កាលព្រះបាទយ៉ូសៀសឡើងសោយរាជ្យ ទ្រង់មានព្រះជន្មាយុប្រាំបីវស្សា ហើយសោយរាជ្យបានសាមសិបឆ្នាំនៅក្រុងយេរូសាឡឹម។ មាតារបស់ស្ដេចមាននាមថា យេឌីដា ជាកូនរបស់លោកអដាយ៉ា ជាអ្នកស្រុកបូសកាថ។ ស្ដេចបានប្រព្រឹត្តអំពើសុចរិត ជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់ ហើយដើរតាមមាគ៌ារបស់ព្រះបាទដាវីឌ ជាអយ្យកោឥតខ្ចោះ ដោយមិនងាកទៅស្ដាំ ឬទៅឆ្វេងឡើយ។ នៅឆ្នាំទីដប់ប្រាំបីនៃរជ្ជកាលព្រះបាទយ៉ូសៀស ទ្រង់ចាត់លោកសាផានជាស្មៀនហ្លួង ដែលត្រូវជាកូនរបស់លោកអសាលា និងជាចៅរបស់លោកមស៊ូឡាម ឲ្យទៅកាន់ព្រះដំណាក់របស់ព្រះអម្ចាស់ ដោយមានរាជឱង្ការថា៖ «ចូរទៅជួបលោកមហាបូជាចារ្យហ៊ីលគីយ៉ា សុំឲ្យលោកបូកសរុបប្រាក់ ដែលគេយកមកថ្វាយក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ គឺប្រាក់ក្រុមយាមទ្វារបានទទួលពីប្រជាជន។ ចូរឲ្យគេប្រគល់ប្រាក់នោះ ទៅពួកមេជាងដែលទទួលខុសត្រូវជួសជុលព្រះដំណាក់របស់ព្រះអម្ចាស់ ដើម្បីបង់ថ្លៃឈ្នួលរបស់ពួកកម្មករជួសជុលព្រះដំណាក់ គឺពួកជាងឈើ ជាងសំណង់ ជាងកំបោរ និងសម្រាប់ទិញឈើ ថ្មដាប់ ដើម្បីជួសជុលព្រះដំណាក់។ ប៉ុន្តែ ចូរកុំសួរនាំពីប្រាក់ដែលប្រគល់ទៅឲ្យពួកមេជាងឡើយ ដ្បិតពួកគេធ្វើការនេះដោយចិត្តស្មោះបំផុត»។ ពេលនោះ លោកមហាបូជាចារ្យហ៊ីលគីយ៉ាមានប្រសាសន៍ទៅកាន់លោកសាផាន ជាស្មៀនហ្លួងថា៖ «ខ្ញុំបានរកឃើញគម្ពីរវិន័យ នៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់!»។ លោកហ៊ីលគីយ៉ាជូនគម្ពីរនេះទៅលោកសាផាន ហើយលោកសាផានក៏អាន។ បន្ទាប់មក លោកសាផាន ជាស្មៀនហ្លួង ក៏វិលមកគាល់ស្ដេចវិញ ទូលរៀបរាប់ដូចតទៅ៖ «យើងខ្ញុំបានប្រគល់ប្រាក់តង្វាយដែលប្រមូលនៅក្នុងព្រះដំណាក់ ទៅឲ្យពួកមេជាងជាអ្នកទទួលខុសត្រូវជួសជុលព្រះដំណាក់របស់ព្រះអម្ចាស់ហើយ»។ លោកសាផាន ជាស្មៀនហ្លួង ទូលស្ដេចទៀតថា៖ «លោកបូជាចារ្យហ៊ីលគីយ៉ាបានប្រគល់គម្ពីរមួយក្បាលឲ្យទូលបង្គំ» រួចលោកក៏អានថ្វាយព្រះរាជាស្ដាប់។
អាន ២ ពង្សាវតារក្សត្រ 22
ស្ដាប់នូវ ២ ពង្សាវតារក្សត្រ 22
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ២ ពង្សាវតារក្សត្រ 22:1-10
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ