សាវ័កបាននាំគ្នាសម្តែងទីសម្គាល់ដ៏អស្ចារ្យ និងឫទ្ធិបាដិហារិយ៍ជាច្រើន នៅក្នុងចំណោមប្រជាជន។ អ្នកជឿទាំងអស់រួមចិត្តគំនិតគ្នា គេឈរនៅតាមថែវសាឡូម៉ូន។ រីឯអ្នកឯទៀតៗគ្មាននរណាហ៊ានមកចូលរួមជាមួយគេឡើយ តែប្រជាជនកោតសរសើរគេគ្រប់ៗគ្នា។ បណ្ដាជនទាំងប្រុសទាំងស្រីដែលជឿលើព្រះអម្ចាស់ បានមកចូលរួមកាន់តែច្រើនឡើងៗ។ មនុស្សម្នាបានសែងអ្នកជំងឺមកដាក់នៅតាមផ្លូវ ឲ្យដេកលើគ្រែស្នែង លើកន្ទេល ប្រាថ្នាយ៉ាងហោចណាស់គ្រាន់តែឲ្យស្រមោលលោកពេត្រុសបាំងលើអ្នកជំងឺណាម្នាក់ នៅពេលដែលលោកដើរកាត់តាមនោះ ក៏បានដែរ។ មានមនុស្សជាច្រើននាំគ្នាធ្វើដំណើរមកពីភូមិនានា នៅជិតក្រុងយេរូសាឡឹម ទាំងសែងអ្នកជំងឺ និងអ្នកដែលមានវិញ្ញាណអាក្រក់ចូលមកជាមួយផង អ្នកទាំងនោះបានជាគ្រប់ៗគ្នា។ ពេលនោះ លោកមហាបូជាចារ្យ និងអស់អ្នកដែលនៅជាមួយលោកទាំងប៉ុន្មាន គឺពួកខាងគណៈសាឌូស៊ី* មានចិត្តក្ដៅក្រហាយជាខ្លាំង។ គេលើកគ្នាមកចាប់ក្រុមសាវ័ក* យកទៅឃុំឃាំងនៅពន្ធនាគារសាធារណៈ។ លុះដល់យប់ មានទេវតា*របស់ព្រះអម្ចាស់មកបើកទ្វារពន្ធនាគារឲ្យក្រុមសាវ័កចេញ ទាំងពោលថា៖ «សូមអញ្ជើញទៅឈរក្នុងព្រះវិហារ* ហើយប្រកាសព្រះបន្ទូលទាំងអស់ ដែលផ្ដល់ជីវិតនេះ ឲ្យប្រជាជនស្ដាប់ទៅ»។ កាលបានឮពាក្យទេវតា ក្រុមសាវ័កនាំគ្នាចូលទៅក្នុងព្រះវិហារតាំងពីព្រលឹម ហើយបង្រៀនប្រជាជន។ លោកមហាបូជាចារ្យ* និងអស់អ្នកដែលនៅជាមួយលោក កោះហៅក្រុមប្រឹក្សាជាន់ខ្ពស់* និងព្រឹទ្ធសភានៃប្រជាជនអ៊ីស្រាអែលមកជួបជុំគ្នា រួចចាត់អ្នកយាមឲ្យទៅនាំក្រុមសាវ័កពីពន្ធនាគារមក។ ពេលទៅដល់ទីឃុំឃាំង គេពុំឃើញក្រុមសាវ័កទេ គេនាំគ្នាវិលមកវិញ រាយការណ៍ជម្រាបអង្គប្រជុំថា៖ «យើងខ្ញុំឃើញទីឃុំឃាំងនៅបិទជិតល្អណាស់ ហើយពួកអ្នកយាមក៏ឈរយាមនៅខាងមុខទ្វារដែរ តែពេលយើងខ្ញុំបើកទ្វារ ពុំឃើញមាននរណាម្នាក់នៅក្នុងទីនោះសោះ»។ កាលមេកងរក្សាព្រះវិហារ និងពួកនាយកបូជាចារ្យឮដូច្នោះ គេមិនដឹងជាត្រូវគិតយ៉ាងណាអំពីក្រុមសាវ័ក និងអំពីហេតុការណ៍ដែលកើតឡើងនោះឡើយ។ ពេលនោះ មានម្នាក់ចូលមកជម្រាបអង្គប្រជុំថា៖ «ពួកអ្នកដែលអស់លោកបានចាប់ឃុំឃាំង កំពុងតែឈរបង្រៀនប្រជាជន ក្នុងព្រះវិហារឯណោះ!»។ មេកងរក្សាព្រះវិហារក៏នាំទាហានចេញទៅចាប់ក្រុមសាវ័កបណ្ដើរមក តែឥតមានធ្វើបាបអ្វីទេ ព្រោះគេខ្លាចប្រជាជនយកដុំថ្មគប់។
អាន កិច្ចការ 5
ស្ដាប់នូវ កិច្ចការ 5
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: កិច្ចការ 5:12-26
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ