លោកបូជាចារ្យហ៊ីលគីយ៉ា និងអស់លោកដែលព្រះរាជាចាត់ឲ្យទៅ បាននាំគ្នាទៅជួបព្យាការិនីហ៊ូលដាជាភរិយារបស់លោកសាលូម ជាកូនរបស់លោកកូនធីកវ៉ា ជាចៅរបស់លោកហារហាស និងជាអ្នកថែរក្សាសម្លៀកបំពាក់បូជាចារ្យ។ នាងរស់នៅក្នុងសង្កាត់ថ្មីនៃក្នុងក្រុងយេរូសាឡឹម។ លោកទាំងនោះជម្រាបព្យាការិនីតាមដំណើររឿង។ ព្យាការិនីមានប្រសាសន៍ថា៖ «ព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលដូចតទៅ: ចូរប្រាប់មនុស្សដែលគេចាត់ឲ្យមករកយើងថា ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ: យើងនឹងធ្វើឲ្យទុក្ខវេទនាកើតមានដល់ក្រុងនេះ ព្រមទាំងប្រជាជន ស្របតាមបណ្ដាសាទាំងប៉ុន្មាន ដូចមានចែងទុកក្នុងគម្ពីរ ដែលគេបានអាននៅចំពោះមុខស្ដេចស្រុកយូដា។ ដោយពួកគេបានបោះបង់ចោលយើង ហើយដុតគ្រឿងក្រអូបថ្វាយព្រះដទៃ និងបញ្ឆេះកំហឹងរបស់យើង ព្រោះតែអំពើទាំងប៉ុន្មានរបស់ពួកគេប្រព្រឹត្ត នោះយើងនឹងដាក់ទោសក្រុងនេះ គឺយើងមិនអាចអត់ឱនបានឡើយ! ប៉ុន្តែ ចូរទៅប្រាប់ស្ដេចស្រុកយូដា ដែលចាត់អស់លោកឲ្យមកទូលសួរព្រះអម្ចាស់ថា ព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែលមានព្រះបន្ទូលដូចតទៅ: អ្នកបានស្ដាប់ឮសេចក្ដីទាំងប៉ុន្មាន ដែលមានចែងទុកក្នុងគម្ពីរនេះហើយ។ ពេលអ្នកឮសេចក្ដីដែលយើងថ្លែងទាស់នឹងក្រុងយេរូសាឡឹម ព្រមទាំងទាស់នឹងប្រជាជននៅក្រុងនេះ អ្នកក៏បានបើកចិត្តទទួល ហើយដាក់ខ្លួននៅចំពោះមុខយើង ទាំងហែកសម្លៀកបំពាក់យំសោក ដូច្នេះ យើងក៏ស្ដាប់អ្នកដែរ -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ យើងនឹងឲ្យអ្នកទៅជួបជុំដូនតារបស់អ្នក អ្នកនឹងចែកស្ថានទៅដោយសុខសាន្ត គេនឹងបញ្ចុះសពអ្នក។ អ្នកនឹងពុំឃើញទុក្ខវេទនាទាំងប៉ុន្មានដែលយើងនឹងធ្វើឲ្យកើតមានដល់ទីក្រុង និងប្រជាជននេះឡើយ»។ ពួករាជបម្រើក៏នាំយកចម្លើយនេះទៅទូលស្ដេចវិញ។ ព្រះរាជាចាត់គេឲ្យទៅអញ្ជើញអស់លោកព្រឹទ្ធាចារ្យនៅស្រុកយូដា និងនៅក្រុងយេរូសាឡឹមមកគាល់។ បន្ទាប់មក ស្ដេចយាងទៅកាន់ព្រះដំណាក់របស់ព្រះអម្ចាស់ ជាមួយប្រជាជនទាំងអស់នៅស្រុកយូដា និងអ្នកក្រុងយេរូសាឡឹមទាំងមូល គឺមានអស់លោកបូជាចារ្យ ក្រុមលេវី និងប្រជាជនទាំងអស់ គ្រប់ជាន់ថ្នាក់។ ព្រះរាជាអានព្រះបន្ទូលទាំងប៉ុន្មាន ក្នុងគម្ពីរសម្ពន្ធមេត្រី ដែលគេរកឃើញក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ឲ្យប្រជាជនស្ដាប់។ ព្រះរាជាឈរនៅកន្លែងរបស់ស្ដេច នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ហើយចងសម្ពន្ធមេត្រីជាមួយព្រះអម្ចាស់ ដោយសន្យាថា សុខចិត្តដើរតាមព្រះអម្ចាស់ និងកាន់តាមបទបញ្ជា ដំបូន្មាន និងក្រឹត្យវិន័យរបស់ព្រះអង្គ ដោយស្មោះអស់ពីចិត្ត និងអស់ពីស្មារតី ដើម្បីប្រព្រឹត្តតាមសេចក្ដីក្នុងសម្ពន្ធមេត្រី ដែលមានចែងទុកក្នុងគម្ពីរនេះ។ ស្ដេចក៏បានសុំឲ្យអស់អ្នកដែលស្ថិតនៅក្រុងយេរូសាឡឹម និងអ្នកស្រុកបេនយ៉ាមីន ចូលរួមក្នុងការចងសម្ពន្ធមេត្រីនេះដែរ។ អ្នកក្រុងយេរូសាឡឹមនាំគ្នាធ្វើតាមសម្ពន្ធមេត្រីរបស់ព្រះជាម្ចាស់ ដែលជាព្រះនៃបុព្វបុរសរបស់ខ្លួន។ ព្រះបាទយ៉ូសៀសបានកម្ចាត់រូបព្រះគួរស្អប់ខ្ពើមរបស់សាសន៍ដទៃ ចេញពីទឹកដីអ៊ីស្រាអែលទាំងមូល។ ស្ដេចបង្គាប់ប្រជាជនទាំងអស់ ដែលរស់នៅស្រុកអ៊ីស្រាអែល ឲ្យគោរពបម្រើតែព្រះអម្ចាស់ ជាព្រះរបស់ខ្លួនប៉ុណ្ណោះ។ ក្នុងអំឡុងពេលដែលស្ដេចនៅគង់ព្រះជន្ម ពួកគេពុំបានបែកចិត្តចេញពីព្រះអម្ចាស់ ជាព្រះនៃបុព្វបុរសរបស់ខ្លួនឡើយ។
អាន ២ របាក្សត្រ 34
ស្ដាប់នូវ ២ របាក្សត្រ 34
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ២ របាក្សត្រ 34:22-33
17 ថ្ងៃ
នៅក្នុង អូឌីយ៉ូ សិក្សា ២១យើងទទួលបានទស្សនៈផ្សេងគ្នាលើរឿងដែលយើងបានឮអំពីស្តេច និងហោរារបស់អ៊ីស្រាអែលពីមុន។ ការធ្វើដំណើរប្រចាំថ្ងៃតាមរបាក្សត្រ 2 កាលដែលអ្នកស្តាប់ការសិក្សាជាសំឡេង ហើយអានខគម្ពីរដែលជ្រើសរើសពីព្រះបន្ទូលរបស់ព្រះ។
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ