បងប្អូនជាពូជពង្សលោកអប្រាហាំ និងបងប្អូនដែលគោរពកោតខ្លាចព្រះជាម្ចាស់អើយ! ព្រះអង្គបានចាត់ព្រះបន្ទូលស្ដីអំពីការសង្គ្រោះ មកឲ្យយើងទាំងអស់គ្នានេះហើយ ដ្បិតអ្នកក្រុងយេរូសាឡឹម និងពួកមេដឹកនាំរបស់គេ ពុំបានដឹងថាព្រះយេស៊ូជានរណាឡើយ។ គេបានកាត់ទោសព្រះអង្គ ស្របនឹងសេចក្ដីដែលព្យាការី*ថ្លែងទុកមក ហើយគេអានរៀងរាល់ថ្ងៃសប្ប័ទ* ទោះបីគេរកកំហុសអ្វីមកកាត់ទោសលោកមិនឃើញក៏ដោយ ក៏គេនៅតែសុំឲ្យលោកពីឡាតប្រហារជីវិតព្រះអង្គដែរ។ កាលគេបានធ្វើស្របនឹងសេចក្ដីដែលមានចែងទុកអំពីព្រះអង្គចប់សព្វគ្រប់ហើយ គេក៏យកព្រះសពព្រះអង្គចុះពីឈើឆ្កាងទៅបញ្ចុះក្នុងផ្នូរ។ ប៉ុន្តែ ព្រះជាម្ចាស់បានប្រោសព្រះអង្គឲ្យរស់ឡើងវិញ។ ព្រះយេស៊ូបានបង្ហាញខ្លួនឲ្យអស់អ្នកដែលបានរួមដំណើរជាមួយព្រះអង្គ ពីស្រុកកាលីឡេទៅក្រុងយេរូសាឡឹម ឃើញអស់រយៈពេលជាច្រើនថ្ងៃ។ ឥឡូវនេះ អ្នកទាំងនោះធ្វើជាបន្ទាល់របស់ព្រះអង្គ នៅចំពោះមុខប្រជាជនទៀតផង។ រីឯយើងខ្ញុំវិញ យើងខ្ញុំសូមជូនដំណឹងល្អនេះប្រាប់បងប្អូនថា ព្រះបន្ទូលដែលព្រះជាម្ចាស់បានសន្យាជាមួយបុព្វបុរសរបស់យើង ព្រះអង្គបានធ្វើតាម ដើម្បីជាប្រយោជន៍ដល់យើង ដែលជាពូជពង្សរបស់លោកទាំងនោះហើយ គឺព្រះអង្គបានប្រោសព្រះយេស៊ូឲ្យមានព្រះជន្មរស់ឡើងវិញ ដូចមានចែងទុកក្នុងទំនុកតម្កើង ទីពីរថា: ព្រះអង្គជាបុត្ររបស់យើង គឺយើងដែលបានបង្កើតព្រះអង្គមក នៅថ្ងៃនេះ ។ ព្រះជាម្ចាស់បានប្រោសព្រះយេស៊ូឲ្យមានព្រះជន្មរស់ឡើងវិញ ដើម្បីកុំឲ្យព្រះសពព្រះអង្គត្រូវរលួយឡើយ ដូចមានចែងទុកមកថា: អ្វីៗដ៏វិសុទ្ធ* និងដ៏ជាទីទុកចិត្ត ដែលយើងបានសន្យាថានឹងឲ្យដាវីឌ យើងនឹងប្រគល់ឲ្យអ្នករាល់គ្នា ។ ហេតុនេះហើយបានជាមានចែងទុកក្នុងអត្ថបទគម្ពីរមួយទៀតថា: ព្រះអង្គមិនបណ្ដោយឲ្យសពអ្នកបម្រើ ដ៏វិសុទ្ធរបស់ព្រះអង្គ រលួយឡើយ។ ព្រះបាទដាវីឌបានបម្រើព្រះជាម្ចាស់ តាមគម្រោងការព្រះអង្គនៅជំនាន់នោះ រួចសោយទិវង្គតទៅ។ គេបានបញ្ចុះសពព្រះបាទដាវីឌក្នុងផ្នូរជាមួយព្រះអយ្យកោ ហើយសពរបស់ស្ដេចក៏បានរលួយអស់ដែរ។ រីឯព្រះយេស៊ូដែលព្រះជាម្ចាស់បានប្រោសឲ្យមានព្រះជន្មរស់ឡើងវិញនោះ ព្រះសពរបស់ព្រះអង្គពុំបានរលួយទេ។ ដូច្នេះ បងប្អូនអើយ! សូមបងប្អូនជ្រាបឲ្យច្បាស់ថា ព្រះជាម្ចាស់លើកលែងទោសឲ្យបងប្អូនរួចពីបាប តាមរយៈព្រះយេស៊ូ ដូចយើងបានជម្រាបមកស្រាប់។ បងប្អូនពុំអាចទៅជាមនុស្សសុចរិត* រួចផុតអំពើបាបទាំងប៉ុន្មាន ដោយគោរពតាមវិន័យរបស់លោកម៉ូសេឡើយ។ ផ្ទុយទៅវិញ ព្រះជាម្ចាស់ប្រោសឲ្យអស់អ្នកជឿបានសុចរិត តាមរយៈព្រះយេស៊ូ។ ហេតុនេះសូមបងប្អូនប្រយ័ត្ន ក្រែងត្រូវតាមសេចក្ដីដែលព្យាការី*ថ្លែងទុកមកថា: “មនុស្សដែលចេះតែមើលងាយគេអើយ! ចូរនាំគ្នាមើល ហើយងឿងឆ្ងល់ រួចវិនាសបាត់ទៅចុះ! ដ្បិតយើងនឹងធ្វើកិច្ចការមួយនៅជំនាន់ របស់អ្នករាល់គ្នា ជាកិច្ចការដែលអ្នករាល់គ្នាមិនជឿ ទោះបីជាគេរៀបរាប់ប្រាប់អ្នករាល់គ្នា ក៏ដោយ” »។ ពេលលោកប៉ូល និងលោកបារណាបាសចេញពីសាលាប្រជុំ ពួកគេបានអញ្ជើញលោកឲ្យមានប្រសាសន៍អំពីសេចក្ដីទាំងនេះ នៅថ្ងៃសប្ប័ទ*ខាងមុខទៀត។ លុះអង្គប្រជុំបែកគ្នាហើយ មានសាសន៍យូដា និងអ្នកចូលសាសនាយូដាជាច្រើននាក់ ដែលគោរពប្រណិប័តន៍ព្រះជាម្ចាស់ នាំគ្នាទៅតាមលោកប៉ូល និងលោកបារណាបាស។ លោកទាំងពីរបានសន្ទនាជាមួយពួកគេ ហើយក្រើនរំឭកគេឲ្យនៅខ្ជាប់ខ្ជួននឹងព្រះគុណរបស់ព្រះជាម្ចាស់ជានិច្ច។ នៅថ្ងៃសប្ប័ទបន្ទាប់មកទៀត ប្រជាជននៅក្រុងនោះបានមកជួបជុំ ស្ដាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់ស្ទើរតែទាំងអស់គ្នា។ កាលជនជាតិយូដាឃើញមហាជនដូច្នោះ គេមានចិត្តច្រណែនជាខ្លាំង ក៏នាំគ្នានិយាយជំទាស់នឹងពាក្យដែលលោកប៉ូលមានប្រសាសន៍ ហើយថែមទាំងជេរប្រមាថលោកទៀតផង។ លោកប៉ូល និងលោកបារណាបាសក៏មានប្រសាសន៍ទៅគេ ដោយចិត្តអង់អាចថា៖ «មុនដំបូង យើងខ្ញុំត្រូវតែប្រកាសព្រះបន្ទូលរបស់ព្រះជាម្ចាស់ដល់បងប្អូន។ ប៉ុន្តែ ដោយបងប្អូនបដិសេធមិនព្រមទទួលព្រះបន្ទូលនេះ ហើយដោយបងប្អូនយល់ឃើញថា ខ្លួនមិនសមនឹងទទួលជីវិតអស់កល្បជានិច្ចទេនោះ យើងខ្ញុំនឹងងាកទៅប្រកាសដល់សាសន៍ដទៃវិញ ដ្បិតព្រះអម្ចាស់បានបង្គាប់មកយើងខ្ញុំថា: “ យើងបានតែងតាំងអ្នកឲ្យធ្វើជាពន្លឺ បំភ្លឺជាតិសាសន៍នានា និងឲ្យនាំការសង្គ្រោះរហូតទៅដល់ ស្រុកដាច់ស្រយាលនៃផែនដី” »។ កាលសាសន៍ដទៃឮដូច្នោះ គេមានអំណររីករាយ ហើយនាំគ្នាលើកតម្កើងព្រះបន្ទូលរបស់ព្រះអម្ចាស់។ រីឯអស់អ្នកដែលព្រះជាម្ចាស់តម្រូវឲ្យទទួលជីវិតអស់កល្បជានិច្ច ក៏នាំគ្នាជឿដែរ។ ព្រះបន្ទូលរបស់ព្រះអម្ចាស់បានឮសុសសាយក្នុងស្រុកនោះទាំងមូល។ ប៉ុន្តែ សាសន៍យូដាបានញុះញង់ស្ត្រីៗមានឋានៈខ្ពង់ខ្ពស់ ដែលគោរពប្រណិប័តន៍ព្រះជាម្ចាស់ និងញុះញង់ពួកនាម៉ឺននៅក្រុងនោះ ឲ្យលើកគ្នាទៅបៀតបៀនលោកប៉ូល និងលោកបារណាបាស ព្រមទាំងដេញលោកទាំងពីរចេញពីដែនដីរបស់គេផង។ លោកប៉ូល និងលោកបារណាបាស ក៏រលាស់ធូលីដីចេញពីជើងរបស់លោក រួចធ្វើដំណើរទៅក្រុងអ៊ីកូនាម។ រីឯពួកសិស្ស*នៅអន់ទីយ៉ូកវិញ គេបានពោរពេញដោយអំណរ និងដោយព្រះវិញ្ញាណដ៏វិសុទ្ធ*។
អាន កិច្ចការ 13
ស្ដាប់នូវ កិច្ចការ 13
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: កិច្ចការ 13:26-52
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ