បងប្អូនអើយ ចំពោះពេលដែលព្រះយេស៊ូគ្រិស្តជាព្រះអម្ចាស់នៃយើង យាងមកយ៉ាងរុងរឿង ហើយដែលយើងត្រូវជួបជុំជាមួយព្រះអង្គនោះ យើងសូមអង្វរបងប្អូនថា កុំប្រញាប់ជ្រួលច្របល់ក្នុងចិត្ត ឬភ័យស្លន់ស្លោ ដោយគ្រាន់តែឮគេថាដល់ថ្ងៃព្រះអម្ចាស់យាងមកហើយ។ មានអ្នកខ្លះប្រហែលជាថា ព្រះវិញ្ញាណបានបំភ្លឺឲ្យគេដឹង ឬថាមានពាក្យសម្ដី និងមានសំបុត្រណាមួយពីយើងបញ្ជាក់ដូច្នេះ។ កុំឲ្យនរណាម្នាក់មកបញ្ឆោតបងប្អូន ដោយប្រការណាមួយបានជាដាច់ខាត ដ្បិតមុននឹងព្រះអម្ចាស់យាងមក ត្រូវតែមានអ្នកជឿលះបង់ជំនឿ និងមេប្រឆាំងសាសនាដែលត្រូវវិនាសនោះ ចេញមុខមកជាមុនសិន។ មេប្រឆាំងនោះលើកខ្លួនឡើងខ្ពស់លើសអ្វីៗទាំងអស់ ដែលមនុស្សលោកគោរពថ្វាយបង្គំទុកជាព្រះ គឺរហូតដល់ទៅហ៊ានអង្គុយនៅក្នុងទីសក្ការៈរបស់ព្រះជាម្ចាស់ ហើយប្រកាសខ្លួនឯងថាជាព្រះជាម្ចាស់ថែមទៀតផង។ កាលខ្ញុំនៅជាមួយបងប្អូន ខ្ញុំធ្លាប់បាននិយាយប្រាប់បងប្អូនសព្វគ្រប់ហើយ តើបងប្អូននៅចាំឬទេ? ឥឡូវនេះ បងប្អូនស្គាល់អ្វីដែលឃាត់ឃាំងមេប្រឆាំងនោះហើយ វាចេញមុខមកបាន លុះត្រាតែពេលកំណត់របស់វាមកដល់។ គម្រោងការលាក់កំបាំងរបស់មេប្រឆាំងសាសនានោះ មានសកម្មភាពនៅពេលនេះស្រាប់ហើយ គឺនៅចាំតែអ្វីដែលកំពុងឃាត់ឃាំងវានេះចេញទៅបាត់ប៉ុណ្ណោះ វានឹងចេញមុខមក ហើយព្រះអម្ចាស់យេស៊ូនឹងបំផ្លាញវាដោយ ខ្យល់ ដែលចេញពីព្រះឱស្ឋរបស់ព្រះអង្គ រួចហើយ នៅពេលព្រះអង្គយាងមក ព្រះអង្គនឹងជាន់កម្ទេចវា ដោយរស្មីរុងរឿងរបស់ព្រះអង្គ។ រីឯមេប្រឆាំងសាសនានោះវិញ វាមកដល់ដោយអំណាចមារ*សាតាំង គឺវាសម្តែងការអស្ចារ្យ ទីសម្គាល់ និងឫទ្ធិបាដិហារិយ៍បោកប្រាស់សព្វបែបយ៉ាង។ វានឹងប្រើអំពើទុច្ចរិតគ្រប់យ៉ាង ដើម្បីបោកបញ្ឆោតអស់អ្នកដែលត្រូវវិនាសអន្តរាយ ព្រោះគេពុំព្រមទទួល ពុំព្រមស្រឡាញ់សេចក្ដីពិត ដែលអាចសង្គ្រោះគេទេ។ ហេតុនេះហើយបានជាព្រះជាម្ចាស់ចាត់ឥទ្ធិពលមួយមកធ្វើឲ្យគេវង្វេង និងឲ្យគេជឿលើពាក្យភូតភរ ដើម្បីឲ្យពួកអ្នកដែលមិនព្រមជឿសេចក្ដីពិត ហើយចូលចិត្តអំពើទុច្ចរិត ត្រូវទទួលទោស។
អាន ២ ថេស្សាឡូនិក 2
ស្ដាប់នូវ ២ ថេស្សាឡូនិក 2
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ២ ថេស្សាឡូនិក 2:1-12
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ