១ យ៉ូហាន 2:22-29

១ យ៉ូហាន 2:22-29 គខប

តើ​នរណា​ជា​អ្នក​កុហក? គឺ​គ្មាន​នរណា​ក្រៅ​ពី​អ្នក​ដែល​បដិសេធ​មិន​ទទួល​ស្គាល់​ព្រះ‌យេស៊ូ ថា​ជា​ព្រះ‌គ្រិស្ត*​នោះ​ឡើយ។ អ្នក​ណា​បដិសេធ​មិន​ទទួល​ស្គាល់ ទាំង​ព្រះ‌បិតា ទាំង​ព្រះ‌បុត្រា គឺ​អ្នក​នោះ​ហើយ​ជា​មេ​ប្រឆាំង*​ព្រះ‌គ្រិស្ត។ អ្នក​ណា​មិន​ទទួល​ស្គាល់​ព្រះ‌បុត្រា អ្នក​នោះ​ក៏​គ្មាន​ព្រះ‌បិតា​គង់​ជា​មួយ​ដែរ រីឯ​អ្នក​ដែល​ទទួល​ស្គាល់​ព្រះ‌បុត្រា ទើប​មាន​ព្រះ‌បិតា​គង់​ជា​មួយ។ ចំពោះ​អ្នក​រាល់​គ្នា​វិញ ចូរ​ទុក​ឲ្យ​សេចក្ដី​ដែល​អ្នក​រាល់​គ្នា​ធ្លាប់​បាន​ឮ តាំង​ពី​ដើម​ដំបូង​រៀង​មក ស្ថិត​នៅ​ជាប់​នឹង​អ្នក​រាល់​គ្នា​ចុះ។ ប្រសិន​បើ​សេចក្ដី​ដែល​អ្នក​រាល់​គ្នា​បាន​ឮ​តាំង​ពី​ដើម​ដំបូង​រៀង​មក ស្ថិត​នៅ​ជាប់​នឹង​អ្នក​រាល់​គ្នា​មែន នោះ​អ្នក​រាល់​គ្នា​ក៏​ស្ថិត​នៅ​ជាប់​នឹង​ព្រះ‌បុត្រា និង​ព្រះ‌បិតា​ដែរ។ រីឯ​ព្រះ‌បន្ទូល​ដែល​ព្រះអង្គ​បាន​សន្យា​ជា​មួយ​យើង​នោះ គឺ​ព្រះអង្គ​ប្រទាន​ជីវិត​អស់‌កល្ប​ជានិច្ច​មក​យើង។ ខ្ញុំ​សរសេរ​មក​អ្នក​រាល់​គ្នា​ស្ដី​អំពី​ពួក​អ្នក ដែល​បាន​មក​បញ្ឆោត​អ្នក​រាល់​គ្នា​ឲ្យ​វង្វេង។ ព្រះ‌វិញ្ញាណ​ដែល​ព្រះ‌អម្ចាស់​ប្រទាន​មក​អ្នក​រាល់​គ្នា ព្រះអង្គ​គង់​នៅ​ក្នុង​អ្នក​រាល់​គ្នា​ស្រាប់​ហើយ ហេតុ​នេះ អ្នក​រាល់​គ្នា​មិន​ត្រូវ​ការ​ឲ្យ​នរណា​មក​បង្រៀន​អ្នក​រាល់​គ្នា​ឡើយ។ បើ​ព្រះ‌វិញ្ញាណ​បង្រៀន​គ្រប់​សេចក្ដី​ដល់​អ្នក​រាល់​គ្នា (ព្រះអង្គ​មិន​កុហក​ទេ ព្រះអង្គ​ជា​សេចក្ដី​ពិត) ដូច្នេះ អ្នក​រាល់​គ្នា​ស្ថិត​នៅ​ជាប់​នឹង​ព្រះ‌គ្រិស្ត*​ដូច​ព្រះ‌វិញ្ញាណ​បាន​បង្រៀន​អ្នក​រាល់​គ្នា​ស្រាប់​ហើយ។ ឥឡូវ​នេះ កូន​ចៅ​ទាំង‌ឡាយ​អើយ ចូរ​ស្ថិត​នៅ​ជាប់​នឹង​ព្រះ‌យេស៊ូ​ចុះ ដើម្បី​ឲ្យ​យើង​មាន​ចិត្ត​រឹង‌ប៉ឹង នៅ​ថ្ងៃ​ដែល​ព្រះអង្គ​យាង​មក​យ៉ាង​រុង​រឿង ហើយ​ពេល​ព្រះអង្គ​យាង​មក​នោះ យើង​នឹង​មិន​ត្រូវ​អៀន​ខ្មាស​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះអង្គ​ឡើយ។ អ្នក​រាល់​គ្នា​ដឹង​ស្រាប់​ហើយ​ថា ព្រះអង្គ​សុចរិត ហេតុ​នេះ ចូរ​អ្នក​រាល់​គ្នា​ដឹង​ដែរ​ថា អស់​អ្នក​ដែល​ប្រព្រឹត្ត​តាម​សេចក្ដី​សុចរិត សុទ្ធ​តែ​កើត​មក​ពី​ព្រះអង្គ​ទាំង​អស់។