នៅក្រុងសេសារា មានបុរសម្នាក់ឈ្មោះកូនេលាស ជានាយទាហានក្នុងកងវរសេនាតូច រ៉ូម៉ាំងមួយឈ្មោះ «កងវរសេនាតូចអ៊ីតាលី»។ គាត់ និងក្រុមគ្រួសាររបស់គាត់ទាំងមូល ជាអ្នកគោរពប្រណិប័តន៍ និងកោតខ្លាចព្រះជាម្ចាស់។ គាត់តែងចែកទានជាច្រើនឲ្យប្រជាជន ព្រមទាំងទូលអង្វរព្រះជាម្ចាស់គ្រប់ពេលវេលា។ ថ្ងៃមួយ ប្រមាណជាម៉ោងបីរសៀល គាត់បាននិមិត្តឃើញទេវតា*មួយរូបរបស់ព្រះជាម្ចាស់យ៉ាងច្បាស់ ទេវតានោះចូលមកផ្ទះគាត់ ហៅគាត់ថា៖ «លោកកូនេលាសអើយ!»។ លោកកូនេលាសសម្លឹងមើលទៅទេវតា ហើយមានប្រសាសន៍ទៅវិញ ទាំងភ័យខ្លាចថា៖ «លោកម្ចាស់អើយ! តើលោកមានការអ្វី?»។ ទេវតាពោលមកគាត់ថា៖ «ព្រះជាម្ចាស់ទ្រង់ព្រះសណ្ដាប់ពាក្យទូលអង្វររបស់លោកហើយ ព្រះអង្គក៏ជ្រាបអំពីទានរបស់លោកដែរ ព្រះអង្គមិនភ្លេចទេ។ សុំលោកចាត់គេឲ្យទៅក្រុងយ៉ុបប៉េឥឡូវនេះ អញ្ជើញបុរសម្នាក់ឈ្មោះស៊ីម៉ូន ហៅពេត្រុសមក។ គាត់ស្នាក់នៅផ្ទះអ្នកសម្លាប់ស្បែកម្នាក់ឈ្មោះស៊ីម៉ូន ផ្ទះនោះនៅក្បែរមាត់សមុទ្រ»។ កាលទេវតា*ដែលបាននិយាយជាមួយគាត់ចេញផុតទៅ លោកកូនេលាសក៏ហៅអ្នកបម្រើពីរនាក់ និងទាហានម្នាក់ ដែលនៅក្រោមបញ្ជារបស់គាត់ជាយូរហើយ ហើយគោរពប្រណិប័តន៍ព្រះជាម្ចាស់ផងនោះ ឲ្យចូលមក។ លោកបានរៀបរាប់ហេតុការណ៍ទាំងអស់ប្រាប់ពួកគេ រួចចាត់ឲ្យទៅក្រុងយ៉ុបប៉េ។ នៅថ្ងៃបន្ទាប់ អ្នកទាំងនោះធ្វើដំណើរទៅជិតដល់ក្រុងយ៉ុបប៉េ។ ប្រមាណជាថ្ងៃត្រង់ លោកពេត្រុសឡើងទៅអធិស្ឋាន*នៅលើដំបូលផ្ទះ។ ពេលនោះ លោកឃ្លាន ចង់ពិសាបាយ។ កាលគេកំពុងតែរៀបចំម្ហូបចំណីជូនលោកពិសា លោកបានលង់ស្មារតី និមិត្តឃើញផ្ទៃមេឃបើកចំហ ឃើញវត្ថុម្យ៉ាងដូចកម្រាលតុមួយយ៉ាងធំ ដែលមានចងចុងជាយទាំងបួនជ្រុង ចុះពីលើមកដល់ដី។ នៅលើកម្រាលនោះ មានសត្វចតុប្បាទគ្រប់ប្រភេទ មានសត្វលូនវារ និងបក្សាបក្សី។ មានព្រះសូរសៀងបញ្ជាមកគាត់ថា៖ «ពេត្រុសអើយ! ចូរសម្លាប់សត្វទាំងនេះបរិភោគទៅ!»។ ប៉ុន្តែ លោកពេត្រុសទូលទៅវិញថា៖ «ទេ ព្រះអម្ចាស់ ទូលបង្គំពុំដែលទទួលទានអ្វីដែលវិន័យហាមឃាត់ ឬមិនបរិសុទ្ធ*ទាល់តែសោះ»។ បន្ទាប់មក លោកពេត្រុសបានឮព្រះសូរសៀងនោះជាលើកទីពីរថា៖ «អ្វីៗដែលព្រះជាម្ចាស់បានប្រោសឲ្យបរិសុទ្ធហើយ ចូរកុំចាត់ទុកថាវិន័យហាមឃាត់នោះឡើយ!»។ ហេតុការណ៍នេះកើតមានដល់ទៅបីដង នៅទីបំផុត វត្ថុនោះក៏ឡើងទៅលើមេឃវិញភ្លាមបាត់ទៅ។ លោកពេត្រុសកំពុងតែនឹកឆ្ងល់មិនដឹងជាត្រូវគិតដូចម្ដេច អំពីហេតុការណ៍ដែលលោកបាននិមិត្តឃើញនោះ ស្រាប់តែពួកអ្នកដែលលោកកូនេលាសចាត់ឲ្យមក បានមកដល់មាត់ទ្វារ ទាំងសាកសួររកផ្ទះរបស់លោកស៊ីម៉ូន។
អាន កិច្ចការ 10
ស្ដាប់នូវ កិច្ចការ 10
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: កិច្ចការ 10:1-17
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ