២ កូរិនថូស 11:21-31

២ កូរិនថូស 11:21-31 គខប

ខ្ញុំ​សូម​ជម្រាប​ថា គួរ​ឲ្យ​ខ្មាស​ណាស់! យើង​ហាក់​បី​ដូច​ជា​ទន់​ខ្សោយ​ពេក។ ប៉ុន្តែ បើ​គេ​ហ៊ាន​អះ‌អាង​ត្រង់​ចំណុច​ណា​មួយ (ខ្ញុំ​និយាយ​ដូច​ជា​មនុស្ស​លេលា​មែន) ខ្ញុំ​ក៏​ហ៊ាន​ត្រង់​ចំណុច​នោះ​ដូច​គេ​ដែរ។ អ្នក​ទាំង​នោះ​ជា​សាសន៍​ហេប្រឺ​ឬ? ខ្ញុំ​ក៏​ជា​សាសន៍​ហេប្រឺ​ដែរ! អ្នក​ទាំង​នោះ​ជា​សាសន៍​អ៊ីស្រា‌អែល​ឬ? ខ្ញុំ​ក៏​ជា​សាសន៍​អ៊ីស្រា‌អែល​ដែរ! អ្នក​ទាំង​នោះ​ជា​ពូជ‌ពង្ស​របស់​លោក​អប្រាហាំ​ឬ? ខ្ញុំ​ក៏​ជា​ពូជ‌ពង្ស​របស់​លោក​ដែរ! អ្នក​ទាំង​នោះ​ជា​អ្នក​បម្រើ​របស់​ព្រះ‌គ្រិស្ត*​ឬ? ខ្ញុំ​សូម​និយាយ​ដូច​ជា​មនុស្ស​វង្វេង​ស្មារតី​ទាំង​ស្រុង​ទៅ​ចុះ​ថា ខ្ញុំ​ជា​អ្នក​បម្រើ​របស់​ព្រះអង្គ​លើស​អ្នក​ទាំង​នោះ​ទៅ​ទៀត។ ខ្ញុំ​ធ្វើ​ការ​នឿយ‌ហត់​ច្រើន​ជាង​អ្នក​ទាំង​នោះ ខ្ញុំ​បាន​ជាប់​ឃុំ‌ឃាំង​ច្រើន​ជាង ខ្ញុំ​ត្រូវ​គេ​វាយ‌ដំ​ច្រើន​ជាង​ហួស​ប្រមាណ ហើយ​ខ្ញុំ​ក៏​មាន​គ្រោះ​ថ្នាក់​ជិត​ស្លាប់​ជា​ញឹក‌ញាប់​ដែរ។ ខ្ញុំ​ត្រូវ​ជន‌ជាតិ​យូដា​វាយ​សាម‌សិប​ប្រាំ​បួន​រំពាត់​ចំនួន​ប្រាំ​ដង។ គេ​វាយ​ខ្ញុំ​នឹង​ដំបង​ចំនួន​បី​លើក គេ​យក​ដុំ​ថ្ម​គប់​សម្លាប់​ខ្ញុំ​ម្ដង ខ្ញុំ​ត្រូវ​លិច​សំពៅ​បី​ដង ហើយ​មាន​ម្ដង​ខ្ញុំ​អណ្ដែត​នៅ​ក្នុង​សមុទ្រ​មួយ​ថ្ងៃ​មួយ​យប់។ ពេល​ខ្ញុំ​ធ្វើ​ដំណើរ ខ្ញុំ​តែងតែ​ជួប​ប្រទះ​គ្រោះ​ថ្នាក់​ជា​ញឹក‌ញាប់​នៅ​តាម​ទន្លេ គ្រោះ​ថ្នាក់​ដោយ​ចោរ​ប្លន់ គ្រោះ​ថ្នាក់​មក​ពី​ជន​រួម​ជាតិ​របស់​ខ្ញុំ គ្រោះ​ថ្នាក់​មក​ពី​សាសន៍​ដទៃ គ្រោះ​ថ្នាក់​ក្នុង​ទីក្រុង គ្រោះ​ថ្នាក់​នៅ​វាល​រហោ‌ស្ថាន គ្រោះ​ថ្នាក់​នៅ​ក្នុង​សមុទ្រ គ្រោះ​ថ្នាក់ ព្រោះ​តែ​ពួក​បងប្អូន​ក្លែងក្លាយ។ ខ្ញុំ​បាន​ធ្វើ​ការ​ទាំង​នឿយ​លំបាក និង​ត្រូវ​អត់​ងងុយ អត់​បាយ​អត់​ទឹក​ជា​ញឹក​ញាប់។ ខ្ញុំ​ត្រូវ​តម​អាហារ ត្រូវ​រងា និង​ខ្វះ​ខាត​សម្លៀក‌បំពាក់​ជា​ញឹក​ញាប់។ លើស​ពី​នេះ​ទៅ​ទៀត ខ្ញុំ​ខ្វល់​ខ្វាយ​រៀង​រាល់​ថ្ងៃ ដោយ​គិត​ដល់​ក្រុម‌ជំនុំ​ទាំង​អស់​ផង​ដែរ! ប្រសិន​បើ​មាន​អ្នក​ណា​ម្នាក់​ទន់​ខ្សោយ ខ្ញុំ​ក៏​ទន់​ខ្សោយ​ដែរ ប្រសិន​បើ​មាន​អ្នក​ណា​ម្នាក់​ឃ្លាត​ចេញ​ពី​ជំនឿ ខ្ញុំ​ឈឺ​ចុក​ចាប់​ណាស់! ប្រសិន​បើ​ខ្ញុំ​ត្រូវ​អួត​ខ្លួន នោះ​ខ្ញុំ​នឹង​អួត​តែ​អំពី​ភាព​ទន់​ខ្សោយ​របស់​ខ្ញុំ​ប៉ុណ្ណោះ។ ព្រះ‌ជាម្ចាស់​ដែល​ជា​ព្រះ‌បិតា​របស់​ព្រះ‌អម្ចាស់‌យេស៊ូ ទ្រង់​ជ្រាប​ស្រាប់​ហើយ​ថា ខ្ញុំ​មិន​និយាយ​កុហក​ទេ (សូម​លើក​តម្កើង​ព្រះអង្គ​អស់‌កល្ប​ជានិច្ច!)។