១ យ៉ូហាន 5

5
ជំនឿ​លើ​ព្រះ‌យេស៊ូ​ជា​ប្រភព​នៃ​សេចក្ដី​ស្រឡាញ់
1អ្នក​ណា​ជឿ​ថា​ព្រះ‌យេស៊ូ​ពិត​ជា​ព្រះ‌គ្រិស្ត អ្នក​នោះ​កើត​មក​ពី​ព្រះ‌ជា‌ម្ចាស់ ហើយ​អ្នក​ណា​ស្រឡាញ់​ព្រះ‌បិតា អ្នក​នោះ​ក៏​ស្រឡាញ់​អ្នក​ដែល​កើត​មក​ពី​ព្រះអង្គ​ដែរ។ 2ដោយ​យើង​ស្រឡាញ់​ព្រះ‌ជា‌ម្ចាស់ និង​ប្រតិបត្តិ​តាម​បទ​បញ្ជា​ទាំង​ប៉ុន្មាន យើង​នឹង​ដឹង​ថា យើង​ពិត​ជា​ស្រឡាញ់​បុត្រ​របស់​ព្រះ‌ជា‌ម្ចាស់។ 3 យើង​មាន​សេចក្ដី​ស្រឡាញ់​របស់​ព្រះ‌ជា‌ម្ចាស់​ក្នុង​ខ្លួន​មែន លុះ​ត្រា​តែ​យើង​កាន់​តាម​បទ​បញ្ជា​ទាំង​ប៉ុន្មាន។ បទ​បញ្ជា​របស់​ព្រះអង្គ​មិន​តឹង‌តែង​ទេ 4ព្រោះ​អស់​អ្នក​ដែល​កើត​មក​ពី​ព្រះ‌ជា‌ម្ចាស់​សុទ្ធ​តែ​ឈ្នះ​លោកីយ៍​នេះ គឺ​ជំនឿ​របស់​យើង​ហ្នឹង​ហើយ ដែល​បាន​ឈ្នះ​លោកីយ៍។ 5តើ​អ្នក​ណា​អាច​ឈ្នះ​លោកីយ៍​បាន? គឺ​អ្នក​ដែល​ជឿ​ថា ព្រះ‌យេស៊ូ​ពិត​ជា​ព្រះ‌បុត្រា​របស់​ព្រះ‌ជា‌ម្ចាស់។
សក្ខីភាព​អំពី​ព្រះ‌យេស៊ូ‌គ្រិស្ត និង​អំពី​ជីវិត​អស់‌កល្ប​ជានិច្ច
6ព្រះ‌យេស៊ូ​គ្រិស្ត​នេះ​ហើយ​ដែល​បាន​យាង​មក​ក្នុង​លោក​នេះ ដោយ​ទឹក និង​លោហិត មិន​ត្រឹម​តែ​ដោយ​ទឹក​ប៉ុណ្ណោះ​ទេ គឺ​ដោយ​ទឹក និង​លោហិត​ផង។ ព្រះ‌វិញ្ញាណ​បាន​ផ្ដល់​សក្ខីភាព​ថា សេចក្ដី​នេះ​ពិត​ជា​ត្រឹម​ត្រូវ​មែន ដ្បិត​ព្រះ‌វិញ្ញាណ​ជា​សេចក្ដី​ពិត។ 7មាន​បន្ទាល់​បី​គឺ 8ព្រះ‌វិញ្ញាណ ទឹក និង​លោហិត ហើយ​បន្ទាល់​ទាំង​បី​នេះ​រួម​គ្នា​ផ្ដល់​សក្ខីភាព​តែ​មួយ ។ 9ព្រះ‌ជា‌ម្ចាស់​បាន​ផ្ដល់​សក្ខីភាព​អំពី​ព្រះ‌បុត្រា​របស់​ព្រះអង្គ។ យើង​តែងតែ​ទទួល​ស្គាល់​សក្ខីភាព​របស់​មនុស្ស រីឯ​សក្ខីភាព​របស់​ព្រះ‌ជា‌ម្ចាស់​រឹង‌រឹត​តែ​ធំ​ជាង​នោះ​ទៅ​ទៀត។ 10អ្នក​ណា​ជឿ​លើ​ព្រះ‌បុត្រា​របស់​ព្រះ‌ជា‌ម្ចាស់ អ្នក​នោះ​មាន​សក្ខីភាព​របស់​ព្រះអង្គ​នៅ​ក្នុង​ខ្លួន អ្នក​ណា​មិន​ជឿ​ព្រះ‌ជា‌ម្ចាស់​ទេ អ្នក​នោះ​ចាត់​ទុក​ថា ព្រះអង្គ​កុហក​ទៅ​វិញ ព្រោះ​គេ​មិន​ជឿ​លើ​សក្ខីភាព​ដែល​ព្រះ‌ជា‌ម្ចាស់​បាន​ប្រទាន​មក ស្ដី​អំពី​ព្រះ‌បុត្រា​របស់​ព្រះអង្គ។ 11 រីឯ​សក្ខីភាព​នោះ​មាន​ដូច​ត​ទៅ​នេះ គឺ​ព្រះ‌ជា‌ម្ចាស់​បាន​ប្រទាន​ជីវិត​អស់‌កល្ប​ជានិច្ច​មក​យើង ហើយ​ជីវិត​នេះ​ស្ថិត​នៅ​ក្នុង​ព្រះ‌បុត្រា​របស់​ព្រះអង្គ។ 12អ្នក​ណា​មាន​ព្រះ‌បុត្រា អ្នក​នោះ​ក៏​មាន​ជីវិត​ដែរ ហើយ​អ្នក​ណា​គ្មាន​ព្រះ‌បុត្រា​របស់​ព្រះ‌ជា‌ម្ចាស់​ទេ អ្នក​នោះ​គ្មាន​ជីវិត​នេះ​ឡើយ។
13ខ្ញុំ​សរសេរ​សេចក្ដី​នេះ​មក​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា អ្នក​រាល់​គ្នា​ដែល​ជឿ​លើ​ព្រះ‌នាម​ព្រះ‌បុត្រា​របស់​ព្រះ‌ជា‌ម្ចាស់ មាន​ជីវិត​អស់‌កល្ប​ជានិច្ច​ហើយ។ 14ហេតុ​នេះ​ហើយ​បាន​ជា​យើង​មាន​ចិត្ត​រឹង‌ប៉ឹង​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះអង្គ គឺ​ថា ប្រសិន​បើ​យើង​ទូល​សូម​អ្វី​ស្រប​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះអង្គ នោះ​ព្រះអង្គ​នឹង​ព្រះ‌សណ្ដាប់​យើង​ជា​មិន​ខាន។ 15បើ​យើង​ដឹង​ថា ព្រះអង្គ​ទ្រង់​ព្រះ‌សណ្ដាប់​យើង ទោះ​បី​យើង​ទូល​សូម​អ្វី​ពី​ព្រះអង្គ​ក៏​ដោយ យើង​ដឹង​ថា យើង​បាន​ទទួល​អ្វីៗ​ដែល​យើង​ទូល​សូម​នោះ​រួច​ហើយ។
16ប្រសិន​បើ​អ្នក​ណា​ម្នាក់​ឃើញ​បងប្អូន​ប្រព្រឹត្ត​អំពើ​បាប ដែល​មិន​បណ្ដាល​ឲ្យ​ស្លាប់ ត្រូវ​តែ​ទូល‌អង្វរ​ព្រះ‌ជា‌ម្ចាស់ ហើយ​ព្រះអង្គ​នឹង​ប្រទាន​ជីវិត​ឲ្យ​បងប្អូន​នោះ។ ខ្ញុំ​និយាយ​តែ​ពី​អំពើ​បាប ដែល​មិន​បណ្ដាល​ឲ្យ​ស្លាប់​ប៉ុណ្ណោះ។ មាន​អំពើ​បាប​ម្យ៉ាង​ដែល​បណ្ដាល​ឲ្យ​ស្លាប់ ចំពោះ​អំពើ​បាប​នោះ ខ្ញុំ​មិន​សុំ​ឲ្យ​ទូល‌អង្វរ​ទេ។ 17អំពើ​ទុច្ចរិត​ទាំង​ប៉ុន្មាន​សុទ្ធ​តែ​ជា​អំពើ​បាប​ទាំង​អស់ ប៉ុន្តែ មាន​អំពើ​បាប​ខ្លះ​មិន​បណ្ដាល​ឲ្យ​ស្លាប់​ឡើយ។
18យើង​ដឹង​ហើយ​ថា អ្នក​កើត​មក​ពី​ព្រះ‌ជា‌ម្ចាស់ មិន​ប្រព្រឹត្ត​អំពើ​បាប​ឡើយ ដ្បិត​ព្រះ‌បុត្រា​ដែល​កើត​ពី​ព្រះ‌ជា‌ម្ចាស់​មក ព្រះអង្គ​ការពារ​អ្នក​នោះ ហើយ​មារ*​កំណាច​ពុំ​អាច​យាយី​គេ​ឡើយ។ 19យើង​ដឹង​ថា យើង​កើត​មក​ពី​ព្រះ‌ជា‌ម្ចាស់ រីឯ​មនុស្ស​លោក​ទាំង​មូល​ស្ថិត​នៅ​ក្រោម​អំណាច​របស់​មារ​កំណាច។ 20យើង​ក៏​ដឹង​ដែរ​ថា ព្រះ‌បុត្រា​របស់​ព្រះ‌ជា‌ម្ចាស់​បាន​យាង​មក ព្រះអង្គ​ប្រទាន​ប្រាជ្ញា​ឲ្យ​យើង​ស្គាល់​ព្រះ​ដ៏​ពិត​ប្រាកដ ហើយ​យើង​ក៏​ស្ថិត​នៅ​ក្នុង​ព្រះ​ដ៏​ពិត​ប្រាកដ ដោយ​រួម​ក្នុង​អង្គ​ព្រះ‌យេស៊ូ‌គ្រិស្ត* ជា​ព្រះ‌បុត្រា​របស់​ព្រះអង្គ គឺ​ព្រះអង្គ​ហើយ​ដែល​ជា​ព្រះ‌ជា‌ម្ចាស់​ដ៏​ពិត​ប្រាកដ ព្រះអង្គ​ជា​ជីវិត​អស់‌កល្ប​ជានិច្ច។
21កូន​ចៅ​អើយ ចូរ​ចៀស​ឲ្យ​ផុត​ពី​ការ​គោរព​ព្រះ​ក្លែង‌ក្លាយ។

ទើបបានជ្រើសរើសហើយ៖

១ យ៉ូហាន 5: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ