លោកមីកាយ៉ាទូលថា៖ «ទូលបង្គំបានឃើញពលទាហានអ៊ីស្រាអែល ទាំងមូលបាក់ទ័ព រត់ខ្ចាត់ខ្ចាយនៅលើភ្នំ ពួកគេប្រៀបដូចជាហ្វូងចៀម ដែលគ្មាននរណាឃ្វាល។ ព្រះអម្ចាស់មានព្រះបន្ទូលថា: អ្នកទាំងនោះគ្មានមេដឹកនាំទេ ចូរឲ្យពួកគេត្រឡប់ទៅផ្ទះរៀងៗខ្លួន ដោយសុខសាន្តចុះ!»។ ស្ដេចស្រុកអ៊ីស្រាអែលមានរាជឱង្ការទៅកាន់ព្រះបាទយ៉ូសាផាតថា៖ «ទូលបង្គំបានទូលព្រះករុណាហើយថា គាត់មិនដែលទាយពីសេចក្ដីល្អឲ្យទូលបង្គំទេ គឺទាយតែពីសេចក្ដីអាក្រក់ប៉ុណ្ណោះ!»។ លោកមីកាយ៉ាទូលថា៖ «ពិតមែនហើយ! ដូច្នេះ សូមសណ្ដាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់។ ទូលបង្គំបានឃើញព្រះអម្ចាស់គង់លើរាជបល្ល័ង្ក ហើយមានកងពលនៃស្ថានបរមសុខទាំងមូលឈរគាល់ព្រះអង្គ ទាំងឆ្វេង ទាំងស្ដាំផង។ ព្រះអម្ចាស់មានព្រះបន្ទូលថា: “តើអ្នកណាចង់ល្បួងអហាប់ឲ្យទៅច្បាំងយកក្រុងរ៉ាម៉ូត ក្នុងស្រុកកាឡាដ ដើម្បីឲ្យអហាប់ដួលស្លាប់នៅទីនោះ?”។ អ្នកខ្លះពោលយ៉ាងនេះ អ្នកខ្លះពោលយ៉ាងនោះ។ ពេលនោះ មានវិញ្ញាណមួយចេញមកឈរនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ទូលថា“ទូលបង្គំចង់ទៅល្បួង!”។ ព្រះអម្ចាស់មានព្រះបន្ទូលសួរថា “តើអ្នកធ្វើដូចម្ដេច?” វិញ្ញាណនោះទូលថា “ទូលបង្គំនឹងបណ្ដាលចិត្តព្យាការីទាំងអស់របស់ស្ដេចឲ្យពោលតែពាក្យភូតកុហក”។ ព្រះអម្ចាស់មានព្រះបន្ទូលថា “នេះជាមធ្យោបាយដ៏ប្រសើរសម្រាប់ល្បួងគេ ដូច្នេះ ចូរទៅធ្វើចុះ!”។ ព្រះអម្ចាស់ដាក់វិញ្ញាណភូតកុហក នៅក្នុងមាត់ព្យាការីទាំងអស់របស់ព្រះករុណា ដ្បិតព្រះអម្ចាស់បានសម្រេចព្រះហឫទ័យឲ្យព្រះករុណារងទុក្ខវេទនាហើយ!»។ ពេលនោះ លោកសេដេគា ជាកូនរបស់លោកក្នាណា ចូលមកជិត ហើយទះកំផ្លៀងលោកមីកាយ៉ា ទាំងពោលថា៖ «តើព្រះវិញ្ញាណរបស់ព្រះអម្ចាស់ចេញពីខ្លួនខ្ញុំ មកនិយាយជាមួយអ្នកតាមណា?»។ លោកមីកាយ៉ាឆ្លើយថា៖ «ថ្ងៃដែលអ្នករត់ទៅពួននៅបន្ទប់ខាងក្នុងផ្ទះរបស់អ្នក នោះអ្នកគង់តែដឹងទេ!»។ ស្ដេចស្រុកអ៊ីស្រាអែលមានរាជឱង្ការថា៖ «ចូរចាប់លោកមីកាយ៉ានាំយកទៅប្រគល់ឲ្យលោកអាំម៉ូន ជាចៅហ្វាយក្រុង និងសម្ដេចយ៉ូអាស ជាបុត្ររបស់យើងទៅ! រួចប្រាប់គេថា “ព្រះករុណាបញ្ជាឲ្យយកមនុស្សនេះទៅដាក់គុក ហើយផ្ដល់នំបុ័ង និងទឹកតែបន្តិចបន្តួចប៉ុណ្ណោះ រហូតដល់ថ្ងៃព្រះករុណាវិលត្រឡប់មកពីច្បាំងវិញ ដោយសុខសាន្ត”»។ លោកមីកាយ៉ាទូលថា៖ «ប្រសិនបើព្រះករុណាពិតជាយាងត្រឡប់មកវិញដោយសុខសាន្តមែននោះ បានសេចក្ដីថាព្រះអម្ចាស់ពុំមានព្រះបន្ទូលតាមរយៈទូលបង្គំទេ»។ បន្ទាប់មក លោកពោលទៀតថា៖ «ប្រជាជនទាំងអស់គ្នា ចូរស្ដាប់ចុះ!»។
អាន ១ ពង្សាវតារក្សត្រ 22
ស្ដាប់នូវ ១ ពង្សាវតារក្សត្រ 22
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ១ ពង្សាវតារក្សត្រ 22:17-28
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ