កិច្ចការ 2:1-21

កិច្ចការ 2:1-21 គខប

នៅ​បុណ្យ​ថ្ងៃ​ទី​ហា‌សិប ពួក​សិស្ស​បាន​រួម​ប្រជុំ​ទាំង​អស់​គ្នា នៅ​កន្លែង​តែ​មួយ។ រំពេច​នោះ ស្រាប់​តែ​មាន​ឮ​ស្នូរ​សន្ធឹក​ពី​លើ​មេឃ ដូច​ខ្យល់​បក់​បោក​យ៉ាង​ខ្លាំង​ពេញ​ក្នុង​ផ្ទះ​ដែល​គេ​នៅ។ ពួក​សិស្ស​បាន​ឃើញ​ហាក់​ដូច​ជា​មាន​អណ្ដាត​ភ្លើង បែក​ចេញ​ពី​គ្នា ចុះ​មក​សណ្ឋិត​លើ​ពួក​គេ​ម្នាក់ៗ។ អ្នក​ទាំង​នោះ​បាន​ពោរ‌ពេញ​ដោយ​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ* ហើយ​ចាប់​ផ្ដើម​និយាយ​ភាសា​ផ្សេងៗ​ពី​គ្នា តាម​ព្រះ‌វិញ្ញាណ​ប្រោស​ប្រទាន​ឲ្យ។ ពេល​នោះ មាន​ជន‌ជាតិ​យូដា ជា​អ្នក​គោរព​ប្រណិ‌ប័តន៍​ព្រះ‌ជាម្ចាស់ មក​ពី​ប្រទេស​នានា ក្នុង​ពិភព​លោក​ទាំង​មូល ស្នាក់​នៅ​ក្រុង​យេរូ‌សាឡឹម​ដែរ។ ពេល​ស្នូរ​សន្ធឹក​លាន់​ឮ​យ៉ាង​ខ្លាំង​ដូច្នោះ មហា‌ជន​នាំ​គ្នា​រត់​មក​មើល ហើយ​ភ្ញាក់​ផ្អើល​ក្រៃ‌លែង ព្រោះ​ម្នាក់ៗ​បាន​ឮ​ពួក​សិស្ស​និយាយ​ភាសា​របស់​ខ្លួន។ អ្នក​ទាំង​នោះ​ងឿង‌ឆ្ងល់​ខ្លាំង​ណាស់ គេ​ស្ងើច​សរសើរ ទាំង​ពោល​ថា៖ «អ្នក​ដែល​កំពុង​និយាយ​នេះ​សុទ្ធ​តែ​ជា​អ្នក​ស្រុក​កាលី‌ឡេ​ទេ​តើ។ ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​យើង​ឮ​គេ​និយាយ​ភាសា​របស់​យើង​រៀងៗ​ខ្លួន​ទៅ​វិញ​ដូច្នេះ? គឺ​ទាំង​អ្នក​ស្រុក​ផារថុស ស្រុក​មេឌី ស្រុក​អេឡាំ ទាំង​អ្នក​ស្រុក​មេសូ‌ប៉ូតាមា ស្រុក​យូដា ស្រុក​កាប៉ា‌ដូគា ស្រុក​ប៉ុនតុស ស្រុក​អាស៊ី ស្រុក​ព្រីគា ស្រុក​ប៉ាមភី‌លា ស្រុក​អេស៊ីប ស្រុក​លីប៊ី​ដែល​នៅ​ក្បែរ​ស្រុក​គីរេន និង​អស់​អ្នក​មក​ពី​ក្រុង​រ៉ូម ទាំង​ជន‌ជាតិ​យូដា ទាំង​អ្នក​ចូល​សាសនា​យូដា ទាំង​អ្នក​មក​ពី​កោះ​ក្រែត ទាំង​ជន‌ជាតិ​អារ៉ាប់ យើង​បាន​ឮ​គេ​ថ្លែង​អំពី​ស្នា​ព្រះ‌ហស្ដ​ដ៏​អស្ចារ្យ​របស់​ព្រះ‌ជាម្ចាស់ ជា​ភាសា​យើង​ទាំង​អស់​គ្នា​ផ្ទាល់!»។ អ្នក​ទាំង​នោះ​ងឿង‌ឆ្ងល់​ខ្លាំង​ណាស់ មិន​ដឹង​គិត​យ៉ាង​ណា គេ​សួរ​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖ «តើ​ហេតុ‌ការណ៍​នេះ​មាន​ន័យ​ដូច​ម្ដេច?»។ ប៉ុន្តែ មាន​អ្នក​ខ្លះ​ទៀត​បែរ​ជា​និយាយ​ចំអក​ថា៖ «ពួក​អស់​ហ្នឹង​សុទ្ធ​តែ​ស្រវឹង​ស្រា​ទេ​តើ!»។ លោក​ពេត្រុស​ក៏​ក្រោក​ឈរ​ឡើង​ជា​មួយ​សាវ័ក​ដប់​មួយ​រូប​ទៀត ហើយ​មាន​ប្រសាសន៍​ទៅ​កាន់​បណ្ដា‌ជន​ថា៖ «បងប្អូន​យូដា និង​បងប្អូន​ទាំង​អស់​ដែល​ស្នាក់​នៅ​ក្រុង​យេរូ‌សាឡឹម​អើយ! សូម​បងប្អូន​ជ្រាប ហើយ​ផ្ទៀង​ត្រចៀក​ស្ដាប់​ពាក្យ​របស់​ខ្ញុំ។ អ្នក​ទាំង​នេះ​មិន​មែន​ស្រវឹង​ស្រា​ដូច​បងប្អូន​ស្មាន​នោះ​ទេ ព្រោះ​ទើប​តែ​ម៉ោង​ប្រាំ​បួន​ព្រឹក​ប៉ុណ្ណោះ!។ ហេតុ‌ការណ៍​នេះ​កើត​មាន​ស្រប​តាម​សេចក្ដី ដែល​ព្យាការី*​យ៉ូ‌អែល​បាន​ថ្លែង​ទុក​មក​ថា៖ “ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ថា នៅ​គ្រា​ចុង​ក្រោយ​បង្អស់ យើង​នឹង​យក​វិញ្ញាណ​យើង​មក​ចាក់​បង្ហូរ លើ​មនុស្ស​លោក​ផង​ទាំង​ពួង។ កូន​ប្រុស​កូន​ស្រី​របស់​អ្នក​រាល់​គ្នា នឹង​ថ្លែង​ព្រះ‌បន្ទូល ពួក​យុវជន​នឹង​និមិត្ត​ឃើញ​ការ​អស្ចារ្យ ហើយ​ពួក​ចាស់​ទុំ​របស់​អ្នក​រាល់​គ្នា នឹង​យល់​សុបិន​និមិត្ត។ នៅ​គ្រា​នោះ យើង​ពិត​ជា​យក​វិញ្ញាណ​យើង មក​ចាក់​បង្ហូរ​លើ​អ្នក​បម្រើ​ទាំង​ប្រុស​ទាំង​ស្រី របស់​យើង ហើយ​គេ​នឹង​ថ្លែង​ព្រះ‌បន្ទូល។ យើង​នឹង​សម្តែង​ឫទ្ធិ‌បាដិ‌ហារិយ៍​នៅ​លើ​មេឃ សម្តែង​ទី​សម្គាល់​ផ្សេងៗ​នៅ​លើ​ផែនដី គឺ​មាន​ឈាម មាន​ភ្លើង និង​មាន​កម្សួល​ផ្សែង។ ព្រះ‌អាទិត្យ​នឹង​ប្រែ​ទៅ​ជា​ងងឹត​បាត់​រស្មី ព្រះ‌ច័ន្ទ​នឹង​ប្រែ​ទៅ​ជា​ឈាម នៅ​មុន​ថ្ងៃ​ព្រះ‌អម្ចាស់​យាង​មក គឺ​ជា​ថ្ងៃ​ដ៏​រុងរឿង​ឧត្ដុង្គ‌ឧត្ដម ពេល​នោះ អ្នក​ណា​អង្វរ​រក​ព្រះ‌នាម​ព្រះ‌អម្ចាស់ អ្នក​នោះ​នឹង​ទទួល​ការ​សង្គ្រោះ” »។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង កិច្ចការ 2:1-21

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ