មានអ្នកខ្លះមកពីស្រុកយូដា នាំគ្នាប្រៀនប្រដៅពួកបងប្អូនថា៖ «ប្រសិនបើបងប្អូនមិនទទួលពិធីកាត់ស្បែក* តាមទំនៀមទម្លាប់របស់លោកម៉ូសេទេ បងប្អូនមិនអាចទទួលការសង្គ្រោះបានឡើយ»។ លោកប៉ូល និងលោកបារណាបាស បានប្រកែកជំទាស់នឹងអ្នកទាំងនោះ ព្រមទាំងជជែកវែកញែកជាមួយពួកគេយ៉ាងខ្លាំង។ ពួកបងប្អូនបានសម្រេចចិត្តចាត់លោកប៉ូល និងលោកបារណាបាស ឲ្យទៅក្រុងយេរូសាឡឹម ដោយមានបងប្អូនខ្លះទៀតទៅជាមួយផង ដើម្បីឲ្យទៅជម្រាបក្រុមសាវ័ក* និងក្រុមព្រឹទ្ធាចារ្យ*អំពីរឿងនេះ។ ក្រុមជំនុំ*បានជួយឧបត្ថម្ភពួកលោក ក្នុងការធ្វើដំណើរ។ លោកនាំគ្នាឆ្លងកាត់ស្រុកភេនីស ស្រុកសាម៉ារី ទាំងរៀបរាប់ប្រាប់ពួកបងប្អូនយ៉ាងក្បោះក្បាយថា សាសន៍ដទៃបានបែរចិត្តមករកព្រះជាម្ចាស់។ ដំណឹងនេះធ្វើឲ្យបងប្អូនគ្រប់ៗគ្នាមានអំណរសប្បាយយ៉ាងខ្លាំង។ កាលមកដល់ក្រុងយេរូសាឡឹមហើយ ក្រុមជំនុំ ក្រុមសាវ័ក* និងក្រុមព្រឹទ្ធាចារ្យនាំគ្នាទទួលពួកលោក។ ពួកលោកក៏ជម្រាបអំពីកិច្ចការទាំងប៉ុន្មាន ដែលព្រះជាម្ចាស់បានធ្វើជាមួយពួកលោក។ ពេលនោះ មានបងប្អូនខ្លះខាងគណៈផារីស៊ីដែលជឿព្រះអម្ចាស់ ក្រោកឈរឡើង ពោលថា ត្រូវតែធ្វើពិធីកាត់ស្បែកឲ្យសាសន៍ដទៃ ហើយត្រូវបង្គាប់គេឲ្យប្រតិបត្តិតាមវិន័យ*របស់លោកម៉ូសេដែរ។ ក្រុមសាវ័ក និងក្រុមព្រឹទ្ធាចារ្យ ក៏ប្រជុំគ្នា ដើម្បីពិនិត្យពិច័យមើលសំណុំរឿងនេះ។ ពេលនោះ មានការជជែកវែកញែកគ្នាយ៉ាងខ្លាំង ទើបលោកពេត្រុសក្រោកឈរឡើង ហើយមានប្រសាសន៍ថា៖ «បងប្អូនអើយ បងប្អូនជ្រាបស្រាប់ហើយថា ព្រះជាម្ចាស់បានជ្រើសរើសខ្ញុំ ក្នុងចំណោមបងប្អូនតាំងតែពីថ្ងៃដំបូងមកម៉្លេះ ដើម្បីឲ្យខ្ញុំផ្សព្វផ្សាយដំណឹងល្អ*ដល់សាសន៍ដទៃ ឲ្យគេបានឮ និងបានជឿដែរ។ ព្រះជាម្ចាស់ដែលឈ្វេងយល់ចិត្តគំនិតរបស់មនុស្ស ព្រះអង្គបានបញ្ជាក់ថា ព្រះអង្គយល់ព្រមទទួលពួកគេ ដោយប្រទានព្រះវិញ្ញាណដ៏វិសុទ្ធ*ឲ្យគេ ដូចព្រះអង្គបានប្រទានមកយើងដែរ។ ព្រះអង្គមិនចាត់ទុកពួកគេផ្សេងពីពួកយើងឡើយ គឺព្រះអង្គបានសម្អាតចិត្តគេឲ្យបានបរិសុទ្ធ* ដោយជំនឿ។ ឥឡូវនេះ ហេតុដូចម្ដេចបានជាបងប្អូនជំទាស់ នឹងព្រះជាម្ចាស់ដូច្នេះ? នឹមដែលបុព្វបុរសរបស់យើង និងខ្លួនយើងផ្ទាល់ មិនអាចទ្រាំទ្របានផងនោះ ម្ដេចក៏បងប្អូនចង់យកទៅដាក់លើពួកសិស្សដែរ! ទេ មិនបានទេ! ដ្បិតយើងជឿថា ទាំងសាសន៍យើង ទាំងសាសន៍គេ បានទទួលការសង្គ្រោះ ដោយសារព្រះគុណរបស់ព្រះអម្ចាស់យេស៊ូ»។ ពេលនោះ អង្គប្រជុំទាំងមូលនៅស្ងៀមស្ងាត់ ស្ដាប់លោកប៉ូល និងលោកបារណាបាស មានប្រសាសន៍រៀបរាប់អំពីទីសម្គាល់ដ៏អស្ចារ្យ និងឫទ្ធិបាដិហារិយ៍ ដែលព្រះជាម្ចាស់បានសម្តែង នៅក្នុងចំណោមសាសន៍ដទៃតាមរយៈលោក។
អាន កិច្ចការ 15
ស្ដាប់នូវ កិច្ចការ 15
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: កិច្ចការ 15:1-12
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ