នៅក្រុងសេសារា មានបុរសម្នាក់ឈ្មោះកូនេលាស ជានាយទាហានក្នុងកងវរសេនាតូច រ៉ូម៉ាំងមួយឈ្មោះ «កងវរសេនាតូចអ៊ីតាលី»។ គាត់ និងក្រុមគ្រួសាររបស់គាត់ទាំងមូល ជាអ្នកគោរពប្រណិប័តន៍ និងកោតខ្លាចព្រះជាម្ចាស់។ គាត់តែងចែកទានជាច្រើនឲ្យប្រជាជន ព្រមទាំងទូលអង្វរព្រះជាម្ចាស់គ្រប់ពេលវេលា។ ថ្ងៃមួយ ប្រមាណជាម៉ោងបីរសៀល គាត់បាននិមិត្តឃើញទេវតា*មួយរូបរបស់ព្រះជាម្ចាស់យ៉ាងច្បាស់ ទេវតានោះចូលមកផ្ទះគាត់ ហៅគាត់ថា៖ «លោកកូនេលាសអើយ!»។ លោកកូនេលាសសម្លឹងមើលទៅទេវតា ហើយមានប្រសាសន៍ទៅវិញ ទាំងភ័យខ្លាចថា៖ «លោកម្ចាស់អើយ! តើលោកមានការអ្វី?»។ ទេវតាពោលមកគាត់ថា៖ «ព្រះជាម្ចាស់ទ្រង់ព្រះសណ្ដាប់ពាក្យទូលអង្វររបស់លោកហើយ ព្រះអង្គក៏ជ្រាបអំពីទានរបស់លោកដែរ ព្រះអង្គមិនភ្លេចទេ។ សុំលោកចាត់គេឲ្យទៅក្រុងយ៉ុបប៉េឥឡូវនេះ អញ្ជើញបុរសម្នាក់ឈ្មោះស៊ីម៉ូន ហៅពេត្រុសមក។ គាត់ស្នាក់នៅផ្ទះអ្នកសម្លាប់ស្បែកម្នាក់ឈ្មោះស៊ីម៉ូន ផ្ទះនោះនៅក្បែរមាត់សមុទ្រ»។ កាលទេវតា*ដែលបាននិយាយជាមួយគាត់ចេញផុតទៅ លោកកូនេលាសក៏ហៅអ្នកបម្រើពីរនាក់ និងទាហានម្នាក់ ដែលនៅក្រោមបញ្ជារបស់គាត់ជាយូរហើយ ហើយគោរពប្រណិប័តន៍ព្រះជាម្ចាស់ផងនោះ ឲ្យចូលមក។ លោកបានរៀបរាប់ហេតុការណ៍ទាំងអស់ប្រាប់ពួកគេ រួចចាត់ឲ្យទៅក្រុងយ៉ុបប៉េ។ នៅថ្ងៃបន្ទាប់ អ្នកទាំងនោះធ្វើដំណើរទៅជិតដល់ក្រុងយ៉ុបប៉េ។ ប្រមាណជាថ្ងៃត្រង់ លោកពេត្រុសឡើងទៅអធិស្ឋាន*នៅលើដំបូលផ្ទះ។ ពេលនោះ លោកឃ្លាន ចង់ពិសាបាយ។ កាលគេកំពុងតែរៀបចំម្ហូបចំណីជូនលោកពិសា លោកបានលង់ស្មារតី និមិត្តឃើញផ្ទៃមេឃបើកចំហ ឃើញវត្ថុម្យ៉ាងដូចកម្រាលតុមួយយ៉ាងធំ ដែលមានចងចុងជាយទាំងបួនជ្រុង ចុះពីលើមកដល់ដី។ នៅលើកម្រាលនោះ មានសត្វចតុប្បាទគ្រប់ប្រភេទ មានសត្វលូនវារ និងបក្សាបក្សី។ មានព្រះសូរសៀងបញ្ជាមកគាត់ថា៖ «ពេត្រុសអើយ! ចូរសម្លាប់សត្វទាំងនេះបរិភោគទៅ!»។ ប៉ុន្តែ លោកពេត្រុសទូលទៅវិញថា៖ «ទេ ព្រះអម្ចាស់ ទូលបង្គំពុំដែលទទួលទានអ្វីដែលវិន័យហាមឃាត់ ឬមិនបរិសុទ្ធ*ទាល់តែសោះ»។ បន្ទាប់មក លោកពេត្រុសបានឮព្រះសូរសៀងនោះជាលើកទីពីរថា៖ «អ្វីៗដែលព្រះជាម្ចាស់បានប្រោសឲ្យបរិសុទ្ធហើយ ចូរកុំចាត់ទុកថាវិន័យហាមឃាត់នោះឡើយ!»។ ហេតុការណ៍នេះកើតមានដល់ទៅបីដង នៅទីបំផុត វត្ថុនោះក៏ឡើងទៅលើមេឃវិញភ្លាមបាត់ទៅ។ លោកពេត្រុសកំពុងតែនឹកឆ្ងល់មិនដឹងជាត្រូវគិតដូចម្ដេច អំពីហេតុការណ៍ដែលលោកបាននិមិត្តឃើញនោះ ស្រាប់តែពួកអ្នកដែលលោកកូនេលាសចាត់ឲ្យមក បានមកដល់មាត់ទ្វារ ទាំងសាកសួររកផ្ទះរបស់លោកស៊ីម៉ូន។ គេស្រែកសួរថា៖ «លោកស៊ីម៉ូនហៅពេត្រុសស្នាក់ក្នុងផ្ទះនេះឬទេ?»។ ពេលលោកពេត្រុសកំពុងរិះគិតអំពីហេតុការណ៍ ដែលលោកនិមិត្តឃើញនោះ ព្រះវិញ្ញាណមានព្រះបន្ទូលមកគាត់ថា៖ «មានបុរសបីនាក់កំពុងសួររកអ្នក ចូរចុះទៅក្រោមចេញដំណើរទៅជាមួយគេភ្លាមទៅ កុំរារែកឡើយ ដ្បិតយើងនេះហើយដែលបានចាត់គេឲ្យមក»។ លោកពេត្រុសក៏ចុះទៅក្រោម មានប្រសាសន៍ទៅបុរសទាំងបីនាក់នោះថា៖ «ខ្ញុំនេះហើយដែលអ្នករាល់គ្នាកំពុងតែរក! តើអ្នកមកមានការអ្វី?»។ គេឆ្លើយថា៖ «លោកកូនេលាស ជានាយទាហាន បានចាត់យើងឲ្យមក គាត់ជាមនុស្សសុចរិត គោរពកោតខ្លាចព្រះជាម្ចាស់ ហើយជាមនុស្សម្នាក់ដែលប្រជាជាតិយូដាសរសើរគ្រប់ៗគ្នា។ ទេវតាដ៏វិសុទ្ធមួយរូបបានមកប្រាប់គាត់ឲ្យអញ្ជើញលោកទៅផ្ទះគាត់ ដើម្បីស្ដាប់លោកមានប្រសាសន៍»។
អាន កិច្ចការ 10
ស្ដាប់នូវ កិច្ចការ 10
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: កិច្ចការ 10:1-22
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ