កិច្ចការ 19:11-20

កិច្ចការ 19:11-20 គខប

ពេល​នោះ ព្រះ‌អម្ចាស់​បាន​ធ្វើ​ការ​អស្ចារ្យ​ដ៏​ធំៗ​ជា​ច្រើន តាម​រយៈ​លោក​ប៉ូល គឺ​បើ​គេ​គ្រាន់​តែ​យក​ក្រណាត់ ឬ​កន្សែង​ដែល​បាន​ប៉ះ​លោក​ប៉ូល មក​ដាក់​ពី​លើ​អ្នក​ជំងឺ អ្នក​ជំងឺ​នឹង​បាន​ជា ហើយ​វិញ្ញាណ​អាក្រក់​ក៏​នឹង​ចេញ​ពី​គេ​ទៅ​ដែរ។ មាន​គ្រូ​ដេញ​វិញ្ញាណ​អាក្រក់​ជាតិ​យូដា​ខ្លះ តែង​ធ្វើ​ដំណើរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ចង់​ដេញ​វិញ្ញាណ​អាក្រក់​ចេញ​ពី​មនុស្ស ដោយ​ប្រើ​ព្រះ‌នាម​ព្រះ‌អម្ចាស់​យេស៊ូ គឺ​គេ​និយាយ​ទៅ​វិញ្ញាណ​អាក្រក់​ថា៖ «យើង​បញ្ជា​ពួក​ឯង ក្នុង​ព្រះ‌នាម​ព្រះ‌យេស៊ូ​ដែល​លោក​ប៉ូល​ប្រកាស ចូរ​ចេញ​ទៅ!»។ កូន​ប្រុស​ទាំង​ប្រាំ‌ពីរ​របស់​លោក​ស្កេវ៉ា ដែល​ជា​នាយក​បូជា‌ចារ្យ*​របស់​សាសន៍​យូដា ក៏​បាន​ធ្វើ​ដូច្នេះ​ដែរ។ វិញ្ញាណ​អាក្រក់​បាន​តប​មក​អ្នក​ទាំង​នោះ​វិញ​ថា៖ «យើង​ស្គាល់​ព្រះ‌យេស៊ូ ហើយ​ក៏​ដឹង​ថា លោក​ប៉ូល​ជា​នរណា​ដែរ ចុះ​ឯង​រាល់​គ្នា​វិញ ឯង​ជា​នរណា?»។ អ្នក​ដែល​មាន​វិញ្ញាណ​អាក្រក់​ចូល​បាន​ស្ទុះ​មក​សង្កត់​ពួក​គេ​ជាប់ ហើយ​វិញ្ញាណ​អាក្រក់​មាន​កម្លាំង​ជាង រហូត​ទាល់​តែ​ធ្វើ​ឲ្យ​អ្នក​ទាំង​នោះ​រត់​ចេញ​ពី​ផ្ទះ របូត​ខោ របូត​អាវ និង​ត្រូវ​របួស​ទៀត​ផង។ មនុស្ស‌ម្នា​នៅ​ក្រុង​អេភេសូ​ទាំង​សាសន៍​យូដា ទាំង​សាសន៍​ក្រិក បាន​ដឹង​រឿង​នេះ ហើយ​កោតខ្លាច​គ្រប់ៗ​គ្នា។ ពេល​នោះ គេ​លើក​តម្កើង​ព្រះ‌នាម​របស់​ព្រះ‌អម្ចាស់‌យេស៊ូ។ មាន​អ្នក​ជឿ​ជា​ច្រើន​នាក់​បាន​នាំ​គ្នា​មក​ទទួល​សារ‌ភាព​ជា​សាធារណៈ នូវ​អំពើ​ដែល​ខ្លួន​ធ្លាប់​ប្រព្រឹត្ត​កាល​ពី​មុន ហើយ​ក៏​មាន​អស់​អ្នក​ដែល​ធ្លាប់​ប្រព្រឹត្ត​អំពើ​អាប‌ធ្មប់ បាន​យក​ក្បួន​តម្រា​របស់​ខ្លួន​មក​ដុត​ចោល នៅ​មុខ​គេ​ឯង​ទាំង​អស់​គ្នា​ផង។ គេ​បាន​គិត‌គូរ​របស់​ទាំង​នោះ ឃើញ​ថា​មាន​តម្លៃ​ប្រាំ​ម៉ឺន​ដួង*។ មក​ពី​ព្រះ‌អម្ចាស់​បាន​សម្តែង​ព្រះ‌ចេស្ដា​ដូច្នេះ​ហើយ បាន​ជា​ព្រះ‌បន្ទូល​រីក​ចម្រើន និង​មាន​ប្រសិទ្ធ‌ភាព​កាន់​តែ​ខ្លាំង​ឡើងៗ។

វីដេអូសម្រាប់ កិច្ចការ 19:11-20