២ សាំយូអែល 22:21-33

២ សាំយូអែល 22:21-33 គខប

ព្រះ‌អម្ចាស់​បាន​ប្រព្រឹត្ត​ចំពោះ​ខ្ញុំ ស្រប​តាម​សេចក្ដី​សុចរិត​របស់​ខ្ញុំ ព្រះអង្គ​តប​ស្នង​មក​ខ្ញុំ​វិញ ស្រប​តាម​អំពើ​បរិសុទ្ធ​ដែល​ខ្ញុំ​បាន​ប្រព្រឹត្ត​ដែរ ដ្បិត​ខ្ញុំ​បាន​ប្រតិបត្តិ​តាម​មាគ៌ា​របស់​ព្រះ‌អម្ចាស់ ហើយ​ខ្ញុំ​មិន​ឃ្លាត​ចេញ​ពី​ព្រះ​របស់​ខ្ញុំ ដោយ​ប្រព្រឹត្ត​អំពើ​អាក្រក់​នោះ​ឡើយ។ ខ្ញុំ​បាន​ប្រព្រឹត្ត​តាម​វិន័យ​ទាំង​ប៉ុន្មាន របស់​ព្រះអង្គ ខ្ញុំ​មិន​បំពាន​លើ​ច្បាប់​របស់​ព្រះអង្គ​ទេ។ ព្រះអង្គ​ជ្រាប​ថា​ខ្ញុំ​គ្មាន​សៅ‌ហ្មង ហើយ​ខ្ញុំ​បាន​ប្រុង​ប្រយ័ត្ន​ខ្លួន មិន​ឲ្យ​មាន​កំហុស​ឡើយ។ ហេតុ​នេះ ព្រះ‌អម្ចាស់​ប្រោស‌ប្រណី​ដល់​ខ្ញុំ ស្រប​តាម​អំពើ​សុចរិត​ដែល​ខ្ញុំ​បាន​ប្រព្រឹត្ត ព្រោះ​ព្រះអង្គ​ឈ្វេង​យល់​ថា​ខ្ញុំ​ប្រព្រឹត្ត អំពើ​បរិសុទ្ធ។ ព្រះ‌អម្ចាស់​អើយ ព្រះអង្គ​សម្តែង​ព្រះ‌ហឫទ័យ ស្មោះ​ត្រង់​ចំពោះ​អ្នក​ដែល​មាន​ចិត្ត​ស្មោះ​ត្រង់ ព្រះអង្គ​សម្តែង​ព្រះ‌ហឫទ័យ​ស្មោះ​សរ ចំពោះ​អ្នក​ដែល​មាន​ចិត្ត​ស្មោះ​សរ។ ចំពោះ​អ្នក​ដែល​មាន​ចិត្ត​បរិសុទ្ធ ព្រះអង្គ​ក៏​សម្តែង​ថា ព្រះអង្គ​បរិសុទ្ធ​ដែរ ចំពោះ​អ្នក​ដែល​មាន​ចិត្ត​វៀច‌វេរ​វិញ ព្រះអង្គ​សម្តែង​ថា​ព្រះអង្គ​ឈ្លាស‌វៃ។ ព្រះអង្គ​សង្គ្រោះ​មនុស្ស​ទន់‌ទាប ព្រះអង្គ​ទត​មក​អស់​អ្នក​ដែល​មាន​ចិត្ត​ឆ្មើង‌ឆ្មៃ ដើម្បី​បន្ទាប​ពួក​គេ។ ឱ​ព្រះ‌អម្ចាស់​អើយ ព្រះអង្គ​ជា​ពន្លឺ​របស់​ទូលបង្គំ ហើយ​ព្រះអង្គ​ក៏​បំភ្លឺ​ភាព​ងងឹត​របស់ ទូលបង្គំ​ដែរ។ ព្រះអង្គ​ប្រទាន​កម្លាំង​ឲ្យ​ទូលបង្គំ​វាយ​លុក ខ្មាំង​សត្រូវ និង​ឲ្យ​ទូលបង្គំ​អាច​លោត​រំលង កំពែង​ក្រុង​របស់​ពួក​គេ។ មាគ៌ា​របស់​ព្រះ‌ជាម្ចាស់​សុទ្ធ​តែ​ល្អ​ឥត​ខ្ចោះ ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌អម្ចាស់​ពិត​ទាំង​ស្រុង ព្រះអង្គ​ជា​ខែល​ការពារ​អស់​អ្នក​ដែល​មក ជ្រក​កោន​នឹង​ព្រះអង្គ។ មាន​តែ​ព្រះ‌អម្ចាស់​មួយ​ទេ​ដែល​ពិត​ជា​ព្រះ‌ជាម្ចាស់ មាន​តែ​ព្រះ​របស់​យើង​មួយ​ព្រះអង្គ​ប៉ុណ្ណោះ ដែល​ពិត​ជា​ថ្ម‌ដា​ឲ្យ​យើង​ជ្រក​កោន។ ព្រះ‌ជាម្ចាស់​ជា​បន្ទាយ​ដ៏​រឹង‌មាំ​របស់​ខ្ញុំ ព្រះអង្គ​រៀបចំ​មាគ៌ា​របស់​ខ្ញុំ​ឲ្យ​បាន ល្អ​ឥត​ខ្ចោះ។