១ សាំយូអែល 17:23-30

១ សាំយូអែល 17:23-30 គខប

ពេល​ដាវីឌ​កំពុង​តែ​សំណេះ‌សំណាល​ជា​មួយ​បងៗ ទាហាន​ភីលីស្ទីន ឈ្មោះ​កូលី‌យ៉ាត ជា​អ្នក​ក្រុង​កាថ ចេញ​មក​ខាង​មុខ​ជួរ​ទ័ព​របស់​ខ្លួន ហើយ​ស្រែក​សួរ​ពួក​អ៊ីស្រា‌អែល​នូវ​ពាក្យ​ដដែល ដាវីឌ​ក៏​បាន​ឮ​ពាក្យ​ទាំង​នោះ​ដែរ។ កាល​ឃើញ​កូលី‌យ៉ាត​ចេញ​មក ទាហាន​អ៊ីស្រា‌អែល​នាំ​គ្នា​រត់​ប្រសេច‌ប្រសាច ដ្បិត​គេ​ភ័យ​ខ្លាច​ជា​ខ្លាំង។ ទាហាន​អ៊ីស្រា‌អែល​និយាយ​គ្នា​ថា៖ «អ្នក​ឃើញ​ជន​នោះ​ទេ? វា​ចេញ​មក​សម្លុត​ពល​ទ័ព​អ៊ីស្រា‌អែល​យើង! អ្នក​ណា​សម្លាប់​វា​បាន ស្ដេច​នឹង​ប្រទាន​ទ្រព្យ​សម្បត្តិ​យ៉ាង​ច្រើន ព្រម​ទាំង​លើក​បុត្រី​ឲ្យ ហើយ​គ្រួសារ​របស់​អ្នក​នោះ​ក៏​បាន​រួច​ពន្ធ​នៅ​ស្រុក​អ៊ីស្រា‌អែល​ដែរ»។ យុវជន​ដាវីឌ​សួរ​ទាហាន​ដែល​នៅ​ជិត​ខ្លួន​ថា៖ «តើ​អ្នក​ដែល​សម្លាប់​ជន​ភីលីស្ទីន​នោះ ហើយ​លុប‌លាង​ការ​អាម៉ាស់​របស់​អ៊ីស្រា‌អែល នឹង​ទទួល​រង្វាន់​អ្វី? ជន​ភីលីស្ទីន​ជា​សាសន៍​មិន​កាត់​ស្បែក​នេះ​ជា​នរណា បាន​ជា​ហ៊ាន​បំបាក់​មុខ​ពល​ទ័ព​របស់​ព្រះ‌ជាម្ចាស់​ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ​ដូច្នេះ?»។ ពួក​ទាហាន​ឆ្លើយ​តាម​ពាក្យ​ដែល​ស្ដេច​បាន​សន្យា​ថា នឹង​ប្រទាន​ចំពោះ​អ្នក​ដែល​វាយ​ឈ្នះ​ជន​ភីលីស្ទីន​នោះ។ លោក​អេលាប ជា​បង​បង្អស់ ឮ​ដាវីឌ​និយាយ​ជា​មួយ​នឹង​ពល​ទាហាន​ដូច្នេះ គាត់​ខឹង​ដាវីឌ​យ៉ាង​ខ្លាំង ហើយ​ពោល​ថា៖ «ហេតុ​អ្វី​បាន​ជា​ឯង​មក​ទី​នេះ? ឯង​ទុក​ហ្វូង​ចៀម​នៅ​វាល​រហោ‌ស្ថាន​នោះ​ឲ្យ​នរណា​មើល? អញ​ស្គាល់​ចរិត​រប៉ិល‌រប៉ូច​របស់​ឯង​ច្បាស់​ណាស់ គឺ​ឯង​មក​នេះ ដើម្បី​មើល​គេ​ច្បាំង​គ្នា​ប៉ុណ្ណោះ»។ យុវជន​ដាវីឌ​ឆ្លើយ​តប​ថា៖ «តើ​ខ្ញុំ​មាន​ធ្វើ​អ្វី​ខុស? ខ្ញុំ​គ្រាន់​តែ​សួរ​ប៉ុណ្ណឹង មិន​បាន​ឬ!»។ ដាវីឌ​បែរ​ចេញ​ពី​បង សួរ​ទាហាន​ម្នាក់​ទៀត​នូវ​សំណួរ​ដដែល​នោះ ពួក​ទាហាន​ក៏​ឆ្លើយ​តប​មក​វិញ​ដូច​ពី​មុន​ដែរ។

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ