១ សាំយូអែល 17:45-50

១ សាំយូអែល 17:45-50 គខប

ដាវីឌ​ឆ្លើយ​ទៅ​វិញ​ថា៖ «ឯង​កាន់​ដាវ កាន់​លំពែង និង​ស្ន មក​វាយ​អញ រីឯ​អញ​វិញ អញ​មក​វាយ​ឯង ក្នុង​នាមព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ជា​ព្រះ​នៃ​ពល​ទ័ព​អ៊ីស្រា‌អែល ដែល​ឯង​បាន​បំបាក់​មុខ។ ថ្ងៃ​នេះ ព្រះ‌អម្ចាស់​ប្រគល់​ឯង​មក​ក្នុង​កណ្ដាប់​ដៃ​អញ អញ​នឹង​ប្រហារ​ឯង ព្រម​ទាំង​កាត់​ក​ឯង​ទៀត​ផង។ ថ្ងៃ​នេះ អញ​ក៏​យក​ខ្មោច​ទាហាន​ភីលីស្ទីន​ទៅ​ឲ្យ​ត្មាត និង​សត្វ​សាហាវ​ស៊ី​ដែរ។ ដូច្នេះ ប្រជា‌ជន​ទាំង​អស់​នៅ​លើ​ផែនដី​នឹង​ដឹង​ថា អ៊ីស្រា‌អែល​មាន​ព្រះ‌ជាម្ចាស់​ជួយ​ការពារ។ សហគមន៍​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល​នឹង​ដឹង​ថា ព្រះ‌អម្ចាស់​ប្រទាន​ឲ្យ​យើង​មាន​ជ័យ‌ជម្នះ ពុំ​មែន​ដោយ​ដាវ ឬ​លំពែង​ទេ ដ្បិត​ព្រះ‌អម្ចាស់​ច្បាំង​ជំនួស​យើង ព្រះអង្គ​នឹង​ប្រគល់​ពួក​ឯង​មក​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​យើង»។ ពេល​នោះ ជន​ភីលីស្ទីន​ដើរ​តម្រង់​ចូល​មក​រក​ដាវីឌ ដាវីឌ​ក៏​រត់​យ៉ាង​លឿន​ទៅ​តទល់​នឹង​វា។ ដាវីឌ​លូក​ដៃ​ក្នុង​កូន​ថង់​យ៉ាង​រហ័ស យក​ក្រួស​មួយ​គ្រាប់​មក​ដាក់​នឹង​ខ្សែ​ដង្ហក់ បាញ់​ចំ​ថ្ងាស​ជន​ភីលីស្ទីន​នោះ។ គ្រាប់​ក្រួស​ធ្លុះ​ចូល​ក្នុង​ថ្ងាស​របស់​ជន​ភីលីស្ទីន វា​ក៏​ដួល​ផ្កាប់​មុខ។ ដាវីឌ​វាយ​ឈ្នះ​ជន​ភីលីស្ទីន ដោយ‌សារ​ខ្សែ​ដង្ហក់ និង​ក្រួស​មួយ​គ្រាប់។ ដាវីឌ​ប្រហារ​ជន​ភីលីស្ទីន​នោះ ដោយ​ឥត​ប្រើ​ដាវ​ឡើយ។