១ យ៉ូហាន 2:1-11

១ យ៉ូហាន 2:1-11 គខប

ម្នាល​កូន​ចៅ​ទាំង‌ឡាយ​អើយ ខ្ញុំ​សរសេរ​សេចក្ដី​ទាំង​នេះ​មក​អ្នក​រាល់​គ្នា ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​អំពើ​បាប។ ប៉ុន្តែ ប្រសិន​បើ​មាន​នរណា​ម្នាក់​ប្រព្រឹត្ត​អំពើ​បាប យើង​មាន​ព្រះ​ដ៏​ជួយ​ការពារមួយ​ព្រះអង្គ គង់​នៅ​ទល់​មុខ​ព្រះ‌បិតា គឺ​ព្រះ‌យេស៊ូ​គ្រិស្ត​ដ៏​សុចរិត។ ព្រះអង្គ​បាន​បូជា​ព្រះ‌ជន្ម ដើម្បី​លោះ​យើង​ឲ្យ​រួច​ពី​បាប ហើយ​មិន​ត្រឹម​តែ​លោះ​យើង​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​លោះ​មនុស្ស​លោក​ទាំង​មូល​ផង​ដែរ។ ប្រសិន​បើ​យើង​កាន់​តាម​បទ‌បញ្ជា​របស់​ព្រះអង្គ នោះ​ទើប​យើង​ដឹង​ថា យើង​បាន​ស្គាល់ព្រះអង្គ​មែន។ អ្នក​ណា​ពោល​ថា «ខ្ញុំ​ស្គាល់​ព្រះអង្គ​ហើយ» តែ​មិន​កាន់​តាម​បទ‌បញ្ជា​របស់​ព្រះអង្គ អ្នក​នោះ​និយាយ​កុហក ហើយ​សេចក្ដី​ពិត​មិន​ស្ថិត​នៅ​ក្នុង​ខ្លួន​គេ​ទេ។ រីឯ​អ្នក​ដែល​កាន់​តាម​ព្រះ‌បន្ទូល​របស់​ព្រះអង្គ សេចក្ដី​ស្រឡាញ់​របស់​ព្រះ‌ជា‌ម្ចាស់​ពិត​ជា​ស្ថិត​នៅ​ក្នុង​អ្នក​នោះ គ្រប់​លក្ខណៈ​មែន។ យើង​អាច​ដឹង​ថា យើង​ពិត​ជា​ស្ថិត​នៅ​ក្នុង​ព្រះអង្គ​ដោយ​សេចក្ដី​នេះ គឺ​អ្នក​ណា​អះ‌អាង​ថា​ខ្លួន​ស្ថិត​នៅ​ក្នុង​ព្រះអង្គ អ្នក​នោះ​ត្រូវ​តែ​រស់​នៅ​តាម​របៀប​ដូច​ព្រះ‌អម្ចាស់​ធ្លាប់​រស់​ដែរ។ កូន​ចៅ​ជា​ទី​ស្រឡាញ់​អើយ ខ្ញុំ​មិន​សរសេរ​បទ‌បញ្ជា*​ថ្មី​ណា​មួយ​មក​ជូន​អ្នក​រាល់​គ្នា​ឡើយ គឺ​ខ្ញុំ​សរសេរ​បទ‌បញ្ជា​ចាស់ ជា​បទ‌បញ្ជា​ដែល​អ្នក​រាល់​គ្នា​បាន​ទទួល តាំង​ពី​ដើម​រៀង​មក។ បទ‌បញ្ជា*​ចាស់​នេះ​ជា​ព្រះ‌បន្ទូល ដែល​អ្នក​រាល់​គ្នា​ធ្លាប់​បាន​ឮ​រួច​មក​ហើយ។ យ៉ាង​ណា‌មិញ បទ‌បញ្ជា​ថ្មី​ដែល​ខ្ញុំ​សរសេរ​មក​អ្នក​រាល់​គ្នា ពិត​ជា​ថ្មី​ក្នុង​អង្គ​ព្រះ‌គ្រិស្ត* និង​ក្នុង​អ្នក​រាល់​គ្នា ដ្បិត​សេចក្ដី​ងងឹត​កំពុង​តែ​រសាត់​បាត់​ទៅ រីឯ​ពន្លឺ​ដ៏​ពិត​ប្រាកដ​បាន​ភ្លឺ​ឡើង​ហើយ។ អ្នក​ណា​អះ‌អាង​ថា​ខ្លួន​ស្ថិត​នៅ​ក្នុង​ពន្លឺ តែ​ស្អប់​បងប្អូន អ្នក​នោះ​ស្ថិត​នៅ​ក្នុង​សេចក្ដី​ងងឹត​នៅ​ឡើយ។ អ្នក​ណា​ស្រឡាញ់​បងប្អូន អ្នក​នោះ​ស្ថិត​នៅ​ក្នុង​ពន្លឺ ហើយ​គ្មាន​អ្វី​ធ្វើ​ឲ្យ​គាត់​រវាត​ចិត្ត​ចេញ​ពី​ជំនឿ​ឡើយ។ រីឯ​អ្នក​ណា​ស្អប់​បងប្អូន អ្នក​នោះ​ស្ថិត​នៅ​ក្នុង​សេចក្ដី​ងងឹត គេ​រស់​ក្នុង​សេចក្ដី​ងងឹត ទាំង​ពុំ​ដឹង​ថា​ខ្លួន​កំពុង​ទៅ​ណា​ផង ព្រោះ​សេចក្ដី​ងងឹត​បាន​ធ្វើ​ឲ្យ​ភ្នែក​របស់​គេ​ទៅ​ជា​ខ្វាក់។