១ សាំយូអែល 14:24-46

១ សាំយូអែល 14:24-46 គខប

នៅ​ថ្ងៃ​នោះ ទាហាន​អ៊ីស្រា‌អែល​ត្រូវ​វេទនា ព្រោះ​ព្រះ‌បាទ​សូល​បាន​ឲ្យ​ពួក​គេ​ស្បថ​ថា៖ «ប្រសិន​បើ​អ្នក​ណា​ម្នាក់​បរិភោគ​អាហារ​មុន​ពេល​ល្ងាច គឺ​មុន​ពេល​ដែល​យើង​មិន​ទាន់​បាន​សង‌សឹក​ខ្មាំង​សត្រូវ អ្នក​នោះ​មុខ​ជា​ត្រូវ​បណ្ដាសា​មិន​ខាន»។ ហេតុ​នេះ ក្នុង​ជួរ​កង‌ទ័ព គ្មាន​នរណា​ម្នាក់​ហ៊ាន​បរិភោគ​អាហារ​ឡើយ។ ពួក​គេ​ទាំង​អស់​គ្នា​បាន​ទៅ​ដល់​ក្នុង​ព្រៃ ត្រង់​កន្លែង​មួយ​ដែល​មាន​សំបុក​ឃ្មុំ​នៅ​ផ្ទាល់​នឹង​ដី។ ពេល​ពួក​ទាហាន​ចូល​ដល់​ក្នុង​ព្រៃ ឃើញ​ទឹក​ឃ្មុំ​ហូរ​ដូច្នេះ គ្មាន​អ្នក​ណា​ម្នាក់​ហ៊ាន​យក​ដៃ ទៅ​កៀរ​ទឹក​ឃ្មុំ​នោះ​ដាក់​ក្នុង​មាត់​ឡើយ ព្រោះ​ពួក​គេ​គោរព​ពាក្យ​សម្បថ។ សម្ដេច​យ៉ូណា‌ថាន​ពុំ​ដឹង​ថា បិតា​បាន​ឲ្យ​ពួក​ទាហាន​ស្បថ​ទេ។ សម្ដេច​ក៏​យក​ដំបង​ដែល​ទ្រង់​កាន់​នោះ​ចាក់​ទៅ​លើ​សំបុក​ឃ្មុំ ឆ្កឹះ​ដាក់​ក្នុង​មាត់ ហើយ​សម្ដេច​មាន​ទឹក​មុខ​ស្រស់‌បស់។ ពេល​នោះ ទាហាន​ម្នាក់​ទូល​សម្ដេច​យ៉ូណា‌ថាន​ថា៖ «បិតា​របស់​សម្ដេច​បាន​ឲ្យ​ពួក​ទាហាន​ស្បថ​ថា “នៅ​ថ្ងៃ​នេះ អ្នក​ណា​ហ៊ាន​បរិភោគ​អាហារ អ្នក​នោះ​នឹង​ត្រូវ​បណ្ដាសា​ជា​មិន​ខាន!” ហេតុ​នេះ​បាន​ជា​ទាហាន​ហេវ‌ហត់​ទាំង​អស់​គ្នា»។ សម្ដេច​យ៉ូណា‌ថាន​ពោល​ថា៖ «បិតា​របស់​ខ្ញុំ​បាន​នាំ​ឲ្យ​ពួក​យើង​កើត​កង្វល់​ហើយ។ មើល! ខ្ញុំ​មាន​ទឹក​មុខ​ស្រស់‌បស់ ព្រោះ​តែ​បាន​ភ្លក់​ទឹក​ឃ្មុំ​នេះ​បន្តិច។ ថ្ងៃ​នេះ ប្រសិន​បើ​ទាហាន​ទាំង​អស់​បរិភោគ​អាហារ​ដែល​រឹប​អូស​យក​បាន​ពី​ខ្មាំង​នោះ ប្រហែល​ជា​ពួក​ភីលីស្ទីន ទទួល​បរា‌ជ័យ​ធ្ងន់‌ធ្ងរ​ជាង​នេះ​ទៅ​ទៀត!»។ នៅ​ថ្ងៃ​នោះ ពួក​គេ​វាយ​ប្រហារ​ពួក​ភីលីស្ទីន​ចាប់​តាំង​ពី​មីក‌ម៉ាស់ រហូត​ដល់​អាយ៉ា‌ឡូន។ ពួក​ទាហាន​មាន​ការ​ហេវ‌ហត់​យ៉ាង​ខ្លាំង ក៏​ស្ទុះ​តម្រង់​ទៅ​រក​ជយ‌ភណ្ឌ។ ពួក​គេ​ចាប់​ចៀម គោ និង​កូន​គោ មក​ចាក់​ក​សម្លាប់​នៅ​ផ្ទាល់​នឹង​ដី ហើយ​នាំ​គ្នា​បរិភោគ​សាច់​ដែល​មាន​សុទ្ធ​តែ​ឈាម។ មាន​គេ​ទូល​ព្រះ‌បាទ​សូល​ថា៖ «ពួក​ទាហាន​បាន​ប្រព្រឹត្ត​ខុស​នឹង​ព្រះ‌អម្ចាស់ ដោយ​បរិភោគ​សាច់​ដែល​មាន​សុទ្ធ​តែ​ឈាម!»។ ព្រះ‌បាទ​សូល​មាន​រាជ‌ឱង្ការ​ថា៖ «អ្នក​រាល់​គ្នា​ក្បត់​ព្រះ‌អម្ចាស់​ហើយ! ចូរ​ប្រមៀល​ថ្ម​មួយ​ផ្ទាំង​ធំ​មក​ឲ្យ​ខ្ញុំ​ភ្លាម»។ បន្ទាប់​មក ស្ដេច​មាន​រាជ‌ឱង្ការ​ទៀត​ថា៖ «ចូរ​នាំ​គ្នា​ទៅ​ក្នុង​ចំណោម​ទាហាន ប្រាប់​ពួក​គេ​ទាំង​អស់​គ្នា​ឲ្យ​នាំ​គោ និង​ចៀម​របស់​ខ្លួន​មក ហើយ​ចាក់​ក​សម្លាប់​នៅ​លើ​ថ្ម​នេះ រួច​នាំ​គ្នា​បរិភោគ​ទៅ។ ធ្វើ​ដូច្នេះ អ្នក​រាល់​គ្នា​មិន​ប្រព្រឹត្ត​អំពើ​បាប​ប្រឆាំង​នឹង​ព្រះ‌អម្ចាស់ ដោយ​បរិភោគ​សាច់​ដែល​មាន​សុទ្ធ​តែ​ឈាម​នេះ​ឡើយ»។ នៅ​យប់​នោះ ពួក​ទាហាន​ទាំង​អស់​បាន​នាំ​យក​គោ​របស់​ខ្លួន​មក ហើយ​ចាក់​ក​សម្លាប់​នៅ​ទី​កន្លែង​នោះ។ ព្រះ‌បាទ​សូល​បាន​សង់​អាសនៈ​មួយ​ថ្វាយ​ព្រះ‌អម្ចាស់ គឺ​ជា​អាសនៈ​ដំបូង​បង្អស់​ដែល​ស្ដេច​សង់​ថ្វាយ​ព្រះ‌អម្ចាស់។ ព្រះ‌បាទ​សូល​មាន​រាជ‌ឱង្ការ​ថា៖ «យប់​នេះ ចូរ​យើង​នាំ​គ្នា​ដេញ​តាម​ពួក​ភីលីស្ទីន ហើយ​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​ពី​ពួក​គេ រហូត​ដល់​ថ្ងៃ​រះ ឥត​ទុក​ឲ្យ​នរណា​ម្នាក់​រួច​ជីវិត​ឡើយ»។ ពួក​ទាហាន​ទូល​ស្ដេច​វិញ​ថា៖ «សូម​សម្រេច​តាម​ព្រះ‌តម្រិះ​របស់​ព្រះ‌ករុណា​ចុះ»។ ប៉ុន្តែ លោក​បូជា‌ចារ្យ​មាន​ប្រសាសន៍​ថា៖ «យើង​គួរ​តែ​ទូល​សួរ​ព្រះ‌ជាម្ចាស់​សិន»។ ព្រះ‌បាទ​សូល​ទូល​សួរ​ព្រះ‌ជាម្ចាស់​ថា៖ «តើ​ទូលបង្គំ​អាច​ដេញ​តាម​ពួក​ភីលីស្ទីន​ឬ​ទេ? តើ​ព្រះអង្គ​ប្រគល់​ពួក​នោះ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​ឬ​ទេ?»។ ប៉ុន្តែ នៅ​ថ្ងៃ​នោះ ព្រះ‌ជាម្ចាស់​ពុំ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​តប​ឡើយ។ ព្រះ‌បាទ​សូល​មាន​រាជ‌ឱង្ការ​ថា៖ «សុំ​អស់​លោក​ដែល​ជា​មេ​ដឹក​នាំ​របស់​ប្រជា‌ជន​អញ្ជើញ​ចូល​មក! សុំ​អស់​លោក​ពិនិត្យ​ឲ្យ​ហ្មត់‌ចត់​មើល តើ​ថ្ងៃ​នេះ ពួក​យើង​បាន​ប្រព្រឹត្ត​អំពើ​បាប​អ្វី? ខ្ញុំ​សុំ​ស្បថ​ក្នុង​នាម​ព្រះ‌អម្ចាស់​ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ ហើយ​ជា​ព្រះ‌សង្គ្រោះ​ជន‌ជាតិ​អ៊ីស្រា‌អែល​ថា បើ​អ្នក​ណា​ម្នាក់​ប្រព្រឹត្ត​ខុស អ្នក​នោះ​នឹង​មាន​ទោស​ដល់​ជីវិត ទោះ​បី​យ៉ូណា‌ថាន​ជា​បុត្រ​របស់​ខ្ញុំ​ក៏​ដោយ»។ នៅ​ក្នុង​ជួរ​ទ័ព​ទាំង​មូល គ្មាន​នរណា​ម្នាក់​ឆ្លើយ​តប​ទេ។ ព្រះ‌បាទ​សូល​មាន​រាជ‌ឱង្ការ​ទៅ​កាន់​កង‌ទ័ព​អ៊ីស្រា‌អែល​ទាំង​មូល​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ឈរ​នៅ​ម្ខាង​ទៅ ចំណែក​យ៉ូណា‌ថាន ជា​បុត្រ​ខ្ញុំ និង​ខ្ញុំ ឈរ​នៅ​ម្ខាង»។ ពួក​ទាហាន​ទូល​ថា៖ «សូម​សម្រេច​តាម​ព្រះ‌តម្រិះ​របស់​ព្រះ‌ករុណា​ចុះ»។ ព្រះ‌បាទ​សូល​ទូល​ព្រះ‌អម្ចាស់​ថា៖ «ឱ​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល​អើយ! សូម​សម្តែង​ឲ្យ​យើង​ខ្ញុំ​ស្គាល់​ការ​ពិត​ផង!»។ ពេល​នោះ គេ​ផ្សង​ចំ​លើ​សម្ដេច​យ៉ូណា‌ថាន និង​ព្រះ‌បាទ​សូល។ ដូច្នេះ ពួក​ទាហាន​ក៏​រួច​ខ្លួន។ ព្រះ‌បាទ​សូល​មាន​រាជ‌ឱង្ការ​ទៀត​ថា៖ «ចូរ​ផ្សង​រវាង​ខ្ញុំ និង​បុត្រ​ខ្ញុំ​មើល៍» នោះ​ក៏​ចំ​លើ​សម្ដេច​យ៉ូណា‌ថាន។ ព្រះ‌បាទ​សូល​មាន​រាជ‌ឱង្ការ​ទៅ​កាន់​សម្ដេច​យ៉ូណា‌ថាន​ថា៖ «ចូរ​ប្រាប់​បិតា​មើល៍ តើ​បុត្រ​បាន​ធ្វើ​អ្វី?»។ សម្ដេច​យ៉ូណា‌ថាន​ក៏​រៀប​រាប់​ទូល​បិតា តាម​ដំណើរ​រឿង ជា​ហូរ‌ហែ​ថា៖ «ទូលបង្គំ​បាន​ភ្លក់​ទឹក​ឃ្មុំ​បន្តិច នៅ​ចុង​ដំបង​ដែល​ទូលបង្គំ​កាន់។ ឥឡូវ​នេះ ទូលបង្គំ​សុខ​ចិត្ត​ស្លាប់​ហើយ!»។ ព្រះ‌បាទ​សូល​មាន​រាជ‌ឱង្ការ​ថា៖ «យ៉ូណា‌ថាន​អើយ បុត្រ​ត្រូវ​តែ​ស្លាប់? បើ​មិន​ដូច្នោះ​ទេ សូម​ព្រះ‌ជាម្ចាស់​ដាក់​ទោស​បិតា​យ៉ាង​ធ្ងន់​ទៅ!»។ ពួក​ទាហាន​ទូល​ព្រះ‌បាទ​សូល​ថា៖ «សម្ដេច​យ៉ូណា‌ថាន​មិន​ត្រូវ​សុគត​ឡើយ! ដ្បិត​សម្ដេច​ទេ​តើ​ដែល​ដណ្ដើម​បាន​ជ័យ‌ជម្នះ​ដ៏​ធំ‌ធេង​នេះ​ឲ្យ​ប្រជា‌ជាតិ​អ៊ីស្រា‌អែល។ យើង​ខ្ញុំ​សូម​ស្បថ ក្នុង​នាម​ព្រះ‌អម្ចាស់​ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ​ថា យើង​ខ្ញុំ​មិន​ព្រម​ឲ្យ​សក់​មួយ​សរសៃ​ជ្រុះ​ពី​សិរសា​របស់​សម្ដេច​ឡើយ ដ្បិត​ព្រះ‌ជាម្ចាស់​បាន​ជួយ​សម្ដេច​ឲ្យ​ប្រព្រឹត្ត​ដូច្នេះ នៅ​ថ្ងៃ​នេះ»។ ពួក​ទាហាន​ក៏​បាន​សង្គ្រោះ​សម្ដេច​យ៉ូណា‌ថាន​ឲ្យ​រួច​ពី​ស្លាប់។ បន្ទាប់​មក ព្រះ‌បាទ​សូល​ឈប់​ដេញ​តាម​ពួក​ភីលីស្ទីន ហើយ​ពួក​នោះ​ក៏​វិល​ត្រឡប់​ទៅ​ស្រុក​របស់​គេ​វិញ។