១ សាំយូអែល 7:7-11

១ សាំយូអែល 7:7-11 គខប

កាល​ជន‌ជាតិ​ភីលីស្ទីន​បាន​ឮ​ដំណឹង​ថា ជន‌ជាតិ​អ៊ីស្រា‌អែល​ប្រជុំ​គ្នា​នៅ​មីស‌ប៉ា ពួក​ស្ដេច​ត្រាញ់​របស់​ជន‌ជាតិ​ភីលីស្ទីន​ក៏​លើក​ទ័ព​ទៅ​វាយ​ជន‌ជាតិ​អ៊ីស្រា‌អែល។ ដំណឹង​នេះ​បាន​ធ្វើ​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​ភ័យ​ខ្លាច​ជា​ខ្លាំង។ ពួក​គេ​ជម្រាប​លោក​សាំយូ‌អែល​ថា៖ «សូម​កុំ​បោះ​បង់​ចោល​យើង​ខ្ញុំ​ឡើយ! តែ​សូម​ទូល‌អង្វរ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង ដើម្បី​ឲ្យ​ព្រះអង្គ​សង្គ្រោះ​យើង​ពី​កណ្ដាប់​ដៃ​របស់​ជន‌ជាតិ​ភីលីស្ទីន»។ លោក​សាំយូ‌អែល​បាន​យក​កូន​ចៀម​មួយ​ដែល​នៅ​បៅ មក​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល​ដល់​ព្រះ‌អម្ចាស់ រួច​ទូល‌អង្វរ​សូម​ព្រះ‌អម្ចាស់​ជួយ​ជន‌ជាតិ​អ៊ីស្រា‌អែល ព្រះអង្គ​ក៏​ឆ្លើយ​តប​មក​លោក​វិញ។ នៅ​ពេល​លោក​សាំយូ‌អែល​កំពុង​តែ​ថ្វាយ​តង្វាយ​ដុត កង‌ទ័ព​ភីលីស្ទីន​ចូល​មក​វាយ​លុក​ជន‌ជាតិ​អ៊ីស្រា‌អែល។ ប៉ុន្តែ នៅ​ថ្ងៃ​នោះ ព្រះ‌អម្ចាស់​ធ្វើ​ឲ្យ​មាន​ផ្គរ‌លាន់​ឮ​យ៉ាង​ខ្លាំង​ពី​លើ​ពួក​ភីលីស្ទីន បណ្ដាល​ឲ្យ​ពួក​គេ​ជ្រួល‌ច្របល់ បាក់​ទ័ព​រត់​នៅ​មុខ​ជន‌ជាតិ​អ៊ីស្រា‌អែល។ កង‌ទ័ព​អ៊ីស្រា‌អែល​ចេញ​ពី​មីស‌ប៉ា ដេញ​តាម​ប្រហារ​ពួក​ភីលីស្ទីន រហូត​ដល់​បេត‌កា។