កិច្ចការ 22:1-16

កិច្ចការ 22:1-16 គខប

«បងប្អូន និង​ចាស់​ទុំ​ទាំង​អស់​គ្នា​អើយ សូម​ស្ដាប់​ពាក្យ​ការ‌ពារ​ខ្លួន​របស់​ខ្ញុំ​សិន!»។ កាល​ពួក​គេ​ឮ​លោក​ប៉ូល​មាន​ប្រសាសន៍​ជា​ភាសា​ហេប្រឺ​ដូច្នេះ គេ​រឹត​តែ​ស្ងៀម​ស្ងាត់​ថែម​ទៀត។ លោក​ប៉ូល​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​ជា​ជន‌ជាតិ​យូដា កើត​នៅ​ក្រុង​តើសុស ក្នុង​ស្រុក​គីលី‌គា។ ប៉ុន្តែ ខ្ញុំ​បាន​មក​រស់​នៅ​ក្រុង​យេរូ‌សាឡឹម​នេះ​តាំង​ពី​កុមារ ហើយ​ខ្ញុំ​បាន​ទទួល​ការ​អប់រំ​តាម​ក្រឹត្យ‌វិន័យ​នៃ​បុព្វបុរស​របស់​យើង​យ៉ាង​តឹង‌រ៉ឹង ពី​សំណាក់​លោក​កាម៉ា‌លាល។ ខ្ញុំ​បាន​ខ្នះ‌ខ្នែង​បម្រើ​ព្រះ‌ជាម្ចាស់ ដូច​បងប្អូន​ទាំង​អស់​គ្នា​នៅ​ថ្ងៃ​នេះ​ដែរ។ ខ្ញុំ​ធ្លាប់​បៀត‌បៀន​អស់​អ្នក​ដែល​ដើរ​តាម​មាគ៌ា​របស់​ព្រះ‌អម្ចាស់ រហូត​ដល់​សម្លាប់​គេ ហើយ​ចាប់​ចង​មនុស្ស​ប្រុស​ស្រី​យក​ទៅ​ឃុំ‌ឃាំង​ទៀត​ផង ដូច​មាន​លោក​មហា​បូជា‌ចារ្យ* និង​ក្រុម​ព្រឹទ្ធា‌ចារ្យ* ជា​សាក្សី​ស្រាប់។ ខ្ញុំ​បាន​ទទួល​លិខិត​ពី​លោក​ទាំង​នោះ យក​ទៅ​ជូន​បងប្អូន​នៅ​ក្រុង​ដាម៉ាស ដ្បិត​ខ្ញុំ​ទៅ​ទី​នោះ ដើម្បី​ចាប់​ចង​ពួក​អ្នក​ដែល​ដើរ​តាម​មាគ៌ា​នេះ យក​មក​ធ្វើ​ទោស​នៅ​ក្រុង​យេរូ‌សាឡឹម។ ពេល​ខ្ញុំ​កំពុង​តែ​ធ្វើ​ដំណើរ​ទៅ​ជិត​ដល់​ក្រុង​ដាម៉ាស​ប្រមាណ​ជាថ្ងៃ​ត្រង់ ស្រាប់​តែ​មាន​ពន្លឺ​មួយ​ដ៏​ភ្លឺ​ត្រចះ‌ត្រចង់ ចាំង​ពី​ផ្ទៃ​មេឃ​មក​ជុំ‌វិញ​ខ្ញុំ។ ខ្ញុំ​ក៏​ដួល ហើយ​ឮ​សំឡេង​មួយ​ពោល​មក​ខ្ញុំ​ថា “សូល​អើយ សូល! ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​បៀត‌បៀន​ខ្ញុំ​ដូច្នេះ?”។ ខ្ញុំ​បាន​សួរ​វិញ​ថា “លោក​ម្ចាស់​អើយ តើ​លោក​ជា​នរណា?”។ សំឡេង​នោះ​ឆ្លើយ​មក​ខ្ញុំ​ថា “ខ្ញុំ​ជា​យេស៊ូ អ្នក​ភូមិ​ណាសា‌រ៉ែត ដែល​អ្នក​កំពុង​តែ​បៀត‌បៀន”។ រីឯ​អស់​អ្នក​ដែល​ធ្វើ​ដំណើរ​ជា​មួយ​ខ្ញុំ ក៏​បាន​ឃើញ​ពន្លឺ​នោះ​ដែរ តែ​មិន​បាន​ឮ​ព្រះ​សូរសៀង​ទេ។ ខ្ញុំ​ក៏​សួរ​ថា “ព្រះ‌អម្ចាស់​អើយ តើ​ទូលបង្គំ​ត្រូវ​ធ្វើ​ដូច​ម្ដេច?”។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា “ចូរ​ក្រោក​ឡើង ទៅ​ក្រុង​ដាម៉ាស​ទៅ នៅ​ទី​នោះ គេ​នឹង​ប្រាប់​អ្នក​អំពី​កិច្ចការ​ទាំង​ប៉ុន្មាន ដែល​ព្រះ‌ជាម្ចាស់​បង្គាប់​ឲ្យ​អ្នក​ធ្វើ”។ ដោយ​ខ្ញុំ​ពុំ​អាច​មើល​អ្វី​ឃើញ ព្រោះ​តែ​ពន្លឺ​រស្មី​ដ៏​រុងរឿង​នោះ អស់​អ្នក​ដែល​នៅ​ជា​មួយ​ខ្ញុំ​បាន​ដឹក​ដៃ​នាំ​ខ្ញុំ​ទៅ​ក្រុង​ដាម៉ាស។ នៅ​ក្រុង​នោះ មាន​បុរស​ម្នាក់​ឈ្មោះ អណា‌ណាស ជា​អ្នក​គោរព​ប្រណិ‌ប័តន៍​ព្រះ‌ជាម្ចាស់​ស្រប​តាម​ក្រឹត្យ‌វិន័យ* ហើយ​ជន‌ជាតិ​យូដា​នៅ​ក្រុង​ដាម៉ាស​គោរព​រាប់​អាន​គាត់​គ្រប់ៗ​គ្នា។ គាត់​មក​ឈរ​ជិត​ខ្ញុំ ហើយ​ពោល​ថា “បង​សូល​អើយ សូម​ឲ្យ​បង​មើល​ឃើញ​វិញ​ចុះ!”។ រំពេច​នោះ ភ្នែក​ខ្ញុំ​ក៏​ភ្លឺ​ឡើង ហើយ​ខ្ញុំ​មើល​ឃើញ​គាត់។ គាត់​មាន​ប្រសាសន៍​ថា “ព្រះ​នៃ​បុព្វបុរស*​របស់​យើង បាន​ជ្រើស​រើស​បង ដើម្បី​ឲ្យ​បង​ស្គាល់​ព្រះ‌ហឫទ័យ​របស់​ព្រះអង្គ ឲ្យ​បង​បាន​ឃើញ​ព្រះ​ដ៏​សុចរិត និង​ឲ្យ​បង​បាន​ឮ​ព្រះ‌បន្ទូល​របស់​ព្រះអង្គ​ផ្ទាល់​តែ​ម្ដង ដ្បិត​បង​នឹង​ធ្វើ​ជា​បន្ទាល់​របស់​ព្រះអង្គ នៅ​មុខ​មនុស្ស​ទាំង​អស់ អំពី​ហេតុ‌ការណ៍​ដែល​បង​បាន​ឃើញ និង​អំពី​សេចក្ដី​ដែល​បង​បាន​ឮ។ ដូច្នេះ តើ​បង​នៅ​បង្អែ‌បង្អង់​ដល់​កាល​ណា​ទៀត សូម​ក្រោក​ឡើង ទទួល​ពិធី​ជ្រមុជ​ទឹក* ហើយ​អង្វរ​រក​ព្រះ‌នាម​ព្រះអង្គ​ទៅ ដើម្បី​ព្រះអង្គ​លាង​បាប*​ឲ្យ”។