២ ធីម៉ូថេ 1:8-14

២ ធីម៉ូថេ 1:8-14 គខប

ដូច្នេះ មិន​ត្រូវ​ខ្មាស​នឹង​ផ្ដល់​សក្ខីភាព​អំពី​ព្រះ‌អម្ចាស់​របស់​យើង ឬ​ខ្មាស​នឹង​ខ្ញុំ​ជាប់​ឃុំ‌ឃាំង ព្រោះ​តែ​ព្រះអង្គ​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ អ្នក​ត្រូវ​តែ​រង‌ទុក្ខ​វេទនា​រួម​ជា​មួយ​ខ្ញុំ សម្រាប់​ដំណឹង‌ល្អ* ដោយ​ពឹង​ផ្អែក​លើ​ឫទ្ធា‌នុភាព​របស់​ព្រះ‌ជាម្ចាស់។ ព្រះអង្គ​ហ្នឹង​ហើយ ដែល​បាន​សង្គ្រោះ​យើង និង​បាន​ត្រាស់​ហៅ​យើង​ឲ្យ​មក​ធ្វើ​ជា​ប្រជា‌រាស្ត្រ​ដ៏វិសុទ្ធ*​របស់​ព្រះអង្គ ។ ព្រះអង្គ​ត្រាស់​ហៅ​យើង​ដូច្នេះ មិន​មែន​មក​ពី​អំពើ​ដែល​យើង​បាន​ប្រព្រឹត្ត​នោះ​ទេ គឺ​ស្រប​តាម​គម្រោង‌ការ និង​ស្រប​តាម​ព្រះ‌គុណ ដែល​ព្រះអង្គ​បាន​ប្រទាន​មក​យើង ក្នុង​អង្គ​ព្រះគ្រិស្ត‌យេស៊ូ តាំង​ពី​មុន​កាល​សម័យ​ទាំង​អស់​មក​ម៉្លេះ។ ឥឡូវ​នេះ ព្រះអង្គ​បាន​សម្តែង​ឲ្យ​យើង​ស្គាល់​ព្រះ‌គុណ​របស់​ព្រះអង្គ ដោយ​ព្រះគ្រិស្ត‌យេស៊ូ​ជា​ព្រះ‌សង្គ្រោះ​របស់​យើង​យាង​មក​ក្នុង​លោក​នេះ ។ ព្រះ‌គ្រិស្ត​បាន​បំបាត់​អំណាច​នៃ​សេចក្ដី​ស្លាប់ ព្រម​ទាំង​បំភ្លឺ​យើង​ឲ្យ​ស្គាល់​ជីវិត​អមតៈ​ដោយ‌សារ​ដំណឹង‌ល្អ*។ ព្រះ‌ជាម្ចាស់​បាន​តែង‌តាំង​ខ្ញុំ​ឲ្យ​ប្រកាស​ដំណឹង‌ល្អ​នេះ ក្នុង​ឋានៈ​ជា​សាវ័ក និង​ជា​គ្រូ​អប់រំ។ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​រង‌ទុក្ខ​លំបាក​ទាំង​នេះ ប៉ុន្តែ ខ្ញុំ​មិន​ខ្មាស​ឡើយ ដ្បិត​ខ្ញុំ​ដឹង​ថា ខ្ញុំ​បាន​ជឿ​លើ​ព្រះអង្គ​ណា ហើយ​ខ្ញុំ​ក៏​ជឿ​ជាក់​ថា ព្រះអង្គ​នោះ​មាន​ឫទ្ធា‌នុភាព​នឹង​រក្សា​អ្វីៗ ដែល​ព្រះអង្គ​ផ្ញើ​ទុក​នឹង​ខ្ញុំ ឲ្យ​បាន​គង់‌វង្ស រហូត​ដល់​ថ្ងៃ​ព្រះអង្គ​យាង​មក។ ចូរ​ចង​ចាំ​ព្រះ‌បន្ទូល​ដ៏​ត្រឹម‌ត្រូវ​របស់​ព្រះ‌អម្ចាស់​ដែល​អ្នក​បាន​ទទួល​ពី​ខ្ញុំ ទុក​ធ្វើ​ជា​គោល​នៃ​ជំនឿ និង​សេចក្ដី​ស្រឡាញ់​ដែល​យើង​មាន ដោយ​រួម​ក្នុង​អង្គ​ព្រះគ្រិស្ត‌យេស៊ូ។ អ្វីៗ​ដ៏​ល្អ​ដែល​ព្រះអង្គ​ផ្ញើ​ទុក​នឹង​អ្នក ត្រូវ​រក្សា​ឲ្យ​បាន​គង់‌វង្ស ដោយ​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ​ដែល​សណ្ឋិត​នៅ​ក្នុង​យើង។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ២ ធីម៉ូថេ 1:8-14

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ