៃ​បន្ទាប់ លោក​ម៉ូសេ​បាន​ប្រទះ​ឃើញ​ជន‌ជាតិ​អ៊ីស្រា‌អែល​ខ្លះ​កំពុង​វាយ​គ្នា លោក​ក៏​មាន​ប្រសាសន៍​សម្រុះ‌សម្រួល​គេ​ថា: “អ្នក​រាល់​គ្នា​ជា​បងប្អូន​នឹង​គ្នា ហេតុ​ដូច​ម្ដេច​បាន​ជា​ធ្វើ​បាប​គ្នា​ឯង​ដូច្នេះ?”។ ម្នាក់​ដែល​ធ្វើ​បាប​បងប្អូន​បាន​ច្រាន​លោក​ម៉ូសេ​ចេញ ទាំង​ពោល​ថា: “នរណា​បាន​តាំង​អ្នក​ឲ្យ​ធ្វើ​ជា​មេ​ដឹក​នាំ និង​ជា​ចៅ‌ក្រម​លើ​យើង? តើ​អ្នក​ចង់​សម្លាប់​ខ្ញុំ​ដូច​អ្នក​បាន​សម្លាប់​អេស៊ីប​ម្នាក់​ពី​ម្សិល‌មិញ​នោះ​ដែរ​ឬ?” ។ កាល​លោក​ម៉ូសេ​ឮ​ពាក្យ​នេះ លោក​ក៏​ភៀស​ខ្លួន​ទៅ​នៅ​ស្រុក​ម៉ាឌាន។ នៅ​ស្រុក​នោះ លោក​បាន​កូន​ប្រុស​ពីរ​នាក់។ សែ‌សិប​ឆ្នាំ​កន្លង​មក​ទៀត មាន​ទេវតា*​មួយ​រូប​បាន​បង្ហាញ​ខ្លួន​ឲ្យ​លោក​ឃើញ នៅ​វាល​រហោ‌ស្ថាន​ភ្នំ​ស៊ីណៃ ក្នុង​អណ្ដាត​ភ្លើង​ដែល​កំពុង​ឆេះ​នៅ​គុម្ពោត​មួយ។ លោក​ម៉ូសេ​ងឿង‌ឆ្ងល់​ចំពោះ​ហេតុ​ដ៏​អស្ចារ្យ ដែល​លោក​ឃើញ​នោះ​ណាស់។ ពេល​លោក​ចូល​ទៅ​ជិត ដើម្បី​ពិនិត្យ​មើល លោក​បាន​ឮ​ព្រះ‌សូរសៀង​របស់​ព្រះ‌អម្ចាស់​ថា: “យើង​ជា​ព្រះ​នៃ​បុព្វបុរស​របស់​អ្នក គឺ​ជា​ព្រះ​របស់​អប្រាហាំ ព្រះ​របស់​អ៊ីសាក និង​ព្រះ​របស់​យ៉ាកុប” ។ លោក​ម៉ូសេ​ភ័យ​ញ័រ​ជា​ខ្លាំង ពុំ​ហ៊ាន​សម្លឹង​មើល​ទេ។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​លោក​ថា: “ចូរ​ដោះ​ស្បែក​ជើង​ចេញ ដ្បិត​កន្លែង​ដែល​អ្នក​ឈរ​នេះ​ជា​កន្លែង​ដ៏វិសុទ្ធ*។ យើង​បាន​ឃើញ​ប្រជា‌រាស្ដ្រ​របស់​យើង​រង​ទុក្ខ​លំបាក​នៅ​ស្រុក​អេស៊ីប យើង​ក៏​បាន​ឮ​សម្រែក​សោក​សៅ​របស់​គេ​ដែរ យើង​ចុះ​មក​នេះ ដើម្បី​រំដោះ​ពួក​គេ។ ចូរ​មក! យើង​នឹង​ចាត់​អ្នក​ឲ្យ​ទៅ​ស្រុក​អេស៊ីប​ឥឡូវ​នេះ” ។ ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​បដិសេធ​មិន​ទទួល​ស្គាល់​លោក​ម៉ូសេ​នេះ​ទេ ដោយ​ពោល​ថា “នរណា​បាន​តាំង​អ្នក​ឲ្យ​ធ្វើ​ជា​មេ​ដឹក​នាំ និង​ជា​ចៅ‌ក្រម​លើ​យើង?” ។ ប៉ុន្តែ ព្រះ‌ជាម្ចាស់​បាន​ចាត់​លោក​ឲ្យ​ទៅ ក្នុង​ឋានៈ​ជា​មេ​ដឹក​នាំ និង​ជា​អ្នក​រំដោះ ដោយ​មាន​ជំនួយ​ពី​ទេវតា ដែល​បាន​បង្ហាញ​ខ្លួន​ឲ្យ​លោក​ឃើញ​ក្នុង​គុម្ពោត។ គឺ​លោក​ម៉ូសេ​នេះ​ហើយ​ដែល​បាន​ដឹក​នាំ​ជន‌ជាតិ​អ៊ីស្រា‌អែល​ចេញ​មក ទាំង​សម្តែង​ឫទ្ធិ‌បាដិ‌ហារិយ៍ និង​ទី​សម្គាល់​ដ៏​អស្ចារ្យ នៅ​ស្រុក​អេស៊ីប នៅ​សមុទ្រ​ក្រហម និង​នៅ​វាល​រហោ‌ស្ថាន អស់​រយៈ​ពេល​សែ‌សិប​ឆ្នាំ​ផង។ លោក​ម៉ូសេ​នេះ​ហើយ​ដែល​មាន​ប្រសាសន៍​ទៅ​កាន់​ជន‌ជាតិ​អ៊ីស្រា‌អែល​ថា: “ព្រះ‌ជាម្ចាស់​នឹង​ធ្វើ​ឲ្យ​មាន​ព្យាការី​ម្នាក់​ដូច​ខ្ញុំ ងើប​ឡើង​ពី​ចំណោម​បងប្អូន​របស់​អ្នក​រាល់​គ្នា” ។ កាល​ជន‌ជាតិ​អ៊ីស្រា‌អែល​នៅ​ជួប‌ជុំ​គ្នា​ក្នុង​វាល​រហោ‌ស្ថាន គឺ​លោក​ម៉ូសេ​នេះ​ហើយ​ដែល​នៅ​ជា​មួយ​ទេវតា​ផង នៅ​ជា​មួយ​បុព្វបុរស​ផង។ ទេវតា​បាន​ថ្លែង​ព្រះ‌បន្ទូល​មក​លោក នៅ​លើ​ភ្នំ​ស៊ីណៃ ហើយ​លោក​បាន​ទទួល​ព្រះ‌បន្ទូល​ដែល​ផ្ដល់​ជីវិត យក​មក​ប្រគល់​ឲ្យ​យើង​ទាំង​អស់​គ្នា។ បុព្វបុរស​របស់​យើង​មិន​ព្រម​ស្ដាប់​បង្គាប់​លោក​ទេ គឺ​គេ​បែរ​ជា​នាំ​គ្នា​ជំទាស់​នឹង​លោក ហើយ​មាន​ចិត្ត​ចង់​វិល​ត្រឡប់​ទៅ​ស្រុក​អេស៊ីប​វិញ ដោយ​ពោល​ទៅ​កាន់​លោក​អើរ៉ុន​ថា: “សូម​លោក​ឆ្លាក់​រូប​ចម្លាក់​ផ្សេងៗ​ធ្វើ​ជា​ព្រះ​ដឹក​នាំ​យើង ដ្បិត​លោក​ម៉ូសេ​ដែល​បាន​នាំ​យើង​ចេញ​ពី​ស្រុក​អេស៊ីប​មក​នោះ យើង​មិន​ដឹង​លោក​ទៅ​ជា​យ៉ាង​ណា​ហើយ​ទេ!” ។ នៅ​គ្រា​នោះ គេ​ក៏​បាន​ឆ្លាក់​រូប​កូន​គោ​មួយ ហើយ​យក​យញ្ញ‌បូជា​មក​ថ្វាយ​រូប​ចម្លាក់​នោះ រួច​នាំ​គ្នា​សប្បាយ​រីក‌រាយ​ចំពោះ​វត្ថុ​ដែល​ជា​ស្នា‌ដៃ​របស់​ខ្លួន។ ពេល​នោះ ព្រះ‌ជាម្ចាស់​ឈប់​រវី‌រវល់​នឹង​គេ ព្រះអង្គ​បណ្ដោយ​គេ​ឲ្យ​គោរព​ថ្វាយ‌បង្គំ​ផ្កាយ​ទាំង‌ឡាយ​នៅ​លើ​មេឃ ស្រប​នឹង​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​ព្យាការី​ថា: “ប្រជា‌រាស្ដ្រ​អ៊ីស្រា‌អែល​អើយ! ក្នុង​អំឡុង​ពេល​សែ‌សិប​ឆ្នាំ​នៅ​វាល​រហោ‌ស្ថាន តើ​អ្នក​រាល់​គ្នា​ដែល​បាន​យក​សត្វ ឬ​យញ្ញ‌បូជា​អ្វី​មក​ឲ្យ​យើង​ឬ​ទេ? អ្នក​រាល់​គ្នា​បាន​សែង​ខ្ទម​របស់​ព្រះ​ម៉ូឡុក និង​សែង​រូប​ផ្កាយ​តំណាង​ព្រះ​រេម‌ផាន់ របស់​អ្នក​រាល់​គ្នា។ រូប​សំណាក​អស់​ទាំង​នេះ អ្នក​រាល់​គ្នា​បាន​ឆ្លាក់ ដើម្បី​យក​មក​ថ្វាយ‌បង្គំ!។ ដូច្នេះ យើង​នឹង​កៀរ​អ្នក​រាល់​គ្នា​យក​ទៅ​ឆ្ងាយ ហួស​ស្រុក​បាប៊ី‌ឡូន​ទៅ​ទៀត” ។ នៅ​វាល​រហោ‌ស្ថាន បុព្វបុរស​របស់​យើង​មាន​ព្រះ‌ពន្លា*​របស់​ព្រះ‌ជាម្ចាស់សង់​ឡើង ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌ជាម្ចាស់​បាន​បង្គាប់​មក​លោក​ម៉ូសេ គឺ​តាម​គំរូ​ដែល​លោក​បាន​ឃើញ។ បុព្វបុរស​របស់​យើង​បាន​ទទួល​ព្រះ‌ពន្លា​តៗ​គ្នា ហើយ​សែង​ចូល​ទៅ​ក្នុង​ទឹក​ដី​ដែល​រឹប​យក​ពី​ជាតិ​សាសន៍​នានា ក្រោម​ការ​ដឹក​នាំ​របស់​លោក​យ៉ូស្វេ គឺ​ជា​ជាតិ​សាសន៍​ដែល​ព្រះ‌ជាម្ចាស់​បាន​ដេញ​ចេញ​ពី​មុខ​ពួក​គេ។ ព្រះ‌ពន្លា​នេះ​នៅ​គង់‌វង្ស​រហូត​ដល់​ជំនាន់​ព្រះ‌បាទ​ដាវីឌ។ ព្រះ‌ជាម្ចាស់​គាប់​ព្រះ‌ហឫទ័យ​នឹង​ព្រះ‌បាទ​ដាវីឌ ព្រះ‌បាទ​ដាវីឌ​ក៏​បាន​ទូល​សូម​អនុញ្ញាត​ពី​ព្រះអង្គ រក​ព្រះ‌ដំណាក់​មួយ​ថ្វាយ​ព្រះ​របស់​លោក​យ៉ាកុប តែ​ព្រះ‌បាទ​សាឡូម៉ូន​ឯ‌ណោះ​វិញ​ទេ ដែល​បាន​សង់​ព្រះ‌ដំណាក់​នោះ។ ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត មិន​គង់​នៅ​ក្នុង​ដំណាក់​ដែល​សង់​ឡើង​ដោយ​ដៃ​មនុស្ស​ឡើយ ដូច​ព្យាការី*​បាន​ថ្លែង​ទុក​មក​ស្រាប់​ថា: “ផ្ទៃ​មេឃ​ជា​បល្ល័ង្ក​របស់​យើង ហើយ​ផែនដី​ក៏​ជា​កំណល់​ទ្រ​ជើង​យើង​ដែរ”។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: “តើ​អ្នក​រាល់​គ្នា​នឹង​សង់​ដំណាក់​បែប​ណា ឲ្យ​យើង​បាន? តើ​កន្លែង​ដែល​យើង​នឹង​សម្រាក​នោះ​នៅ​ឯ​ណា? គឺ​យើង​ទេ​តើ​ដែល​បាន​បង្កើត អ្វីៗ​ទាំង​នោះ​មក!” ។ អស់​លោក​ចិត្ត​រឹង‌រូស​អើយ! អស់​លោក​មាន​ចិត្ត​មាន​ត្រចៀក​ដូច​សាសន៍​ដទៃ ចេះ​តែ​ជំទាស់​ប្រឆាំង​នឹង​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ​ជានិច្ច គឺ​មិន​ខុស​ពី​បុព្វបុរស​របស់​អស់​លោក​ទេ! គ្មាន​ព្យាការី​ណា​ម្នាក់​ដែល​បុព្វបុរស​របស់​អស់​លោក​មិន​បាន​បៀត‌បៀន​នោះ​ឡើយ។ បុព្វបុរស​របស់​អស់​លោក​បាន​សម្លាប់​អស់​អ្នក ដែល​ប្រកាស​ទុក​ជា​មុន​ថា​ព្រះ​ដ៏​សុចរិត​នឹង​យាង​មក។ ឥឡូវ​នេះ អស់​លោក​បាន​ចាប់​ព្រះអង្គ​នោះ​បញ្ជូន​ទៅ​ឲ្យ​គេ ហើយ​អស់​លោក​ធ្វើ​គុត​ព្រះអង្គ​ថែម​ទៀត​ផង។ អស់​លោក​បាន​ទទួល​ក្រឹត្យ‌វិន័យ តាម​រយៈ​ទេវតា តែ​អស់​លោក​ពុំ​បាន​ប្រព្រឹត្ត​តាម​សោះ!»។ កាល​សមាជិក​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​ឮ​ដូច្នោះ គេ​ក្រេវ‌ក្រោធ​ជា​ខ្លាំង គេ​សង្កៀត​ធ្មេញ​ដាក់​លោក​ស្ទេផាន។ រីឯ​លោក​ស្ទេផាន​វិញ លោក​បាន​ពោរ‌ពេញ​ដោយ​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ* លោក​សម្លឹង​មើល​ទៅ​លើ​មេឃ ឃើញ​សិរី‌រុងរឿង​របស់​ព្រះ‌ជាម្ចាស់ និង​ឃើញ​ព្រះ‌យេស៊ូ​ឈរ​នៅ​ខាង​ស្ដាំ​ព្រះអង្គ។ លោក​មាន​ប្រសាសន៍​ថា៖ «មើល​ហ្ន៎! ខ្ញុំ​ឃើញ​ផ្ទៃ​មេឃ​បើក​ចំហ និង​ឃើញ​បុត្រ​មនុស្ស*​ឈរ​នៅ​ខាង​ស្ដាំ​ព្រះ‌ជាម្ចាស់»។ ពួក​គេ​ស្រែក​ឡើង​យ៉ាង​ខ្លាំង ទាំង​យក​ដៃ​ខ្ទប់​ត្រចៀក ហើយ​នាំ​គ្នា​ស្ទុះ​ទៅ​សង្គ្រុប​ពី​លើ​លោក។ គេ​បណ្ដេញ​លោក​ចេញ​ពី​ទីក្រុង រួច​យក​ដុំ​ថ្ម​គប់​សម្លាប់​លោក។ ពួក​អ្នក​ដែល​ជា​សាក្សី​បាន​យក​សម្លៀក‌បំពាក់​របស់​ខ្លួន​ទៅ​ទុក នៅ​ក្បែរ​ជើង​យុវជន​ម្នាក់​ឈ្មោះ សូល។ នៅ​ពេល​គេ​គប់​ដុំ​ថ្ម​សម្លាប់​នោះ លោក​ស្ទេផាន​ទូល‌អង្វរ​ថា៖ «ព្រះ‌អម្ចាស់‌យេស៊ូ​អើយ សូម​ទទួល​វិញ្ញាណ​របស់​ទូលបង្គំ​ផង!»។ បន្ទាប់​មក លោក​លុត​ជង្គង់​ចុះ ហើយ​បន្លឺ​សំឡេង​ខ្លាំងៗ​ថា៖ «ព្រះ‌អម្ចាស់​អើយ! សូម​កុំ​ប្រកាន់​ទោស​គេ ព្រោះ​តែ​អំពើ​បាប​នេះ​ធ្វើ​អ្វី»។ កាល​បាន​ទូល​ដូច្នោះ​ហើយ លោក​ក៏​ផុត​ដង្ហើម​ទៅ។

វីដេអូសម្រាប់ កិច្ចការ 7:20-60