ព្រះបាទដាវីឌចាត់គេឲ្យទៅតាមរកលោកមេភីបូសែត នៅផ្ទះលោកម៉ាកៀរ ជាកូនរបស់លោកអាំមាល នៅក្រុងឡូរដេបា។ កាលលោកមេភីបូសែត ជាកូនរបស់សម្ដេចយ៉ូណាថាន និងជាចៅរបស់ព្រះបាទសូល បានមកជួបព្រះបាទដាវីឌ លោកឱនចុះ ក្រាបមុខដល់ដី ថ្វាយបង្គំស្ដេច។ ព្រះបាទដាវីឌមានរាជឱង្ការសួរលោកថា៖ «អ្នកឈ្មោះមេភីបូសែតមែនឬ?»។ លោកទូលថា៖ «បពិត្រព្រះករុណា គឺទូលបង្គំនេះហើយ»។ ព្រះបាទដាវីឌមានរាជឱង្ការថា៖ «ចូរកុំភ័យខ្លាចអ្វីឡើយ យើងនឹងប្រព្រឹត្តចំពោះអ្នកដោយសប្បុរស ព្រោះយើងគិតដល់សម្ដេចយ៉ូណាថាន ជាឪពុករបស់អ្នក។ យើងនឹងប្រគល់ដីធ្លីទាំងប៉ុន្មាន ដែលជាកម្មសិទ្ធិរបស់ព្រះបាទសូល ជាជីតារបស់អ្នកឲ្យអ្នកវិញ ហើយអ្នកនឹងបរិភោគរួមតុជាមួយយើងរៀងរាល់ថ្ងៃ»។ លោកមេភីបូសែតក្រាបថ្វាយបង្គំ ហើយទូលថា៖ «បពិត្រព្រះករុណា! តើទូលបង្គំមានឋានៈអ្វីបានជាទ្រង់យកចិត្តទុកដាក់នឹងទូលបង្គំម៉្លេះ ទូលបង្គំប្រៀបបាននឹងឆ្កែងាប់ប៉ុណ្ណោះ?»។ ពេលនោះ ស្ដេចត្រាស់ហៅស៊ីបាជាអ្នកបម្រើរបស់ព្រះបាទសូលមក ហើយមានរាជឱង្ការទៅគាត់ថា៖ «យើងប្រគល់ទ្រព្យសម្បត្តិទាំងប៉ុន្មាន ដែលជាកម្មសិទ្ធិរបស់ព្រះបាទសូល និងព្រះញាតិវង្ស ឲ្យមេភីបូសែត ជាបុត្ររបស់ម្ចាស់អ្នក។ ចូរអ្នក ព្រមទាំងកូនចៅ និងអ្នកបម្រើទាំងអស់របស់អ្នក នាំគ្នាធ្វើស្រែចម្ការនោះឲ្យមេភីបូសែត ហើយប្រមូលភោគផលជាស្បៀងអាហារ ទុកសម្រាប់បុត្ររបស់ម្ចាស់អ្នកផង។ រីឯមេភីបូសែត ជាបុត្ររបស់ម្ចាស់អ្នក ត្រូវបរិភោគរួមតុជាមួយយើងរៀងរាល់ថ្ងៃ»។ ស៊ីបាមានកូនប្រុសទាំងអស់ដប់ប្រាំនាក់ និងអ្នកបម្រើម្ភៃនាក់។ គាត់ទូលស្ដេចថា៖ «បពិត្រព្រះរាជា ទូលបង្គំនឹងប្រព្រឹត្តតាមបញ្ជាទាំងប៉ុន្មានរបស់ព្រះករុណាជាអម្ចាស់ តែលោកមេភីបូសែតមានទម្លាប់ពិសាបាយរួមតុជាមួយទូលបង្គំ ដ្បិតលោកជាពូជពង្សរបស់ស្ដេច»។ លោកមេភីបូសែតមានកូនប្រុសម្នាក់ឈ្មោះមីកា ហើយមនុស្សទាំងប៉ុន្មានក្នុងគ្រួសាររបស់ស៊ីបា សុទ្ធតែជាអ្នកបម្រើរបស់លោក។ ដោយលោកមេភីបូសែតបរិភោគរួមតុជាមួយព្រះបាទដាវីឌរៀងរាល់ថ្ងៃ លោកត្រូវស្នាក់នៅក្រុងយេរូសាឡឹម។ លោកមេភីបូសែតខ្វិនជើងទាំងពីរ។
អាន ២ សាំយូអែល 9
ស្ដាប់នូវ ២ សាំយូអែល 9
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ២ សាំយូអែល 9:5-13
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ