កាលពីសម័យដើម មានព្យាការី*ក្លែងក្លាយស្ថិតនៅក្នុងចំណោមប្រជារាស្ត្រ។ ក្នុងចំណោមបងប្អូនក៏ដូច្នោះដែរ គឺនឹងមានគ្រូក្លែងក្លាយមកស៊កសៀត បញ្ចូលលទ្ធិខុស ដែលបណ្ដាលឲ្យវិនាស គេបដិសេធពុំព្រមទទួលស្គាល់ព្រះអម្ចាស់ ដែលបានលោះគេឲ្យរួចពីបាបនោះទេ គេមុខជាត្រូវវិនាសអន្តរាយយ៉ាងទាន់ហន់មិនខាន។ មនុស្សជាច្រើននឹងដើរតាមពួកគេទៅប្រព្រឹត្តអំពើអបាយមុខ ហើយមនុស្សម្នានឹងប្រមាថមាគ៌ានៃសេចក្ដីពិត ព្រោះតែអ្នកទាំងនោះ។ ពួកគេនឹងបោកប្រាស់បងប្អូនចង់បានប្រាក់ ដោយពោលពាក្យបញ្ឆោត ប៉ុន្តែ ព្រះអង្គបានកាត់ទោសពួកគេ តាំងពីយូរយារណាស់មកហើយ ហើយព្រះអង្គឥតប្រហែសនឹងបំផ្លាញគេឡើយ ដ្បិតព្រះជាម្ចាស់ពុំបានយោគយល់ដល់ពួកទេវតា*ដែលប្រព្រឹត្តអំពើបាបទេ ព្រះអង្គបានរុញពួកគេទម្លាក់ទៅក្នុងនរកអវិចីដែលងងឹតសូន្យ ហើយគេជាប់ឃុំឃាំងនៅទីនោះ រង់ចាំពេលព្រះអង្គវិនិច្ឆ័យទោស។ ព្រះអង្គក៏ពុំបានយោគយល់ដល់ពិភពលោកនាបុរាណកាលដែរ គឺព្រះអង្គបានធ្វើឲ្យទឹកជន់លិចពិភពលោកដ៏ទុច្ចរិតនោះ។ ព្រះអង្គទុកជីវិតមនុស្សតែប្រាំបីនាក់ប៉ុណ្ណោះឲ្យនៅរស់ គិតទាំងលោកណូអេជាអ្នកប្រកាសសេចក្ដីសុចរិត*នោះផង។ ព្រះអង្គបានដាក់ទោសក្រុងសូដុម និងក្រុងកូម៉ូរ៉ា ឲ្យរលាយទៅជាផេះ ទុកជាការព្រមានដល់មនុស្សទុច្ចរិតទៅថ្ងៃក្រោយ។ ព្រះអង្គបានដោះលែងតែលោកឡុតជាមនុស្សសុចរិត* ព្រោះគាត់ព្រួយចិត្តដោយឃើញមនុស្សអាក្រក់នៅជំនាន់នោះ វក់វីនឹងកាមគុណដ៏ថោកទាប។ រៀងរាល់ថ្ងៃ លោកឡុតជាមនុស្សសុចរិត ដែលរស់នៅកណ្ដាលចំណោមមនុស្សអាក្រក់ទាំងនោះ បានគ្រាំគ្រាក្នុងចិត្តដ៏សុចរិតរបស់គាត់ ព្រោះឃើញ ហើយឮនូវអំពើទុច្ចរិតទាំងប៉ុន្មានរបស់ពួកគេ។ យ៉ាងនេះហើយដែលព្រះអម្ចាស់អាចដោះលែងអស់អ្នកគោរពប្រណិប័តន៍ព្រះអង្គ ឲ្យរួចពីទុក្ខលំបាក តែព្រះអង្គទុកមនុស្សទុច្ចរិត សម្រាប់ដាក់ទណ្ឌកម្ម នៅថ្ងៃដែលព្រះអង្គនឹងវិនិច្ឆ័យទោសមនុស្សលោក ជាពិសេស ព្រះអង្គដាក់ទណ្ឌកម្មអស់អ្នកដែលប្រព្រឹត្តអំពើថោកទាប បំពេញតាមតណ្ហារបស់និស្ស័យលោកីយ៍ ហើយមាក់ងាយអំណាចរបស់ព្រះជាម្ចាស់។ គ្រូក្លែងក្លាយទាំងនោះវាយឫកខ្ពស់ ព្រហើនក្អេងក្អាង មិនញញើតនឹងជេរប្រមាថពួកទេវតា ដែលប្រកបដោយសិរីរុងរឿងឡើយ។ សូម្បីតែទេវតា*ដែលមានកម្លាំង និងឫទ្ធានុភាពខ្លាំងជាងអ្នកទាំងនោះ ក៏ពុំដែលចោទប្រកាន់ប្រមាថទេវតានៅមុខព្រះជាម្ចាស់ដែរ។ រីឯអ្នកទាំងនោះវិញ ពួកគេប្រៀបបាននឹងសត្វតិរច្ឆានដែលកើតមកសម្រាប់តែជាប់អន្ទាក់ និងត្រូវវិនាសអន្តរាយ ពួកគេនាំគ្នាជេរប្រមាថអ្វីៗដែលគេពុំស្គាល់។ ពួកគេមុខជាត្រូវវិនាសសូន្យទៅ ដូចសត្វតិរច្ឆានដែរ។ អ្នកប្រព្រឹត្តអំពើទុច្ចរិតនឹងទទួលផលពីអំពើទុច្ចរិតដែលខ្លួនបានប្រព្រឹត្ត។ អ្នកទាំងនោះត្រេកត្រអាលនឹងការស្រើបស្រាលរបស់ខ្លួនទាំងថ្ងៃ ពួកគេជាមនុស្សមានចិត្តកខ្វក់ថោកទាប ហើយនៅពេលបរិភោគអាហាររួមជាមួយបងប្អូន គេសប្បាយចិត្តចំពោះការបោកប្រាស់របស់ខ្លួនបែបនេះណាស់។ គេគិតតែពីរំពៃមើលស្រីៗដោយចិត្តស្រើបស្រាល និងប្រព្រឹត្តអំពើបាបមិនចេះស្កប់ឡើយ។ ពួកគេតែងទាក់ទាញចិត្តអស់អ្នកដែលមានជំនឿទន់ខ្សោយ ហើយពួកគេពូកែខាងលោភលន់ចង់បានប្រាក់។ អ្នកទាំងនោះសុទ្ធតែជាមនុស្សត្រូវបណ្ដាសា!។ ពួកគេបានបោះបង់មាគ៌ាត្រឹមត្រូវចោល ងាកទៅដើរតាមផ្លូវលោកបាឡាម ជាកូនរបស់លោកបេអ៊រ និងជាអ្នកស្រឡាញ់ប្រាក់ ដែលគេជួលឲ្យប្រព្រឹត្តអំពើទុច្ចរិត។ ប៉ុន្តែ ព្យាការី*នេះបានទទួលការស្ដីប្រដៅ ព្រោះគាត់ប្រព្រឹត្តល្មើសវិន័យ* គឺសត្វពាហនៈដែលមិនចេះនិយាយ បែរជានិយាយភាសាមនុស្ស ឃាត់គាត់កុំឲ្យប្រព្រឹត្តអំពើលេលាយ៉ាងនោះឡើយ។ អ្នកទាំងនោះប្រៀបបាននឹងប្រភពទឹកហួតហែង ឬពពកដែលត្រូវខ្យល់ព្យុះផាត់ គេនឹងត្រូវធ្លាក់ទៅក្នុងទីងងឹតសូន្យសុងជាមិនខាន។ គេព្រោកប្រាជ្ញអំពីរឿងសម្បើមអស្ចារ្យ តែគ្មានខ្លឹមសារអ្វីសោះ ហើយប្រើតណ្ហាលោភលន់តាមនិស្ស័យលោកីយ៍ មកទាក់ទាញអស់អ្នកដែលទើបនឹងរួចពីចំណោមពួកវង្វេង។ ពួកគេសន្យាថានឹងផ្ដល់សេរីភាពឲ្យអ្នកទាំងនោះ តែខ្លួនឯងផ្ទាល់ជាខ្ញុំកញ្ជះនៃសេចក្ដីអន្តរាយ ដ្បិតម្នាក់ៗជាខ្ញុំកញ្ជះនៃអ្វីៗដែលមានអំណាចលើខ្លួន។ ប្រសិនបើអ្នកណាបានលះបង់អំពើសៅហ្មងនៃលោកីយ៍ ដោយបានស្គាល់ព្រះយេស៊ូគ្រិស្ត* ជាព្រះអម្ចាស់ និងជាព្រះសង្គ្រោះយ៉ាងច្បាស់ហើយ តែបែរជាបណ្ដោយឲ្យអំពើសៅហ្មងនេះមានអំណាចរួបរឹត និងដឹកនាំសាជាថ្មី ជីវិតរបស់អ្នកនោះនឹងក្លាយទៅជាអាក្រក់ជាងមុនទៅទៀត។ គួរកុំឲ្យអ្នកនោះស្គាល់មាគ៌ាសុចរិតជាជាងឲ្យស្គាល់ ហើយបែរជាងាកចេញពីបទបញ្ជាដ៏វិសុទ្ធដែលខ្លួនបានទទួល។ ហេតុការណ៍ដែលកើតមានដល់គេនេះ សឲ្យឃើញថា សេចក្ដីដែលសុភាសិតចែងទុកមកនោះពិតជាត្រឹមត្រូវមែន គឺ «ឆ្កែតែងតែវិលទៅរកកំអួតរបស់វាវិញ ជ្រូកដែលទើបនឹងលាងស្អាតក៏តែងតែវិលទៅននៀលភក់វិញដែរ»។
អាន ២ ពេត្រុស 2
ស្ដាប់នូវ ២ ពេត្រុស 2
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ២ ពេត្រុស 2:1-22
14 ថ្ងៃ
សំបុត្រទីពីរពីពេត្រុសគឺទាំងអស់អំពីព្រះគុណរបស់ព្រះ - របៀបដែលវាបានសង្រ្គោះយើងពីរបៀបដែលវារក្សាយើងនិងរបៀបដែលយើងអាចរស់នៅក្នុងវា - ទោះបីជាមានគ្រូបង្រៀនក្លែងក្លាយនិយាយក៏ដោយ។ ការធ្វើដំណើរប្រចាំថ្ងៃតាមរយៈ ពេត្រុសទី 2 នៅពេលអ្នកស្តាប់ការសិក្សាជាសំឡេង ហើយអានខគម្ពីរដែលជ្រើសរើសចេញពីព្រះបន្ទូលរបស់ព្រះ។
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ