២ សាំយូអែល ពាក្យ​លំនាំ

ពាក្យ​លំនាំ
កណ្ឌ​គម្ពីរ​សាំយូ‌អែល​ទី ២ រៀប​រាប់​អំពី​រាជ្យ​របស់​ព្រះ‌បាទ​ដាវីឌ។ ព្រះ‌បាទ​ដាវីឌ​ជា​ស្ដេច​ទី​មួយ ដែល​បាន​គ្រង​រាជ្យ​លើ​កុល‌សម្ព័ន្ធ​ទាំង​ដប់‌ពីរ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល។ កណ្ឌ​គម្ពីរ​នេះ​បង្ហាញ​អំពី​វិរ‌ភាព និង​ឫទ្ធិ​អំណាច​របស់​ព្រះ‌បាទ​ដាវីឌ ដែល​ធ្វើ​ឲ្យ​ស្ដេច​ពង្រឹង​រាជ​សម្បត្តិ ហើយ​ពង្រីក​ទឹក​ដី​អ៊ីស្រា‌អែល​ទៅ​ជា​នគរ​មួយ​យ៉ាង​ធំ។
ផ្នែក​ដំបូង​នៃ​កណ្ឌ​គម្ពីរ​នេះ មាន​ថ្លែង​អំពី​ការ​សោយ​សោក​របស់​ព្រះ‌បាទ​ដាវីឌ នៅ​ពេល​ស្ដេច​បាន​ទទួល​ដំណឹង​ថា ព្រះ‌បាទ​សូល និង​សម្ដេច​យ៉ូណា‌ថាន ជា​បុត្រ សោយ​ទិវង្គត​ក្នុង​សមរ‌ភូមិ នៅ​ពេល​ធ្វើ​សឹក​ជា​មួយ​ជន‌ជាតិ​ភីលីស្ទីន។ បន្ទាប់​មក មាន​ថ្លែង​អំពី​ព្រះ‌បាទ​ដាវីឌ​គ្រង​រាជ្យ​លើ​កុល‌សម្ព័ន្ធ​យូដា ដែល​នៅ​ប៉ែក​ខាង​ត្បូង (ចំពូក​១-៤)។ ក្រោយ​មក​ទៀត កុល‌សម្ព័ន្ធ​នានា​នៃ​អ៊ីស្រា‌អែល​ដែល​រស់​នៅ​ប៉ែក​ខាង​ជើង បាន​យាង​ព្រះ‌បាទ​ដាវីឌ​ឲ្យ​គ្រង​រាជ្យ​លើ​ពួក​គេ​ដែរ (ចំពូក ៥-២០)។ ចំពូក​២១ ដល់ ២៤​មាន​រៀប​រាប់​អំពី​ព្រឹត្តិ‌ការណ៍​ផ្សេងៗ កើត​មាន​ក្នុង​រជ្ជ‌កាល​របស់​ព្រះ‌បាទ​ដាវីឌ ដែល​ចំពូក​មុនៗ​មិន​បាន​លើក​យក​មក​បរិយាយ។
កណ្ឌ​គម្ពីរ​សាំយូ‌អែល​ទី ២ បង្ហាញ​ឲ្យ​ឃើញ​ភាព​ថ្កុំ‌ថ្កើង​រុងរឿង និង​ឫទ្ធិ​អំណាច​របស់​ព្រះ‌បាទ​ដាវីឌ ហើយ​ក៏​បង្ហាញ​ឲ្យ​យើង​ឃើញ​ភាព​ទន់​ខ្សោយ និង​បញ្ហា​លំបាក​ផ្សេងៗ ដែល​កើត​មាន​ក្នុង​ព្រះ‌ញាតិ‌វង្ស​របស់​ស្ដេច​អង្គ​នេះ​ដែរ។ ពេល​មាន​បញ្ហា ព្រះ‌បាទ​ដាវីឌ​ផ្ញើ​ជីវិត​លើ​ព្រះ‌ជាម្ចាស់ ហើយ​ពេល​ប្រព្រឹត្ត​ខុស ស្ដេច​ដាក់​ខ្លួន​សារភាព​កំហុស​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់។
ក្រោយ​មក ជា​ពិសេស នៅ​ក្នុង​ពេល​មាន​ខ្មាំង​សត្រូវ​មក​យាយី​បៀត‌បៀន ជន‌ជាតិ​អ៊ីស្រា‌អែល​ចាត់​ទុក​ព្រះ‌បាទ​ដាវីឌ​ជា​ព្រះ‌មហា‌ក្សត្រ​គំរូ​មួយ ដែល​ព្រះ‌ជាម្ចាស់​ប្រទាន​មក ដើម្បី​សង្គ្រោះ​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ។ ជន‌ជាតិ​អ៊ីស្រា‌អែល​ចង​ចាំ​ជានិច្ច​នូវ​ព្រះ‌បន្ទូល ដែល​ព្រះ‌ជាម្ចាស់​បាន​សន្យា​ជា​មួយ​ព្រះ‌បាទ​ដាវីឌ តាម​រយៈ​ព្យាការី​ណាថាន​ថា នឹង​មាន​ស្ដេច​មួយ​អង្គ​ដែល​ជា​ពូជ‌ពង្ស​របស់​ព្រះ‌បាទ​ដាវីឌ គ្រង​រាជ្យ​លើ​ជន‌ជាតិ​អ៊ីស្រា‌អែល​រហូត​ត​រៀង​ទៅ។ ហេតុ​នេះ​ហើយ​បាន​ជា​នៅ​ក្នុង​គម្ពីរ​សម្ពន្ធ‌មេត្រី​ថ្មី ពេល​ខ្លះ ប្រជា‌ជន​ហៅ​ព្រះ‌យេស៊ូ​ថា «ព្រះ‌រាជ‌វង្ស» ឬ«ព្រះ‌រាជ‌បុត្រា» របស់​ព្រះ‌បាទ​ដាវីឌ (មថ.២០.២៩-៤០, ២១.៩)។

ទើបបានជ្រើសរើសហើយ៖

២ សាំយូអែល ពាក្យ​លំនាំ: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល